ភ្នំពេញ៖ ក្រសួងព័ត៌មានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រើប្រាស់បណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលធ្វើការចែកចាយ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនាំឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត និងសណ្តាបធ្នាប់សាធារណៈ។
នៅក្នុងកម្មវិធីសិក្ខាសាលានៅក្រសួងព័ត៌មាន នៅព្រឹកថ្ងៃ ពុធ ទី ៤ កក្កដា នេះ ក្រសួងព័ត៌មានបានប្រកាសដាក់អនុវត្តសេចក្ដីប្រកាសអន្តរក្រសួងស្តីពី«ការគ្រប់គ្រងការផ្សព្វផ្សាយតាមគេទំព័រនិងបណ្តាញទំនាក់ទំនងសង្គមដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិត» លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោទស្សន៍ ថ្លែងថា ក្រសួងពាក់ព័ន្ធនឹងចាប់ផ្តើមចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រើប្រាស់បណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលផលិតព័ត៌មាន ឬចែកចាយព័ត៌មានក្លែងក្លាយនាំឲ្យប៉ះពាល់ដល់សង្គមជាតិ។
លោក ថ្លែងបន្តថា បញ្ហាចំបងដែលក្រសួងព័ត៌មាននឹងធ្វើការតាមដានទៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយដែលផ្សាយព័ត៌មានគឺព័ត៌មានមិនពិតទាក់ទងដំណើរការបោះឆ្នោត និងបណ្តាបធ្នាប់សាធារណៈ។
លោក ផុស សុវណ្ណ ៖ «ក្រសួងបានចាប់អារម្មណ៍ធ្វើការលើអ្វីបញ្ហាចោទមកអនុវត្តន៍មុនគេបំផុតនោះគឺធ្វើម្តេចទាក់ទងដំណើរការបោះឆ្នោតពីព្រោះអាចថាអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត គ.ជ.ប តែងតែទាមទារការសហការណ៍យ៉ាងពេញលេញបំផុតពីក្រសួងព័ត៌មាន។ ប៉ុន្តែជំហានបន្ទាប់ទៀតក្រសួងព័ត៌មានក៏ធ្វើគ្រប់វិធានការនឹងដែរជាមួយ ទាក់ទងផ្សព្វផ្សាយឱសថ»។
លោក អះអាងថា ក្រសួងព័ត៌មាននឹងបញ្ជូនគណនីហ្វេសប៊ុក ឬគេហទំព័រទៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលចែកចាយខ្លឹមសារព័ត៌មានបង្កចលាចលប៉ះពាល់ដល់សង្គមជាតិ ដើម្បីចាត់ការតាមផ្លូវច្បាប់។ យ៉ាងណាក៏ដោយ លោកថា ប្រកាសនេះមិនបានរឹតត្បឹតសេរីភាពបញ្ចេញមតិនោះទេ តែជាលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិទៅវិញ។
លោក ផុស សុវណ្ណ លើកឡើងដូចនេះ បន្ទាប់ពីសគមន៍អន្តរជាតិសម្តែងការព្រួយបារម្ភចំពោះ ការបិទសិទ្ធិសេរីភាពបញ្ចេញមតិជាមូលដ្ឋាន នៅមុនពេលដំណើការបោះឆ្នោតនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៩ ខែ កក្កដា ខាងមុខនេះ។
ក្នុងប្រកាសអន្តរក្រសួងគឺមានក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមាន១០ប្រការ ។ក្នុងនោះប្រការ២ ចែងថា ប្រកាសនេះមានគោលដៅប្រឆាំង ទប់ស្កាត់ រាលការផ្សព្វផ្សាយ ឬចែកចាយខ្លឹមសារព័ត៌មាន ឬសារជាអក្សរ សំឡេង រូបភាព វីដេអូ ឬទម្រង់ផ្សេងទៀត ដែលមានចេតនាបង្កជាចលាចលបណ្តាលឱ្យអន្តរាយដល់វិស័យការពារជាតិ សន្តិសុខជាតិ ទំនាក់ទំនងជាមួយប្រទេសដទៃ សេដ្ឋកិច្ចជាតិ សណ្តាប់ធ្នាប់សាធារណៈ ការរើសអើង និងវប្បធម៌ប្រពៃណីជាតិ។
តែជាមួយគ្នានេះក្រសួងព័ត៌មានក៏អំពាវនាវឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវគោរពតាមសេចក្តីប្រកាសនេះ៕