ប្រទេសហ្សិមបាបវ៉េ ស្ថិតនៅភាគខាងត្បូង នៃទ្វីបអាហ្វ្រិក។ ប្រទេសតូចមួយនេះ ធ្លាប់ស្ថិតនៅក្រោម ការគ្រប់គ្រងរបស់បុរសម្នាក់គត់ ជិត ៤០ឆ្នាំមកហើយ។ តែចាប់តាំងពីបុរសនោះ ធ្លាក់ពីអំណាចមក ហ្សិមបាបវ៉េ ត្រូវបានគេវាយតម្លៃថា ជារដ្ឋមួយចាប់ឲ្យមានការបើកចំហសេរីភាព របស់បក្សនយោបាយណាទាំងអស់ ។ មានន័យថា គ្មានទេ ការបំបិទសិទ្ធិ សេរីភាពដល់គូប្រជែង។
លោកប្រធានាធិបតី ម៉ាំណាកាហ្វា ដែលពួកយោធាលើកបន្តុបឲ្យស្នងតំណែងជំនួស អតីតប្រធានាធិបតី រ៉ូបឺតម៉ូហ្គាបេ ត្រូវបានមើលឃើញថា ជាអ្នកកែទម្រង់ ប្រព័ន្ធគ្រប់គ្រងមួយ ប្រកបដោយ ការទុកចិត្តដើម្បី លទ្ធិប្រជាធិបតេយ្យ ឆ្ពោះទៅរកការបោះឆ្នោត ថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៨នេះ។
លោក នួន បូរិន ជូនសចក្ដីប្រែសម្រួល ៖
កាលណាគេ រំឮកពីប្រទេសហ្សិមបាបវ៉េ គេត្រូវគិតទៅរក លោក Robert Mugabe ដែលបានកាន់តំណែងបានជិត៤០ឆ្នាំ។ បុរសវ័យ ៩៣ឆ្នាំរូបនេះ កាន់កាប់ប្រទេស ក្រោមល្មម់នៃសន្តិភាព ដោយសារប្រទេសក្រីក្រតូចមួយនេះធ្លាប់ធ្លាក់ក្នុងសង្គ្រាម ជិត៣០ឆ្នាំ។ លោក Mugabe ឡើងកាន់អំណាច តាំងពីឆ្នាំ១៩៨៧។
នៅក្នុងរយៈពេល ៣៧ឆ្នាំ ហ្សិមបាបវ៉េ ស្គាល់ប្រព័ន្ធគ្រប់គ្រងតែមួយប៉ុណ្ណោះ មកពីគណបក្ស Zanu-PF ។ តែនៅពេលនេះ របបគ្រប់គ្រងហាក់ខុសគ្នាផ្ទុយពីសម័យរបស់លោក Mugabe ។ លោកប្រធានាធិបតី ម៉ាណាហ្គាវ៉ា បើទោះជាពួកយោធាលើកបន្ដុបក្ដី តែលោកនៅតែកែទម្រង់ការដឹកនាំប្រទេស ។ កាលពីសប្ដាហ៍មុន លោកបានប្រជុំជាមួយនឹងមន្ដ្រីទូតទាំងអស់ ដែលមានវត្ដមាននៅក្នុងប្រទេសរបស់លោក។ ក្នុងកិច្ចប្រជុំនេះ លោកបាននិយាយអំពី ការបើកចំហសិទ្ធិសេរីភាព គ្រប់គណបក្សនយោបាយទាំងអស់ ឲ្យមកចូលរួមប្រកួតដំណែងប្រធានាធិបតីនៅថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៨នេះ។ ជាមួយគ្នានេះ លោកបានស្នើឲ្យសហគមអន្ដរជាតិ ដាក់អ្នកសង្កេតការណ៍ ឃ្លាំមើលការបោះឆ្នោតនៅពេលនោះ ។ លោក ម៉ាំណាកាហ្វា បានអះអាងថា ក្នុងនាមលោកជាប្រធានគណបក្ស Zanu-PF លោកមិនមានទស្សនចង្អៀតចង្អល់អ្វីឡើយ។ លោកថា ទោះបីបក្សរបស់លោក ឬក៏រូបលោកផ្ទាល់ចាញ់ឆ្នោត គឺជារឿងធម្មតា។
លោក ម៉ាំណាកាហ្វា គឺជាអនុប្រធានាធិបតី របស់លោក មូហ្គាបេ ប៉ុន្ដែមេដឹកនាំថ្មី រូបនេះ បានមកចូលដឹកនាំប្រទេស ជំនួសលោក មូហ្គាបេ បន្ទាប់ពីពួកយោធាធ្វើរដ្ឋប្រហារលោក មូហ្គាបេ ពីអំណាចកាលពីចុងឆ្នាំ២០១៧។ លោក ត្រូវលោក មូហ្គាបេ កម្ចាត់ចេញពីបក្សហើយ ព្យាយាមលើកតម្កើងភរិយារបស់លោក មូហ្គាបេ ឲ្យជំនួសតំណែងបក្សរបស់លោក ម៉ាំណាហ្គាវ៉ា ។ ដោយសារករណីនេះ ផ្ទៃក្នុងគណបក្ស Zanu-PF បែកបាក់គ្នាជាខ្លាំង ទើបមានរដ្ឋប្រហារកើតឡើង។
តើអ្នកណាដឹកនាំរដ្ឋប្រហារ ?
អ្នកដែលដឹកនាំរដ្ឋប្រហារ គឺអគ្គមេបញ្ជាការកងទ័ព ឧត្ដមសេនីយ៍ Constantino Chiwenga ។ បច្ចុប្បន្នលោកជាអនុប្រធានាធីបតីរបស់លោក ម៉ាំណាកាហ្វា។ ឧត្ដមសេនីយ៍ រូបនេះហើយដែលជាមនុស្សស្និទ្ធនឹងលោក Mugabe ហើយជាអ្នកដឹកនាំទ័ពផ្ទាល់ធ្វើរដ្ឋប្រហារទម្លាក់លោក មូហ្គាបេ ។ ក្នុងពេលធ្វើរដ្ឋប្រហារ ឧត្ដមសេនីយ៍ Chiwenga បានព្យាយាមបញ្ចៀសអំពើហិង្សាយ៉ាងខ្លាំង មិនឲ្យមានការប៉ះទង្គិះគ្នារវាងកងទ័ពរបស់លោក និងកងអង្គរក្សរបស់លោក Mugabe នោះទេ។
លោកបានគ្រប់គ្រងប្រទេស រហូតដល់បក្ស Zanu-PF ដកហូតលោក មូហ្គាបេ ជាផ្លូវការ។ លោកត្រូវបានចាត់ទុកថា ជាឧត្ដមសេនីយ៍ម្នាក់ កែទម្រង់ប្រព័ន្ធគ្រប់គ្រងប្រទេស ហ្សិមបាបវ៉េ ហើយបង្កើតបាននូវ ទំព័រថ្មីដែលធ្លាប់មានក្នុងអតីតកាលរបស់លោក មូហ្គាបេ។
គ្មានទេការធ្វើរដ្ឋប្រហារ ទោះបីបក្សប្រឆាំងឈ្នះឆ្នោតក៏ដោយ
លោក ឧត្ដមសេនីយ៍ Chiwenga បានប្រាប់អ្នកសារព័ត៌មានថា គ្មានរដ្ឋប្រហាម្ដងទៀតកើតឡើងនោះទេ។ លោកថា បក្សនយោបាយទាំងអស់ ស្ថិតក្នុងស្ថានភាពបើកចំហដូចគ្នា គឺគ្មានទេការរឹតបន្ដឹងខាងសេរីភាពនយោបាយ លើកលែងតែក្រុមណា បង្កើតក្រុមប្រដាប់អាវុធខុសច្បាប់តែប៉ុណ្ណោះ។ លោកថា ក្នុងឋានៈជាអនុប្រធានាធិបតី គឺលោកចង់ឃើញ ប្រទេសរបស់លោក មានការឯកភាពជាតិ ហើយកងទ័ពមិនស្ថិតនៅក្រោមបក្សនយោបាយណាមួយឡើង ទោះជាលោក កើតចេញពីឧត្ដមសេនីយ៍ក៏ដោយ។ សារនយោបាយរបស់់់់មេរដ្ឋប្រហារូបនេះទទួលបានការសាទរ យ៉ាងខ្លាំងពីក្រុមបក្សនយោបាយជាពីសេស គណបក្សប្រឆាំង នៃក្រុមចលនាផ្លាស់ប្ដូរប្រជាធីបតេយ្យ MDC ដែលជាបក្សប្រឆាំងដ៏ធំ។
គណបក្សប្រឆាំងនេះ បានចេញសេចក្ដីថ្លែងការណ៍សាទរ ប៉ុន្ដែបានទទួចថា បក្សកាន់អំណាចត្រូវគោរពកិច្ចសន្យារបស់ខ្លួន ដោយកុំប្រើល្បិចអ្វីមួយដើម្បី វាយបំបាក់គូប្រកួតដោយអំណាចក្នុងដៃរបស់ខ្លួន។
ស្របពេលនេះដែរ បក្សប្រឆាំងនេះ ទទូចឲ្យសហគមន៍អន្ដរជាតិ ដាក់អ្នកសង្កេតការណ៍បោះឆ្នោតឲ្យបានច្រើនបំផុតតាមដែរអាចធ្វើទៅបាន។ រហូតមកដល់ពេលនេះ ពុំទាន់ដឹងថា បក្សណាមានប្រជាប្រិយភាព ជាងគេនោះទេ ប៉ុន្ដែមានតែតែបក្ស Zanu-PF និងបក្ស ចលនាផ្លាស់ប្ដូរប្រជាធីបតេយ្យ MDC តែពីរនេះប៉ុណ្ណោះស្ថិតក្នុងបេះដូងរបស់អ្នកបោះឆ្នោត៕