en     km
en     km

សម្ដេច ហ៊ុន សែន ចេញសារ ៩ចំណុចសម្រាប់រោងចក្រអនុវត្ត(មានសំឡេង)

Share

កណ្ដាល៖ សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែនចង់ឱ្យរោងចក្រវិនិយោគទាំងអស់នៅកម្ពុជាក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុកជាផ្លូវការរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន នៅថ្ងៃទី ៤ កក្កដា។

លោក រឿន ឬទី្ធ រាយការណ៍៖

 

ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី មកពីរោងចក្រចំនួន១៨ នៅក្នុងខេត្តកណ្តាល នៅថ្ងៃនេះ សម្ដេច ហ៊ុន សែន បានបង្ហាញគោលបំណងចង់ឱ្យរោងចក្រទាំងអស់នៅកម្ពុជារួបរួមគ្នាជាសហគមន៍មួយសុខសាន្ត។

សម្តេចនាយករដ្ឋមន្ត្រី បន្ថែមថា ម្ចាស់រោងចក្រនីមួយៗ ត្រូវមានការ គោរពស្រលាញ់គិតគូ និងយកចិត្តទុក្ខដាក់ឲ្យបានដិតដល់ចំពោះកម្មករ និងខិតខំកសាងបន្ថែមនូវអ្វីដែលខ្វះខាតនៅតាមរោងចក្រខ្លួនដូចជា គិលានដ្ឋាន កន្លែងទ​ទួលទានអាហារជាដើម។ យ៉ាងណាក្ដី កម្មករ និងកម្មការនីវិញ ក៏ត្រូវបំពេញតួនាទីការងារឲ្យបានល្អប្រសើរ ដើម្បីជាការពង្រឹងសាមគ្គីរវាងនិយោជក និងនិយោជិត។

យ៉ាងណាមិញ សម្ដេចក៏បានដាក់ចេញនូវលក្ខខ័ណ្ឌមួយចំនួនសម្រាប់រោងចក្រនីមួយៗអនុវត្តផងដែរគឺ៖

១‑អនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។

២‑ចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ លើការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្មការិនីរោងចក្រ។

៣‑ស្រ្តីសំរាលកូននឹងអាចឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ)។

៤‑ចំពោះកម្មការិនីដែលសម្រាលបានកូនមួយ គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះពីរ គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូនបីគឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។

៥‑ត្រូវអនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

៦‑ត្រូវតទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការិនី​មិនត្រូវតំឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។

៧‑ចាប់ពីឆ្នាំ ២០១៩ កម្មករ កម្មការនី និងទទួលបានប្រាក់ ចូលនិវត្តន៍។

៨‑ដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេស ពោលជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូវច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារល្អប្រសើរ។

៩‑ក្រសួងការងារត្រូវដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករ នៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ ប្រាក់ឈ្នួលជាបន្ទាន់ដល់កម្មករ កម្មការិនីដែលបានធ្វើការ ក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយ រកការងារធ្វើដល់កម្មករ កម្មការិនីអោយបានឆាប់បំផុត៕ 

Share

ព័ត៌មានទាក់ទង

Image