en     km
en     km

មេដឹកនាំ​សហជីព​ ចង់​ឃើញ​អន្ដរជាតិ​ និង​រដ្ឋាភិបាល​កម្ពុជា​ សម្របសម្រួល​គ្នា​ជា​ជាង​បិទ​ការ​អនុគ្រោះ​ពន្ធ​

Share

​ភ្នំពេញ​ ៖​ មេដឹកនាំ​សហជីព​ឯករាជ្យ​មួយ​ បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​អំ​ ពី​ស្ថិរភាព​ការងារ​របស់​ក្រុម​កម្មករ​ កម្មការិនី​ កម្ពុជា​ ដែល​មាន​ជាង​ ៨០​ម៉ឺន​នាក់​ កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​។​ មេដឹកនាំ​សហជីព​រូប​នោះ​ ចង់​ឃើញ​អន្ដរជាតិ​ និង​រដ្ឋាភិបាល​កម្ពុជា​ សម្របសម្រួល​គ្នា​ក្នុង​លក្ខខណ្ឌ​ណាមួយ​ ជា​ជាង​បិទ​ការ​អនុគ្រោះ​ពន្ធ​ នាំ​ឲ្យ​កម្មករ​ កម្មការិនី​ ជួប​ផល​លំបាក​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា

 

​ទន្ទឹម​នឹង​ដំណឹង​លេចឮ​ ស្ដី​ពី​សហភាព​អឺរ៉ុប​ ដែល​មាន​បំណង​បិទ​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ ផ​លិ​ផល​ ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​ពី​កម្ពុជា​ គឺ​ មេដឹកនាំ​សហជីព​ និង​កម្មករ​មានការ​ចាប់អារម្មណ៍​ ពី​ផល​ប៉ះពាល់​សេដ្ឋកិច្ចជាតិ​ និង​ឱកាស​ការងារ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ម៉ឺន​នាក់​ ពិសេស​គឺ​ស្ដ្រី​។​

​កាលពី​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៨​ សមាជិក​សភា​អឺរ៉ុប​ បាន​បញ្ជូន​របាយការណ៍​មួយ​របស់​ខ្លួន​ ឲ្យ​មក​រដ្ឋាភិបាល​កម្ពុជា​ ដែល​ផ្អែក​លើ​ប្រភព​ទិន្នន័យ​ពី​អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​ លោក​ រ៉ូ​ណា​ស្មី​ត​ ដែល​បាន​រាយការណ៍​ទៅ​ឧត្ដម​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​ស្ដី​ពី​ស្ថានភាព​ នៃ​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​ និង​ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ បាន​វាយតម្លៃ​ថា​ ដំណើរ​លទ្ធិប្រជាធិបតេយ្យ​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លំហ​សេរីភាព​ នៃ​ការ​បញ្ចេញមតិ​បាន​រួម​តូច​ ហើយ​កាន់តែ​អាក្រក់​ និង​គួរ​ឲ្យ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ បន្ទាប់​ពី​មានការ​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ផ្អែក​តាម​របាយការណ៍​មួយ​នេះ​ សហភាព​អឺរ៉ុប​ ដែល​ទីផ្សារ​នាំ​ចូល​សម្លៀក​បំពាក់​ និង​ស្បែកជើង​ដ៏​ធំ​ពី​កម្ពុជា​ បាន​បង្ហាញ​ជំហរ​ ថា​នឹង​បិទ​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​ផលិតផល​ ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​របស់​កម្ពុជា​។​ បើ​ទោះជា​មិន​ទាន់​មានការ​ចេញ​សេចក្ដីថ្លែងការណ៍​ណាមួយ​ជា​ផ្លូវការ​ក្ដី​ ក៏​ប៉ុន្ដែ​វា​គឺជា​ក្ដី​ព្រួយបារម្ភ​ដ៏​ស្រួយ​ស្រាល​សម្រាប់​ ដំណើរ​នៃ​ស្ថិរភាព​ ប្រាក់​ ចំណូល​ទ្រទ្រង់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​ ៨០​ម៉ឺន​នាក់​។​

​មេដឹកនាំ​សហជីព​ដែល​ធ្វើការ​ដើម្បី​កម្មករ​ កម្មការិនី​ ជាង​ច្រើន​ឆ្នាំ​មក​ហើយ​ មួយ​រូប​បង្ហាញ​ក្ដី​បារម្ភ​ជា​ខ្លាំង​ ពី​ភាព​មិន​ច្បាស់លាស់​ នៅ​ក្នុង​ករណី​មួយ​នេះ​។​ មេដឹកនាំ​សហជីព​រូប​នោះ​ យល់​ឃើញ​ថា​ អន្ដរជាតិ​ និង​រដ្ឋាភិបាល​កម្ពុជា​ គួរតែ​មានការ​ចរចា​ និង​សម្របសម្រួល​គ្នា​ ក្នុង​កម្រិត​ណាមួយ​ដែល​ល្អ​ប្រសើរ​ជាង​ការ​បិទ​ ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ផ​លិ​ផល​វាយ​ន​ភណ្ឌ​ពី​កម្ពុជា​។​

​លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ជាង​ ១០​ឆ្នាំ​មកនេះ​ បាន​កើន​ដល់​ជាង​ ៧​ភាគរយ​ ហើយ​កំណើនសេដ្ឋកិច្ច​នេះ​គឺ​បាន​រួមចំណែក​មួយ​ភាគ​ធំ​ពី​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​។​ លោក​បន្ដ​ទៀត​ថា​ វិស័យ​វាយ​ន​ភណ្ឌ​ គឺជា​កម្លាំង​ដ៏​ធំ​មួយ​ ដែល​រក​ប្រាក់​ចំណូល​ជូន​ដល់​សេដ្ឋកិច្ចជាតិ​ និង​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​។​ ប្រសិនបើ​វិស័យ​មួយ​នេះ​ ត្រូវ​បាន​ផ្អាក​ ឬ​ក៏​ត្រូវ​បិទ​ ឬ​ក៏​ត្រូវ​នាំ​ចូល​ទៅ​ទីផ្សារ​អន្ដរ​ដោយ​មាន​កម្រិត​ រួម​ផ្សំ​នឹង​ការ​យកពន្ធ​ទៀត​ កម្ពុជា​នឹង​ជួប​បញ្ហា​ជា​ច្រើន​ ដែល​មាន​ដូច​ជា​ កម្មករ​ នឹង​ត្រូវ​បាត់បង់​ការងារ​ ហើយ​ជម្លោះ​រវាង​ ថៅកែ​ និយោជក់​ និង​កម្មករ​ និយោជិត​ ច្បាស់​កើត​មាន​ ៖«​កម្មករ​ និយោជិត​របស់​យើង​អាច​នឹង​បាត់បង់​ការងារ​ដោយសារ​តែ​និយោជក់​ ការ​នាំ​ចេញ​វា​មាន​លក្ខណៈ​តូច​ចង្អៀត​ឬ​ក៏​ប្រកួតប្រជែង​ គាត់​អាច​ពិបាក​នាំ​ចេញ​គាត់​អាច​កាត់​បន្ថយ​បុគ្គលិក​ ហើយ​នៅ​ពេល​នោះ​ហើយ​ខ្ញុំ​គិត​ថា​ អាច​នឹង​មាន​ជម្លោះ​កើតឡើង​រវាង​និយោជក់​ និង​កម្មករ​ និយោជិត​ រួម​ទាំង​ការ​ស្នើ​ឲ្យ​មានការ​ដោះស្រាយ​អី​ផ្សេងៗ​ពី​សហរដ្ឋ​អី​ជាដើម​»​។​

​លើស​ពី​នេះ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ យល់​ថា​ បើ​ពលរដ្ឋ​ខ្មែរ​ គ្មាន​ការងារ​ធ្វើ​ចំនួន​ច្រើន​ នោះ​កំណើន​នៃ​ការ​ជំពាក់​បំណុល​ធនាគារ​ ក៏​នឹង​កើនឡើង​ផង​ដែរ​។​ តែ​យ៉ាង​លោក​ អាត់​ ធន់​ ចង់​ឃើញ​ដំណោះស្រាយ​សម​ស្រប​មួយ​រវាង​អន្ដរជាតិ​ ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ជា​ជាង​ការ​បិទ​ការ​អនុគ្រោះ​ពន្ធ​ លើ​វិស័យ​វាយ​​ន​ភណ្ឌ​ពី​កម្ពុជា​ ៖«​ចំពោះ​ខាង​សហជីព​យើង​ ក៏​ដូច​ជា​ខាង​កម្មករ​ យើង​យល់​ថា​ ជម្លោះផ្ទៃក្នុង​ពាក់ព័ន្ធ​ទៅ​នឹង​ លទ្ធិប្រជាធិបតេយ្យ​ ការ​បោះ​ឆ្នោត​ ការ​ប្រកួតប្រជែង​ក្នុង​បក្ស​ទាំង​ពីរ​ហ្នឹង​ CPP​ និង​ CNRP​ រហូត​ដល់​បាត់​ការ​គាំទ្រ​ពី​សហ​គម​អន្ដរ​អឺរ៉ុប​រហូត​ដល់​ផ្ដាច់​អីហ្នឹង​ ខ្ញុំ​គិត​ថា​ បើ​អាច​ទៅ​រួច​រដ្ឋាភិបាល​ សហ​គម​អឺរ៉ុប​ សហរដ្ឋអាមេរិក​អីហ្នឹង​ គួរ​ជជែក​គ្នា​ក្នុង​ក្រប​ខណ្ឌ​ណាមួយ​ កុំ​ដាក់​បញ្ហា​ ការ​ផ្ដាច់​ការ​នាំ​ចេញ​ជា​បញ្ហា​ទី​១​ អី​អ​ញ្ចឹ​ង​ព្រោះ​វា​ប៉ះពាល់​ខ្លាំង​ដល់​កម្មករ​ និយោជិត​»​។​

​កាលពី​ខែមិថុនា​ ឆ្នាំ​២០១៨​ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​បេសកជន​របស់​ខ្លួន​មួយ​ក្រុម​ដើម្បី​ទៅ​ជួប​សមាជិក​សភា​អឺរ៉ុប​នៅ​ទីក្រុង​ ប្រ៊ុ​ច​សែ​ល​ ដើម្បី​ពន្យល់​ពី​ស្ថិរភាព​នៅ​កម្ពុជា​ និង​ធ្វើ​យ៉ាងណា​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប​ រក្សា​ស្ថានភាព​ ពាណិជ្ជកម្ម​ជា​អាទិភាព​ជាមួយ​កម្ពុជា​ដដែល​។​ បេសកជន​របស់​មន្ដ្រី​កម្ពុជា​ គឺ​ត្រូវធ្វើ​ដំណើរ​ទៅ​ទីក្រុង​ ប្រ៊ុ​ច​សែ​ល​ ចាប់ពី​ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០១៨​ ដល់​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៨​។​ រហូត​មក​ដល់​ថ្ងៃ​ទី​០៣​ ខែកក្កដា​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ណាមួយ​ជុំវិញ​ដំណើរ​ ទៅ​ជួប​សមាជិក​សភាព​សហភាព​អឺរ៉ុប​នៅឡើយ​ទេ​។​ តែ​យ៉ាងណា​ មន្ដ្រី​នាំពាក្យ​គណបក្សកាន់អំណាច​ លោក​ សុខ​ ឥ​សាន្ដ​ បាន​បង្ហាញ​ក្ដី​រំពឹង​ថា​ សហភាព​អឺរ៉ុប​ នឹង​ស្ដាប់​នូវ​អ្វី​ដែល​ជា​ការ​ពិត​របស់​កម្ពុជា​ ប្រាប់​ដោយ​មន្ដ្រី​របេស​កក​ជន​កម្ពុជា​។​

​កម្ពុជា​ បាន​ចំណេញ​ពន្ធ​ពី​ការ​នាំ​ទំនិញ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ ជាង​ ៦៣៩​លាន​ដុល្លារ​។​ កម្ពុជា​ បាន​ទទួល​គម្រោង​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ លើ​ផលិតផល​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (Everything​ But​ Arms)៕​

Share

ព័ត៌មានទាក់ទង

Image