ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនស្ត្រីស៊ីឈ្នួលពពោះដោយដាក់ស្ថិតក្នុងពន្ធនាគារព្រៃសបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី ៥ ខែ កក្កដា ម្សិលមិញ។
អាជ្ញាធររកឃើញស្រ្តីមានផ្ទៃពោះចំនួន ៣៣ នាក់ នៅទីតំាងស៊ីឈ្នួលខុសច្បាប់នៅខណ្ឌឬស្សីកែវ
លោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្នស្ត្រីខ្មែរស៊ីឈ្នួលពពោះជំនួយ ៣៣ នាក់ ឲ្យជនជាតិចិន។ ប៉ុន្តែស្ត្រីពពោះជំនួសទាំងនោះត្រូវឃុំខ្លួនក្នុងមន្ទីរពេទ្យមួយនៅរាជធានីភ្នំពេញ ដើម្បីតាមដានសុខភាពទារក និងម្តាយ។
ក្នុងសំណុំរឿងពពោះជំនួសនេះ កាលពីចុងខែ មិថុនា តុលាការសម្រេចឃុំខ្លួនជនសង្ស័យ ៥ នាក់ ទៀតគឺជនជាតិចិនម្នាក់ និងជនជាតិខ្មែរ ៤នាក់ ក្រោមបទចោទដូចគ្នានេះ។
ជនសង្ស័យជនជាតិចិនម្នាក់ និងគូកនជាជនជាតិខ្មែរ ៤នាក់ទៀត រួមទាំងស្ត្រីខ្មែរពពោះទាំងនោះត្រូវបានចៅក្រមស៊ើបសួរចោទប្រកាន់ពីបទ«ជួញដូរមនុស្សដោយឆ្លងដែន» និង«អន្តរការីរវាងអ្នកសុំកូន និងស្ត្រីពពោះ» តាមមាត្រា ១៦ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងការពារអនីតិជន និងមាត្រា ៣៣ នៃក្រមព្រហ្មទណ្ឌ។
ចាប់តាំងពីឆ្នាំ ២០១៦ អាជ្ញាធររកឃើញស្រី្តខ្មែរស៊ីឈ្នួលពពោះជំនួសប្រមាណ ៣០ នាក់ ប៉ុន្តែស្ត្រីពពោះទាំងនោះក្រសួងមហាផ្ទៃដោះស្រាយរួចរាល់ហើយ។
នៅឆ្នាំ ២០១៦ តុលាការផ្តន្ទាទោសស្ត្រីជនជាតិអូស្ត្រាលីម្នាក់ និងពលរដ្ឋខ្មែរ២នាក់ ដាក់ពន្ធនាគាររយៈពេល ១៨ ខែ ពាក់ព័ន្ធបើកក្លីនិចផ្តល់សេវាពពោះជំនួស៕