en     km
en     km

ក្រសួងមហាផ្ទៃ​ ថ្កោលទោស​របាយការណ៍​អង្គការ​ Human​ rights​ watch​ ករណី​ឧត្តមសេនីយ៍​កម្ពុជា​ ១២​រូប​

Share

​ភ្នំពេញ​ ៖​ ក្រសួងមហាផ្ទៃ​ កាលពី​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០១៨​ បាន​ចេញ​សេចក្ដី​ប្រកាស​ថ្កោលទោស​ របាយការណ៍​របស់​អង្គការសិទ្ធិមនុស្ស​អន្ដរជាតិ​ Human​ rights​ watch​ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០១៨​ ដែល​បាន​និយាយ​ថា​ ឧត្ដមសេនីយ៍​ ប៉ូ​លី​ស​ និង​កងរាជអាវុធហត្ថ​ចំនួន​ ១២​រូប​ ដែល​ស្មោះស្ម័គ្រ​ នឹង​សម្ដេច​ ហ៊ុន​ សែន​ បាន​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ គឺ​សម​នឹង​ទទួល​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​ និង​សហគមន៍​អន្ដរ​អឺរ៉ុប​។​

​ក្រសួងមហាផ្ទៃ​ ចាត់​ទុក​ថា​ សេចក្ដីថ្លែងការណ៍​របស់​អង្គការសិទ្ធិមនុស្ស​អន្ដរជាតិ​នោះ​ គឺ​មាន​ចរិត​ញុះញង់​ចោទប្រកាន់​ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ ទៅ​លើ​ឧត្តមសេនីយ៍​ជាន់ខ្ពស់​ ១២​រូប​ នៃ​កង​យោធពលខេមរភូមិន្ទ​ និង​កងកម្លាំង​នគរបាល​ជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ក្រសួងមហាផ្ទៃ​បន្ដ​ទៀត​ថា​ អង្គការសិទ្ធិមនុស្ស​អន្ដរជាតិ​ Human​ rights​ watch​ ដែល​មាន​លោក​ ប្រែ​ដ​ អា​ដាម​ ជា​ប្រធាន​ ជា​រឿយៗ​តែងតែ​ច្នៃប្រឌិត​ និង​បង្កើត​ឡើង​នូវ​របាយការណ៍​ដ៏​ឆ្គួ​ត​លីលា​ មាន​ចរិត​ជា​ការ​ប្រមាថ​ដល់​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ស្របច្បាប់​ កើត​ចេញពី​ការ​បោះ​ឆ្នោត​។​

​លើស​ពី​នេះ​ក្រសួងមហាផ្ទៃ​ បន្ដ​ទៀត​ថា​ របាយការណ៍​របស់​ អង្គការសិទ្ធិមនុស្ស​អន្ដរជាតិ​ Human​ rights​ watch​ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ ពី​អំពើ​ឧបាយកល​ទុច្ចរិត​ របស់​ក្រុម​ជនបរទេស​មួយ​ចំនួន​ ដែល​មានគំនិត​គាំទ្រ​ អ្នកនយោបាយ​ខ្មែរ​ក្បត់ជាតិ​ ក្នុង​បំណង​បង្ក​ឲ្យ​មាន​ចលាចល​ វឹកវរ​ និង​បំផ្លិចបំផ្លាញ​ សន្ដិភាព​ ស្ថិរភាព​ និង​សន្ដិសុខ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​

​បន្ថែម​ពី​នេះ​ ក្រសួងមហាផ្ទៃ​ ចាត់​ទុក​ថា​ ការ​ចេញ​របាយការណ៍​របស់​ អង្គការសិទ្ធិមនុស្ស​អន្ដរជាតិ​ Human​ rights​ watch​ ដែល​មាន​លោក​ ប្រែ​ត​ អា​ដាម​ ជា​ប្រធាន​ គឺជា​ទ​ង្វើ​ដែល​មិន​អាច​អត់ឱន​ឲ្យ​បាន​ នឹង​ទាមទារ​ឲ្យ​លោក​ ឈប់​ជ្រៀតជ្រែក​អធិបតេយ្យភាព​របស់​កម្ពុជា​ តាម​រយៈ​ការ​ចេញ​របាយការណ៍​ក្លែងក្លាយ​ ក្នុង​បំណង​ញុះញង់​ ប្រកបដោយ​គំនុំ​បុគ្គល​ និង​មាន​និន្នាការ​គាំទ្រ​ជន​ក្បត់ជាតិ​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្ដិយស​ កង​យោធពល​ខេ​មរ​ភូមិ​ និង​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា​។​

​យ៉ាងណា​សេចក្ដី​ប្រកាស​ថ្កោលទោស​របស់​ក្រសួងមហាផ្ទៃ​នេះ​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​សម្ដេច​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ដោយ​ទាមទារ​ឲ្យ​លោក​ ប្រែដ​ អា​ដាម​ បញ្ឈប់​ការ​បង្កហេតុ​ដល់​កម្ពុជា​ជា​បន្ដ​ទៀត​។​ ជាង​នេះ​សម្ដេច​ សង្កត់ធ្ងន់ៗ​ថា​ មិនមែន​មាន​ត្រឹមតែ​នាយ​ទាយ​ ១២​រូប​ប៉ុណ្ណោះ​ទេ​ ដែល​ស្មោះត្រង់​ នឹង​សម្ដេច​ និង​រាជរដ្ឋាភិបាល​ ពោល​គឺ​នាយទាហាន​ទាំងអស់​គឺ​សុទ្ធតែ​ស្មោះត្រង់​នឹង​សម្ដេច​។​

​សូម​រំ​ឮ​កថា​ ឧត្តមសេនីយ៍​ទាំង​ ១២​រូប​ ដែល​ អង្គការសិទ្ធិមនុស្ស​អន្ដរជាតិ​ Human​ rights​ បញ្ចេញ​ឈ្មោះ​ មាន​ អគ្គមេបញ្ជាការ​ នៃ​កង​យោធពលខេមរភូមិន្ទ​ លោក​ ប៉ុ​ល​ សា​រឿ​ន​,​ អគ្គមេបញ្ជាការ​រង​កងទ័ព​ លោក​ គន់​ គី​ម​,​ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក​ សៅ​ សុខា​,​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ លោក​ រ័​ត្ន​ ស្រ៊ា​ង​,​ មេបញ្ជាការ​ភូមិភាគ​៤​ លោក​ ជា​ ម៉​ន​,​ មេបញ្ជាការ​ភូមិភាគ​៥​ លោក​ ប៊ុ​ន​ សេង​,​ មេបញ្ជាការ​ភូមិភាគ​ទី​២​ លោក​ ជឿន​ សុ​វ​ន្ថា​,​ នាយ​រង​សេនាធិការ​ចម្រុះ​និង​ជា​មេបញ្ជាការ​កងពលតូច​ពិសេស​ឆត្រយោង​ ៩១១​ លោក​ ចាប​ ភក្តី​,​ អគ្គស្នងការ​នគរបាល​ជាតិ​លោក​ នេ​ត​ សា​វឿ​ន​,​ អគ្គស្នងការ​រង​នគរបាល​ជាតិ​លោក​ សុខ​ ផល​ លោក​ ម៉ក់​ ជី​តូ​ និង​លោក​ ជួន​ សុវណ្ណ​៕

Share

ព័ត៌មានទាក់ទង

Image