ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍អាស៊ី(ADB) សម្រេចអនុម័តប្រាក់កម្ចី ៩០ លានដុល្លារអាមេរិក ដើម្បីជួយកម្ពុជាក្នុងការពង្រឹងភាពធន់នឹងអាកាសធាតុ និងធ្វើទំនើបកម្មវិស័យកសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។
តាមសេចក្ដីប្រកាសព័ត៌មាន របស់ ធនាគារអភិវឌ្ឍន៍អាស៊ី គម្រោងខ្សែសង្វាក់ផលិតកម្មកសិពាណិជ្ជកម្មដែលមានលក្ខណៈអំណោយផលដល់អាកាសធាតុ ហើយក៏ទទួលបានជំនួយពីកម្ចីបន្ថែមចំនួន ១០ លានដុល្លារ និងជំនួយឥតសំណងចំនួន ៣០ លានដុល្លារពីមូលនិធិអាកាសធាតុបៃតង (GCF) ដែលគំរោងទាំងនេះនឹងត្រូវគ្រប់គ្រងដោយ ADB ។
គម្រោងទី១នេះ ត្រូវបានអនុវត្តក្រោយពីអនុម័តយុទ្ធសាស្ត្រក្នុងការលើកកម្ពស់ខ្សែសង្វាក់ សុវត្ថិភាព និងបរិស្ថានអំណោយផលនៃផែនការសកម្មភាពមហាអនុតំបន់ទន្លេមេគង្គ(GMS) និងផែនការសៀមរាប ឆ្នាំ ២០១៨ - ២០២២។
គម្រោងនេះត្រូវគេរំពឹងថានឹងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការនិងពាណិជ្ជកម្មក្នុងតំបន់មហាអនុតំបន់ទន្លេមេគង្គ ស្របពេលដែលធនាគារអភិវឌ្ឍន៍អាស៊ីបញ្ចូលបច្ចេកវិទ្យាទំនើបនៅក្នុងគម្រោងអភិវឌ្ឍន៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
វិស័យឧស្សាហកម្មកម្ពុជាមានប្រហែល ៣៣.៧ ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ ទោះបីយ៉ាងណាក៏ដោយ វិស័យនេះនៅមានបញ្ហាប្រឈមដោយសារហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ គោលនយោបាយកសិកម្មទន់ខ្សោយដោយសារពាក់ព័ន្ធកសិពាណិជ្ជកម្ម និងទប់ស្កាតការបម្រែបម្រួលអាកាសធាតុ ពិសេសក្នុងការដោះស្រាយបញ្ហាទឹកជំនន់ និងគ្រោះរាំងស្ងួត។
គម្រោងនេះនឹងជួយលើកកម្ពស់ភាពធន់នឹងអាកាសធាតុនៃហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងជួយបង្កើនការប្រកួតប្រជែងខ្សែសង្វាក់ផលិតកម្ម ស្រូវ ពោត ដំឡូងមី និងស្វាយនៅក្នុងប្រទេសកម្ពុជា។
គម្រោងនេះជួយស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ការកែលំអហេដ្ឋារចនាសម្ព័ន្ធខ្សែសង្វាក់ តម្លៃដំណាំកសិកម្ម ការធ្វើឱ្យប្រសើរឡើងនៃផ្លូវពីកសិដ្ឋានទៅផ្សារ និងការលើកកម្ពស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។
ប្រាក់កម្ចីសរុបគម្រោងនេះមានចំនួន ១៤១,០៤ លានដុល្លារអាមេរិកជាមួយរដ្ឋាភិបាលកម្ពុជា និង អ្នកទទួលផលសរុប ១១,០៤ លានដុល្លារ ដែលគេរំពឹងថាបញ្ចប់នៅត្រីមាសទី ៣ ឆ្នាំ ២០២៤៕