ភ្នំពេញ៖ ចៅក្រមនៃអង្គបុរេជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) ឬ សាលាក្ដីខ្មែរក្រហម ពុំអាចរកសំឡេងគ្រប់គ្រាន់ ដើម្បីបើកផ្លូវឱ្យមានការជំនុំជម្រះអតីតកម្មាភិបាលខ្មែរក្រហមមួយរូប ក្រោយពីសវនាការជំនុំជម្រះសំណុំរឿង ០០៤/០១ ពាក់ព័ន្ធនឹងអ្នកស្រី អ៊ឹម ចែម ត្រូវបានបិទបញ្ចប់ហើយកាលពីខែធ្នូ ឆ្នាំ ២០១៧។
កាលពីថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ ២០១៧ សវនាការរបស់អង្គបុរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហមលើសំណុំរឿង០០៤ /០១ ពាក់ព័ន្ធនឹងអតីតកម្មាភិបាលខ្មែរក្រហមមានវ័យ ៧៥ ឆ្នាំ អ្នកស្រី អ៊ឹម ចែម ត្រូវបានបិទបញ្ចប់។
នៅថ្ងៃនេះ អង្គបុរេជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចេញសេចក្តីពិចារណារបស់ខ្លួនលើពាក្យបណ្តឹងឧទ្ធរណ៍ដែលប្ដឹងដោយសហព្រះរាជអាជ្ញាអន្តរជាតិប្រឆាំងនឹងដីការដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេតដែលសម្រេចលើកលែងការចោទប្រកាន់លើអតីតកម្មាភិបាលខ្មែរក្រហម អ្នកស្រី អ៊ឹម ចែម លើបទល្មើសព្រហ្មទណ្ឌនានា ដោយមូលហេតុមិនមានយុត្តាធិការបុគ្គល។ នេះបើតាមសេចក្តីប្រកាសព័ត៌ មានរបស់អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជាចេញផ្សាយនៅថ្ងៃទី ២៩ ខែមិថុនា។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្នុងចំណោមចៅក្រម ៥ រូប នៃអង្គបុរេជំនុំជម្រះ គឺមានចៅក្រម ៣ រូបយល់ឃើញថា មិនមានយុត្តាធិការបុគ្គល ដើម្បីបើកផ្លូវឱ្យមានការជំនុំជម្រះលើចំពោះអ្នកស្ត្រី អ៊ឹម ចែម បានទេ។
ប៉ុន្តែចៅក្រម ២ រូបទៀតយល់ថា មានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់ អ្នកស្រី អ៊ឹម ចែម ស្ថិតក្នុងចំណោមបុគ្គលដែលទទួលសុខត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មបានប្រព្រឹត្តិក្នុងរបបខ្មែរក្រហម ឬរបបកម្ពុជាប្រជាធិបតេយ្យ ព្រោះអ្នកស្រី អ៊ឹម ចែម មានតួនាទីដឹកនាំថ្នាក់ស្រុក និងតំបន់ភូមិភាគនិរតី និងភូមិភាគពាយ័ព្យ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ពន្យល់បន្ថែមថា ក្នុងសំណុំរឿង ០០៤/០១ ពាក់ព័ន្ធនឹងអ្នកស្ត្រី អ៊ឹម ចែម ចៅក្រមមិនអាចរកសំឡេងគ្រប់គ្រាន់ ដើម្បីបដិសេធដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេតដែលសម្រេចលើកលែងចោទប្រកាន់ប្រឆាំងអតីតកម្មា ភិបាលក្នុងរបបកម្ពុជាប្រជាធិបតេយ្យអ្នកស្រី អ៊ឹម ចែម។
លោក នេត្រ ភក្ត្រា៖ «ក្នុងករណីនេះគឺយោងតាមវិធានផ្ទៃក្នុងកាលណាមិនអាចរកសំឡេងបាន ៤ លើ ៥ ឬ ៥ លើ ៥ ក្នុងចំណោមចៅក្រមនេះ មានន័យថាសេចក្តីសម្រេចក្នុងដីកាដំណោះស្រាយសហចៅក្រមស៊ើបអង្កេតទៅលើសំណុំរឿង ០០៤/ ០១ ដែលលើកលែងការចោទប្រកាន់លើលោកស្ត្រី អ៊ឹម ចែម គឺមានសុពលភាព»។
លោក នេត្រ ភក្ត្រា បន្ថែមថា ចៅក្រមនៃអង្គបុរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហមសម្រេចតម្កល់លើសេចក្តីសម្រេចនៃសហចៅក្រមស៊ើបអង្កេត អ្នកស្ត្រី អ៊ឹម ចែម មិនត្រូវបានចោទប្រកាន់នៅចំពោះមុខសាលាក្តីខ្មែរក្រហមទេ ព្រោះសហចៅក្រមស៊ើបអង្កេតរកឃើញថា អតីតកម្មាភិបាលរូបនេះមិនស្ថិតនៅក្នុងដែនយុត្តាធិការតុលាការ ពោលគឺមិនមែនជាមេដឹកនាំជាន់ខ្ពស់ និងមិនមែនអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរក្នុងសម័យខ្មែរក្រហម។
លោក នេត្រ ភក្ត្រា៖«ចៅក្រមនៃអង្គបុរេជំនុំជម្រះគឺតម្កល់លើសេចក្តីសម្រេចនៃសហចៅក្រមស៊ើបអង្កេតគឺមានន័យថា លោកស្ត្រី អ៊ឹម ចែម មិនត្រូវបានចោទប្រកាន់នៅចំពោះមុខសាលាក្តីខ្មែរក្រហមទេ ដោយ សាររែគេរកឃើញថាគាត់មិនស្ថិតនៅក្នុងដែនយុត្តាធិការរបស់តុលាការ គឺយុត្តិការបុគ្គលមិនមែនជាមេដឹកនាំជាន់ខ្ពស់ និងមិនមែនអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជាឲ្យដឹងថា អង្គបុរេជំនុំជម្រះយល់ឃើញថា មានការខ្វះចន្លោះនីតិវិធីជាពិសេសទាក់ទងនឹងការកំណត់ភស្តុតាង និងការពន្យារពេលដោយមិនសមស្របក្នុងការបិទការស៊ើបអង្កេត ហើយអង្គបុរេជំនុំជម្រះសម្រេចថា ច្បាប់ជាធរមានចំពោះមុខ អង្គបុរេជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា មិនដកហូតសមត្ថកិច្ចរបស់តុលាការជាតិនោះទេ។ ប៉ុន្តែសេចក្តីសម្រេចនេះនឹងបទបញ្ចប់នូវសំណុំរឿងនៃអង្គបុរេជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ០០៤/០១នេះ៕