ភ្នំពេញ៖ ម្ចាស់មេដាយមាសពិភពលោក៣ជំនាន់ផ្នែកប៉េតង់កម្ពុជា និងកីឡាករ-កីឡាការិនីមួយចំនួនទៀតនឹងចូលរួមប្រកួតដណ្តើមពានរង្វាន់ជ្រើសរើសជើងឯកកីឡាប៉េតងទ្វីបអាស៊ីនៅប្រទេសម៉ាឡេស៊ីនៅសប្តាហ៍ក្រោយនេះ។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)នឹងបញ្ជូនកីឡាការិនី-កីឡាករប៉េតង់ចំនួន៨រូប ទៅចូលរួមប្រកួតដណ្តើមពានរង្វាន់ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកប៉េតង់ទ្វីបអាស៊ីនៅប្រទេសម៉ាឡេស៊ី។
ព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាប៉េតង់នឹងចាប់ផ្តើមនៅថ្ងៃទី ១៣ ដល់ ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៨។
សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ឲ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបញ្ជូនកីឡាការិនីប៉េតង់ ៤រូប និង កីឡាករជាក្រុមយុវជន ៤ រូប ទៅប្រកួតដណ្តើមជើងឯកកីឡាប៉េតង់ទ្វីបអាស៊ីនេះ។
លោក សុខ ម៉ុង គ្រូបង្វឹកកីឡាការិនីផ្នែកប៉េតង់ បញ្ជាក់ថា ម្ចាស់មេដាយមាសពិភពលោកបីជំនាន់ កីឡាការិនី កែ ឡេង នឹងចូលរួមប្រកួតកីឡាប៉េតង់ជើងឯកទ្វីបអាស៊ីនេះ ហើយក៏មានកីឡាការិនី ស្រ៊ាង សុរ៉ាឃីម កីឡាការិនី អ៊ុន ស្រីយ៉ា និងកីឡាការិនី ឌួង ឌីណា។
លោក សុខ ម៉ុង បញ្ជាក់ថា ក្រុមកីឡាការិនីផ្នែកប៉េតង់កម្ពុជានឹងប្រកួតលើវិញ្ញាសារចំនួនពីរគឺ វិញ្ញាសារវាយយកពិន្ទុនិងវិញ្ញាសារវាយបីនាក់ទល់បីនាក់។ រីឯកីឡាករយុវជនផ្នែកប៉េតង់នឹង ចូលរួមប្រកួតមានកីឡាករ ឃួន លីហ៊ កីឡាករ កុយ សុភក្ត្រា កីឡាករ ភាព វ៉ា ឃីម និង កីឡាករ កៅ ភក្ត្រី។ ក្រុមកីឡាករនេះប្រកួតលើវិញ្ញាសារវាយយក ពិន្ទុនិងវិញ្ញាសារវាយ បីនាក់ទល់បីនាក់ផ្នែកបុរស។ នេះបើតាម លោក អ៊ុក យ៉ារី គ្រូបង្វឹកយុវជន។
យ៉ាងតិចកីឡាករ ១០ ប្រទេសនៅតំបន់អាស៊ី នឹងចូលរួមប្រកួតដណ្តើមជើងឯកកីឡាប៉េតង់ដែលប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះនៅឆ្នាំនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាប្រាប់វិទ្យុស្ត្រីថា ក្រុមកីឡាការិនី-កីឡាករប៉េងតង់កម្ពុជានឹងចេញដំណើរទៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ១៤ ដើម្បីចូលរួមការប្រកួត«កីឡាប៉េតង់ជ្រើសរើសជើងឯកទ្វីបអាស៊ី»។ លោកថា កីឡាករ-កីឡាការិនីកម្ពុជានឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី ១៥ និង ១៦ ខែ កក្កដានេះ។
លោក វ៉ាន់ ចំរើន មានក្តីសង្ឃឹមថា កីឡាករប៉េតង់កម្ពុជានឹងឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡានេះ ដើម្បីជូនមាតុភូមិ។
លោក វ៉ាន់ចំរើន៖«យើងមានសង្ឃឹមច្រើននៅក្នុងការដណ្តើមមេដាយហើយ ចំពោះកីឡាប៉េតង់យើងធ្លាប់មានសក្តានុពលរួចហើយ អញ្ចឹងយើងទៅប្រកួតនេះយើងនឹងសង្ឃឹមថាអាចដណ្តើមមេដាយក្នុងការចូលរួមប្រកួតលើកនេះ តើមេដាយបានប៉ុន្មាន មានមេដាយអ្វីខ្លះ យើងចាំប្រកួតហើយ ចាំយើងរាប់។»
ប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់ «ជ្រើសរើសជើងឯកកីឡាប៉េតង់ទ្វីបអាស៊ីលើកទី២ ឆ្នាំ ២០១៨»។ កាលពីឆ្នាំ ២០១៧ ប្រទេសថៃជាម្ចាស់ផ្ទះ។
កីឡាការិនី កែ ឡេង ជាម្ចាស់មេដាមាសពិពភលោកបីជំនាន់នៅឆ្នាំ ២០១៣ ២០១៥ និង លើកចុងក្រោយ វីរៈកីឡាការិនី កែ ឡេង បានចាប់ដៃគូជាមួយកីឡាការិនី អ៊ុក ស្រីមុំ វាយឈ្នះកីឡាការិនីថៃក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមបានមេដាយមមាសពិពភលោកក្នុងការប្រកួតដណ្តើមជើង«កីឡាប៉េតង់ស្ត្រីពិពភលោក» នៅទីក្រុង ខាយហ៊រ (Kaihua) ប្រទេសចិន កាលពីថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៧៕