en     km
en     km

គ​.​ជ​.​ប​ ទាមទារ​ឲ្យ​អ្នក​ដែល​និយាយ​ថា​ ទឹកខ្មៅ​ ជ្រលក់​ហើយ​ស្លាប់​បង្ហាញ​ភស្ដុ​តាង​

Share

​ភ្នំពេញ​ ៖​ មន្ដ្រី​នាំពាក្យ​ គ​.​ជ​.​ប​ បាន​ទាមទារ​ឲ្យ​អ្នក​ផុស​ព័ត៌មាន​ ថា​ ទឹកខ្មៅ​ ជ្រលក់​ដៃ​ ដែល​ គ​.​ជ​.​ប​ ត្រៀម​សម្រាប់​ពេល​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ នីតិ​កាលពី​០៦​ ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​ នឹង​បណ្ដាល​ឲ្យ​ស្លាប់​ ចេញ​មុខ​មក​បង្ហាញ​ភស្ដុ​តាង​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ព័ត៌មាន​នេះ​ ៖​

 

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដី​ពី​ការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ នីតិកាល​ទី​០៦​ ឆ្នាំ​ ២០១៨​ និង​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ការ​ឃោសនាបោះឆ្នោត​ នៅ​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០១៨​នេះ​ មន្ដ្រី​នាំពាក្យ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ លោក​ ហង្ស​ ពុទ្ធា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​បញ្ចេញមតិ​ និង​ទស្សន​របស់​ខ្លួន​ស្រប​ទៅ​តាម​ច្បាប់​ ក៏​ប៉ុន្ដែ​បើ​ការ​បញ្ចេញមតិ​នោះ​ជ្រុស​ហួសហេតុ​ដែល​ប្រាស់ចាក​ពី​ច្បាប់​ ពួក​គេ​នឹង​មានទោស​។​

​ការ​បញ្ជាក់​របស់​មន្ដ្រី​នាំពាក្យ​ គ​.​ជ​.​ប​ ដូច្នេះ​គឺ​ឆ្លើយ​តប​ទៅ​ និង​ការ​ឃោសនា​របស់​អ្នកលេង​បណ្ដាញ​សង្គម​មួយ​ចំនួន​ដែល​និយាយ​អំពី​ទឹកខ្មៅ​ជ្រលក់​ដៃ​ ដែល​ត្រូវ​ប្រើ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ ថា​ មាន​ជាតិពុល​ ហើយនឹង​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ក្នុង​រយៈពេល​ ២៤​ម៉ោង​។​ លោក​ ហង្ស​ ពុទ្ធា​ បញ្ជាក់​ច្បាស់​ថា​ ការ​បង្កើត​ព័ត៌មាន​បែប​នេះ​ គឺ​មិនមែន​ជា​ការ​បញ្ចេញមតិ​នោះ​ទេ​ ប៉ុន្ដែ​វា​គឺជា​ការ​ញុះញង់​ និង​មាន​បំណង​រារាំង​ដល់​ដំណើរការ​បោះ​ឆ្នោត​។​

​លោក​ ហង្ស​ ពុទ្ធា​ ចាត់​ទុក​ថា​ អ្នក​បង្កើត​ព័ត៌មាន​នេះ​ឡើង​ គឺ​មាន​បំណង​ប្រមាថ​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ជា​ការ​បំផ្លាញ​កិត្ដិយស​របស់​ គ​.​ជ​.​ប​ ដែល​កំពុង​តែង​ខិតខំ​បំពេញ​តួនាទី​របស់​ខ្លួន​ស្រប​ទៅ​តាម​ច្បាប់​ ដោយ​អព្យាក្រឹត​ យុត្ដិធម៌​ និង​ត្រឹមត្រូវ​ ៖«​កាលណា​គាត់​ប្រើ​ភាសា​ហួសហេតុ​ពេក​បែប​ហ្នឹង​ គឺជា​ការ​ប្រមាថ​ មើលងាយ​ អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ គឺជា​ការ​បំផ្លាញ​កិត្ដិយស​របស់​ គ​.​ជ​.​ប​ ដែល​ គ​.​ជ​.​ប​ គឺជា​ស្ថាប័ន​មួយ​កំពុង​តែ​រៀបចំ​ទៅ​មាន​ភាព​រលូន​ល្អ​ប្រសើ​ហើយ​ តែ​បែរជា​បំផ្លាញ​ថា​ វា​ធ្វើ​ឲ្យ​ស្លាប់​ អ​ញ្ចឹ​ង​ចង់​ចោទ​វាយប្រហារ​មក​លើ​ គ​.​ជ​.​ប​ ថា​ មាន​គម្រោង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​អី​ជាដើម​ ត្រង់​ហ្នឹង​ក្នុង​នាម​ គ​.​ជ​.​ប​ មិន​អាច​ទទួលយក​បាន​ទេ​»​។​

​បន្ថែម​ពី​នេះ​មន្ដ្រី​នាំពាក្យ​ គ​.​ជ​.​ប​ ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​ ក្នុង​ករណី​ដែល​បានដឹង​ថា​ ន​ណា​ជា​អ្នក​បន្ដ​ចែកចាយ​ព័ត៌មាន​មិន​ពិត​នេះ​។​ មូលហេតុ​ដែល​ស្នើ​បែប​នេះ​ ពីព្រោះ​តែ​ គ​.​ជ​.​ប​ ចង់​ដឹង​ពី​ភស្ដុ​តាង​ដែល​អ្នក​ចែកចាយ​ព័ត៌មាន​នោះ​មាននៅ​ក្នុង​ដៃ​ ហើយ​បង្ហាញ​ជា​សាធារណៈ​។​ លោក​ ហង្ស​ ពុទ្ធា​ បន្ដ​ទៀត​ថា​ ប្រសិនបើ​ព័ត៌មាន​នេះ​ នៅ​តែ​បន្ដ​ចែកចាយ​ទោះ​តិច​ក្ដី​ ច្រើន​ក្ដី​ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹកចិត្ដ​ប្រជាពលរដ្ឋ​។​

​ពាក់ព័ន្ធ​ពាក្យ​ចចាមអារ៉ាម​ ទឹកខ្មៅ​ នេះ​ សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ បាន​បញ្ជាក់​ថា​ សមត្ថកិច្ច​កំពុង​តែ​តាម​រក​អ្នក​ដែល​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​នេះ​ ដើម្បី​យក​មក​ផ្ដន្ទាទោស​ ព្រោះ​ជន​នោះ​គឺ​មាន​បំ​ណ​ទុច្ចរិត​ចង់​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម​។​

​គួរ​ជម្រាប​ថា​ បើ​យោង​តាម​មាត្រា​ ១៤២​ នៃ​ច្បាប់​ស្ដី​ពី​បទបញ្ជា​ និង​នីតិវិធី​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ នីតិកាល​ទី​ ០៦​ ឆ្នាំ​២០១៨​ បាន​ចែង​ថា​ ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ចន្លោះ​ពី​ ៥​លាន​រៀល​ ទៅ​ ២០​លាន​រៀល​ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ។​ ការ​ផាកពិន័យ​នេះ​ ពុំ​ទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​ ចំពោះ​ជន​ណា​បាន​ប្រព្រឹត្ដ​នូវ​គ្រប់​មធ្យោបាយ​ទុច្ចរិត​ ដែល​មាន​ដូច​ជា​ រារាំង​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ បង្ក​ការ​អុកឡុក​ ឬ​រារាំង​សកម្មភាព​ជា​ប្រក្រតី​ ក្នុង​ទីកន្លែង​សម្រាប់​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ក្នុងអំឡុងពេល​នៃ​ការ​ពិនិត្យ​បញ្ជី​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ ឲ្យ​អ្នកគាំទ្រ​ ឬ​អ្នកបោះឆ្នោត​ប្រព្រឹត្ដ​អំពើ​រំលោភ​បំពាន​ អំពើ​គំរាមកំហែង​ អំពើ​ហិង្សា​ទៅ​លើ​បេក្ខជន​ ឬ​ទៅ​លើ​គណបក្ស​នយោបាយ​ដទៃ​។​ រារាំង​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត​។​ រារាំង​បេក្ខជន​ ឬ​អ្នកគាំទ្រ​គណបក្ស​នយោបាយ​មិន​ឲ្យ​ឃោសនាបោះឆ្នោត​ តាម​ការ​កំណត់​។​ ធ្វើ​ឲ្យ​បាត់​ទំនុកចិត្ដ​លើ​ការ​សម្ងាត់​នៃ​ការ​បោះ​ឆ្នោត​។​ ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​នាំ​ឲ្យ​បាត់​ទំនុកចិត្ដ​លើ​ការ​បោះ​ឆ្នោត​។​ បង្ក​ការ​រំខាន​មិន​ឲ្យ​ដំណើរការ​បោះ​ឆ្នោត​បាន​។​ បង្ក​ការ​រំខាន​មិន​ឲ្យ​រាប់​សន្លឹក​ឆ្នោត​បាន​។​ ធ្វើ​ឲ្យ​ខូច​របៀបរៀបរយ​ក្នុង​ពេល​បោះ​ឆ្នោត​។​ ទិញ​សន្លឹក​ឆ្នោត​ដោយ​សម្ភារ​ ឬ​ដោយ​ប្រាក់​កាក់​។​

​តាម​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នេះ​ ជន​ដែល​បាន​ប្រព្រឹត្ដ​ដូច​អ្វី​ដែល​រៀបរាប់​ខាងលើ​ ពួក​គេ​នឹង​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះ​ឆ្នោត​ ឬ​លុប​បេក្ខភាព​របស់​សា​ម៉ី​ខ្លួន​ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បន្ថែម​ពីលើ​ទណ្ឌកម្ម​ដែល​បាន​ចែង​ក្នុង​ កថាខណ្ឌ​ទី​១​។​

​សូម​រំរ​ឮ​កថា​ យុទ្ធនាការ​ឃោសនាបោះឆ្នោត​ ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​ ០៦​ ឆ្នាំ​២០១៨​នេះ​ មាន​រយៈពេល​ ២១​ថ្ងៃ​ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០៧​ ដល់​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៨​។​ គណបក្ស​នយោបាយ​ដែល​ចូលរួម​ឈរឈ្មោះ​ ដណ្ដើម​ដំណែង​ ជា​គណបក្ស​ដឹកនាំ​ប្រទេស​នៅ​អាណត្ដិ​ទី​០៦​ នេះ​ មាន​ ២០​គណបក្ស​នយោបាយ​ ក៏​ប៉ុន្ដែ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​លើក​នេះ​ គឺ​គ្មាន​វត្ដមាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ធ្លាប់​ប្រកួត​ឈ្នះ​បាន​អាសនៈ​ ៥៥​ ក្នុង​រដ្ឋសភា​ កាលពី​ឆ្នាំ​២០១៣​ នោះ​ទេ​ ពីព្រោះ​តែ​គណបក្ស​នយោបាយ​មួយ​នេះ​ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ ក្នុង​សំណុំរឿង​ ក្បត់ជាតិ​ របស់​លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​នេះ​៕

Share

ព័ត៌មានទាក់ទង

Image