en     km
en     km

ក្រសួងដែនដីចុះផ្ដល់ប្លង់កម្មសិទ្ធដីជូនដល់ពលរដ្ឋខេត្តក្រចេះ ៨៥គ្រួសារ​

Share

ខេត្តក្រចេះ៖ ក្រសួងរៀប​ចំដែនដីនគរូបនីយកម្ម និងសំណង់ បានចុះផ្ដល់ប្លង់ដីកម្មសិទ្ធជូនដល់ពលរដ្ឋខេត្តក្រចេះចំនួន ៨៨៥គ្រួសារ នៅក្នុងឃុំ សំបុក និងឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ ការផ្ដល់ប្លង់ដីកម្មសិទ្ធនេះដែរ គឺបន្ទាប់ពីពលរដ្ឋដែលជាសម្បទានិកទាំងនោះ បានរស់នៅ និងដាំដុះនៅលើដីដែលរដ្ឋចែកអោយបានរយៈពេល ៥ឆ្នាំរួចមក។ នេះបើតាមឱ្យដឹងនៅក្នុងកម្មវិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនសម្បទានិក នៅសាលាបឋមសិក្សាសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៨ ។

លោក រឿន ឬទ្ធី រាយការណ៍ជូនពីព័ត៌មាននេះ!

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ថា  ពលរដ្ឋដែលរស់នៅ និងដាំដុះ ធ្វើការអាស្រ័យផល លើដីសម្បទានសង្គមកិច្ចដែលរដ្ឋផ្ដល់អោយរយៈពេល ៥ឆ្នាំ គឺ នឹងទទួលបានប្លង់កម្មសិទ្ធកាន់កាប់ដីធ្លី។

ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន លោកបណ្ឌិត ដោក ដូម៉ា នាយកគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ២ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  បានឱ្យដឹងនៅក្នុងពិធីនេះថា ការផ្ដល់ដីនៅឃុំសំបុក  និងឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ បានសម្រេចំនួន ៧០ភាគរយហើយ។

លោកបណ្ឌិត ដោក ដូម៉ា៖«ឃុំមួយ យើងចែកបាន ៦៦ភាគរយ ហើយឃុំមួយទៀតយើងចែកបាន ៧០ភាគរយ ហើយទុក៣០ភាគរយទៀតនិងផ្ដល់ទៅអោយអ្នកដែលបានរស់នៅប្រាំឆ្នាំហើយ»។

ថ្លែងនៅក្នុងកម្មវិធីនេះដែរ លោក ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក៏បានសំណូមពរពីរយ៉ាងទៅកាន់ពលរដ្ឋដែលបានប្លង់ដីកម្មសិទ្ធថា​៖«ខ្ញុំក៏សំនូមពរពីរសុំអោយបងប្អូនជួយគាំទ្រខ្ញុំ និងគាំទ្រអាជ្ញាធរដែនដី ក៏ដូចជាគម្រោង យើងបានទទួលបានលំបាកតិចតួច ឬក៏លំបាកអាចតស៊ូបាន សូមអោយបងប្អូនពុះពារតស៊ូ បើសិនជាបងប្អូនយកប័ណ្ណនេះ យកទៅដាក់នៅធនាគារបញ្ចាំ ឬក៏កន្លែងស្ថាប័នមីក្រូហិរញ្ញាវត្ថុផ្សេងៗទៀត បងប្អូនយកមកប្រើប្រាស់មិនចំគោលដៅ នឹងធ្វើអោយជួបការលំបាក…»។

ជុំវិញរឿងនេះដែរ អ្នកស្រី ប៉ាក ស្រីទូច រស់នៅភូមិក្បាលជួរ ​ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដែលជាសម្បទានិក បានបង្ហាញអារម្មណ៍ត្រេកអរចំពោះការទទួលប្លង់ដីកម្មសិទ្ធី និងការផ្ដល់ដីជូនទៅដល់ពួកគាត់ដែលជាពលរដ្ឋក្រីក្រនៅពេលនេះ។

អ្នកស្រីប៉ាក ស្រីទូច ៖« នាងខ្ញុំមានការលំបាកវេទនា ក្នុងការរស់នៅ ជីវភាពខ្វះខាត ហូបក៏មិនគ្រប់គ្រាន់ដើរស៊ីឈ្នួលគេរាល់ថ្ងៃ ក្រោយមកក៏នាងខ្ញុំបានដីសម្បទានរដ្ឋាភិបាលចែកនាងខ្ញុំត្រេកអរណាស់ គឺនាងខ្ញុំខិតខំកាប់គាស់រុករានដី ដាំ​បន្លែបង្កា ដីភូមិ មានដំណាំសព្វគ្រប់ មានដំណាំឈើ ហូបផ្លែ និងបន្លែ ដូចជា ស្ពៃ ហើយនិងត្រាប់ សណ្ដែកគួរ ដំឡូង ពោត ស្រូវ នាងខ្ញុំប្រឹងប្រែងរហូតទាល់សព្វថ្ងៃ នាងខ្ញុំត្រេកអរណាស់ដែលបានរដ្ឋាភិបាលជួយ និងបាន Lased ជួយជាគ្រាប់ពូជ ជួយនាងខ្ញុំទាំងអស់ ទាំងពីរឃុំសុទ្ធតែក្រីក្រដែលបានដី»

លោក  Mark Austin ប្រធានកម្មវិធីប្រចាំកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា មានវត្តមាននៅក្នុងពិធីនេះដែរបានបញ្ជាក់ថា ការទទួលបានដីសម្បទានសង្គមកិច្ច គឺជាជំហានដំបូង ជួយទៅដល់ពលរដ្ឋខែ្មរក្រីក្រអោយទទួលបានមុខរបរ និងការរស់នៅក្នុងជីវភាពសមរម្យ។

លោក ម៉ាក អូស្ទីន ៖«ខ្ញុំមានឱកាសបានទស្ស​នកិច្ចទីតាំងដីសម្បទានសង្គមកិច្ច ហើយបានជួបសំណេះ សំណាលជាមួយសម្បទានិកមួយចំនួន គាត់បានចែករំលែកធាតុពិតនូវអ្វីដែលគាត់មានជាក់ស្ដែងទៅលើការរីកចម្រើន ការសប្បាយចិត្ត និងការសង្ឃឹមទុកនូវអនាគត ហើយខ្ញុំសង្ឃឹមថា ពេលដែលខ្ញុំមកវិញ ខ្ញុំនឹងឃើញមានការរីកចម្រើនបន្ថែមទៀតនៅលើដីសម្បទានសង្គមកិច្ចទាំងនេះ»។

ការចុះផ្ដល់ប្លង់កម្មសិទ្ធដីធ្លី ក៏ដូចជាការចុះចែកដីធ្លីអោយពលរដ្ឋក្រីក្រ ​និងប្រជាពលរដ្ឋដែលមានដីតិចតួច ធ្វើឡើងតាមរយៈ​គម្រោងបែងចែក ដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ២ (Lased II)ដែលអនុវត្តដោយក្រសួងរៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ លេខាធិការ ដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានសម្បទានហិរញ្ញប្បទានពីធនាគារពិភពលោក៕

Share

ព័ត៌មានទាក់ទង

Image