ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបង្ហាញគំនិតសុទ្ទិដ្ឋិនិយមថាប្រជាពលរដ្ឋខ្មែរនឹងងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរកាន់តែច្រើននៅពេលណាដែលផលិតករក្នុងស្រុក អាចផលិតទំនិញប្រកបដោយគុណភាពតម្លៃសមរម្យប្រហាក់ប្រហែលទំនិញនាំចូលពីបរទេស។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ២៩ មិថុនាម្សិលមិញ។
ក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ក្នុងយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៣ ដែលរៀបចំឡើងកាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅខេត្តព្រៃវែង លោក ប៉ាន សូរស័ក្ដិ អំពាវនាវឱ្យផលិតករបង្កើនគុណភាពផលិតផលឱ្យកាន់តែល្អប្រសើរប្រកប ដោយភាពឆ្នៃប្រឌិតលើបច្ចេកទេសវេចខ្ចប់ ការដាក់ម៉ាក តម្លៃ និងការបង្កើតយុទ្ធសាស្ត្រទីផ្សារដើម្បីប្រកួតប្រជែងជាមួយផលិតផលបរទេស។
លោក ប៉ាន សូរស័ក្ដិ មានជំនឿយ៉ាងមុតមាំថា នៅពេលដែលផលិតផលខ្មែរ មានគុណភាព និងតម្លៃសមល្មមនឹងអាចទទួលយកបាន នោះផលិតផលខ្មែរ នឹងមានខ្មែរគាំទ្រនិងប្រើប្រាស់ជាច្រើន។ មានន័យថា ពលរដ្ឋខ្មែរនឹងមិនប្រើប្រាស់ផលិតផលបរទេសឡើយ។ នេះកត្តាសត្យានុម័តនៃការប្រកួតប្រជែងទីផ្សារសេរី។
ជាងនេះទៀត ដើម្បីឲ្យផលិតផលខ្មែរមានទីផ្សារខ្ពស់ ត្រូវមានការចូលរួមគ្រប់ភាគីដែលពាក់ព័ន្ធ មានផលិតករ សហក្រិន និងប្រជាជនខ្មែរទាំងអស់។ មិនតែប៉ុណ្ណោះ ក្រសួងពាណិជ្ជកម្ម ជាសេនាធិការសម្រាប់ស្វែងរកទីផ្សារសម្រាប់ផលិតផលទាំងនោះ។
សូមបញ្ជាក់ផងដែរថា ក្រសួងពាណិជ្ជកម្មបានរៀបចំព្រឹត្តិការណ៍នេះ ៣លើកហើយ។ កាលពីលើកទី១ ធ្វើនៅក្នុងរាជធានី-ខេត្តចំនួន ៤ រួមមាន ខេត្តសៀមរាប កំពង់ចាម ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ លើកទី២ នៅក្នុងរាជធានី-ខេត្តចំនួន ៥ រួមមាន ខេត្តស្ទឹងត្រែង បាត់ដំបង ស្វាយរៀង រាជធានីភ្នំពេញ និងខេត្តកែប។ ដោយឡែកលើកទី៣ ឆ្នាំ២០១៨នេះ ធ្វើនៅរាជធានី-ខេត្តចំនួន ៦ មានដូចជា ខេត្តបន្ទាយមានជ័យ កណ្តាល កំពង់ឆ្នាំង ព្រៃវែង កោះកុង និងរាជធានីភ្នំពេញ ធ្វើជាកន្លែងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ៕