ភ្នំពេញ ៖ នៅវេលាពេលព្រឹកម៉ោងជាង ៦ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ មានហេតុការណ៍ក្រឡាប់រថយន្ដដឹកកម្មករ មួយគ្រឿបានកើតឡើងបណ្ដាលឲ្យកម្មករ កម្មការិនី ជាង ៥០នាក់រងរបួសធ្ងន់ស្រាល។ នេះបើយោងតាមទំព័រហ្វេសប៊ុក មន្ដ្រីនាំពាក្យ បេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស)។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ភូមិកំណត់ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។ កម្មករ ដែលជិះលើរថយន្ដនេះ មានចំនួនពី ៥០-៦០នាក់។ តាមរបាយការណ៍របស់បេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) មានកម្មករចំនួន ១៧នាក់រងរបួសធ្ងន់ និង ៣៤នាក់ផ្សេងទៀតរងរបួសស្រាល។
មូលហេតុដែលបណ្ដាលឲ្យរថយន្ដដឹកកម្មករក្រឡាប់ ពីព្រោះតែអ្នកបើករថយន្ដនេះ បានបើកវ៉ាជែងរថយន្ដមួយផ្សេងទៀត ហើយបានទាញចង្កូតខ្លាំងពេក ក៏បណ្ដាលឲ្យរថយន្ដដែលពេញទៅមនុស្សជិត ៦០នាក់នេះក្រឡាប់តែម្ដង។ ក្រោយកើតហេតុភ្លាមៗ អាជ្ញាធរបានបញ្ជូនជនរងគ្រោះចំនួន ២៩នាក់ទៅព្យាបាលនៅមណ្ឌលសុខភាពត្រាំខ្នារ ហើយ ២១នាក់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ និងកម្មករម្នាក់ទៀត ត្រូវបញ្ជូនទៅព្យាបាលនៅ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺមូលមិត្ដដើមរកា។
កម្មករ កម្មការិនី ដែលជួបគ្រោះថ្នាក់ចរាចរណ៍ទាំងអស់នេះ នឹងទទួលបានការចេញថ្លៃសេវាព្យាបាល រហូតដល់ជាសះស្បើយ ស្របទៅតាមគោលការណ៍ ពីបេឡាជាតិរបបសន្ដិសុខសង្គម។ ជាមយយគ្នានេះ បេឡាជាតិរបបសន្ដិសុខសង្គម ក៏ក្រើនរំឮកផងដែរដល់អ្នកបើកបររថយន្ដដឹកកម្មករទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងត្រូវត្រួតពិនិត្យយានយន្ដរបស់ខ្លួនឲ្យបានជាប្រចាំ ព្រមទាំងគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្កាគ្រោះថ្នាក់នានា៕