ថ្លែងក្នុងសិក្ខាសាលាស្តីពី «សេរីភាពអ៊ីនធឺណេតនៅកម្ពុជា» នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥នេះ នាយិកាប្រតិបត្តិ អង្គការវិទ្យាស្ថានបើកទូលាយ និងតំណាងអង្គការធ្វើការលើវិស័យបច្ចេកវិទ្យា សារគមនាគមន៍ និងព័ត៌មានវិទ្យាសម្រាប់ការអភិវឌ្ឍន៍ លោកស្រីជឺម មាណវី មានប្រសាសន៍ថា ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត មានទាំងផលប្រយោជន៍ និងផលប៉ះពាល់ ហើយអ្នកដែលរងផលប៉ះពាល់ជាងគេគឺស្ត្រី ។ លោកស្រីថា ក្នុងនាមជាអ្នកប្រើប្រព័ន្ធអ៊ីនធឺណេត លោកស្រីចង់បានច្បាប់មួយដែលការពារអ្នកប្រើប្រាស់ ជាពិសេសការពារ ការលួចចូលទិន្នន័យរបស់អ្នកប្រើ។
ឆ្លើយតបបញ្ហានេះ មន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា ក្រសួងមិនបានចាត់ទុកច្បាប់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែត ជាច្បាប់អាទិភាពទេ ដោយក្រសួងមានច្បាប់ដទៃទៀត ដែលសំខាន់ជាងច្បាប់នេះ ក្នុងការរៀបចំតាក់តែង ។
លោកស៊ិន រ៉ាពីដ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាស្ថានជាតិប្រៃសណីយ៍ និងគមនាគមន៍ បានឱ្យដឹងថា រហូតមកដល់ពេលនេះ ច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេត ដែលសង្គមស៊ីវិលតែងតែសម្តែងការព្រួយបារម្ភនោះ ក្រសួងប្រៃសណីយ៍ និងគមនាគមន៍ មិនទាន់បានរៀបចំ និងផ្តួចផ្តើមធ្វើសេចក្តីព្រាងនៅឡើយទេ។
បើទោះបីជាច្បាប់ឧក្រិដ្ឋកម្មអ៊ីនធឺណែត មិនស្ថិតក្នុងរបៀបវារៈដែលនឹង ត្រូវធ្វើសេចក្ដីព្រាងក៏ដោយ ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ នាយកដ្ឋានថ្មីមួយដែលមានឈ្មោះថា នាយកដ្ឋានប្រឆាំងបទល្មើសតាមបច្ចេកវិទ្យា ត្រូវបានក្រសួងមហាផ្ទៃបង្កើតឡើង។ នាយកដ្ឋានថ្មីដែលទើបនឹងបង្កើតនេះ ត្រូវបានមន្ត្រីសង្គមស៊ីវិលសម្តែងព្រួយបារម្ភខ្លាចក្រែងមានការអនុវត្តច្បាប់មិនស្នើរគ្នារវាង អ្នកដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល និងអ្នកគាំទ្ររដ្ឋាភិបាល។
ប្រធានគម្រោងអភិបាលកិច្ចល្អ នៃក្រសួងមហាផ្ទៃ លោកប៊ុត ជិ មានប្រសាសន៍ក្នុងសិក្ខាសាលានោះដែរថា ជាជំហររបស់ក្រសួងមហាផ្ទៃ គឺចង់បានការអនុវត្តស្នើគ្នា ប៉ុន្តែវាអាស្រ័យទៅលើករណីខ្លះ ក្រសួងមានសមត្ថភាព និងករណីខ្លះទៀតក្រសួងគ្មានសមត្ថភាព ។ លោកបន្តថា លោកទទួលស្គាល់ថា ការអនុវត្តរបស់ក្រសួងមហាផ្ទៃនៅក្នុងកម្រិតតបច្ចេកវិទ្យានៅមានកម្រិតនៅឡើយ។
ទាក់ទងនឹងការព្រួយបារម្ភរបស់អង្គការខាងលើ អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់នៃសមាគមអាដហុក លោក ណៃ វ៉ង់ដា បានថ្លែងយ៉ាងដូច្នេះដែរថា បើទោះបីជាច្បាប់នេះមិនទាន់លេចចេញជារូបរាងក៏ដោយ ក៏ប៉ុន្តែអ្វីដែលសង្គមស៊ីវិលតែងតែមានការព្រួយបារម្ភនោះ គឺខ្លាចក្រែងមាត្រាមួយចំនួន ចែងមកគ្មានភាពច្បាស់លាស់ ដែលធ្វើឱ្យមានការពិបាកក្នុងការអនុវត្តនូវសេរីភាព និងការគោរពសិទ្ធិមនុស្ស។
លោកបន្តថា លោកចង់ឱ្យច្បាប់នេះ កើតឡើងផ្តោតតែទៅលើបទល្មើស នៅលើប្រព័ន្ធអ៊ីនធឺណែត ដូចជាការចាប់ជំរិតទាប្រាក់តាមអនឡាញ សកម្មភាពឧក្រិដ្ឋកម្មតាមរយៈអ៊ីនធឺណែត ឬការបរិហារកេរ្តិ៍តាមអនឡាញប៉ុណ្ណោះ។
គួររម្លឹកថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២១៥កន្លងទៅនេះ អង្គការក្រៅរដ្ឋាភិបាល ដែលមានវត្តមាននៅក្នុងស្រុកចំនួន១៩អង្គការ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ដោយស្នើឲ្យរដ្ឋាភិបាល បញ្ចូលគោលការណ៍៩ចំណុចទៅក្នុងច្បាប់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែតនេះ។ ការចេញសេចក្ដីថ្លែងការណ៍នោះធ្វើឡើង ក្នុងបំណងស្នើឲ្យរដ្ឋាភិបាល បញ្ចូលគោលការណ៍ នៃសិទ្ធិដែលខ្លួនបានពិភាក្សាចប់សព្វគ្រប់នោះ ទៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែត ដោយធ្វើយ៉ាងណាឲ្យច្បាប់នោះ ចូលរួមការពារការបញ្ចេញមតិ របស់សាធារជន ច្រើនជាងការចាប់ ដាក់ទោស៕