en     km
en     km

លោកសៅ សុខា និងលោក ហ៊ុន ម៉ាណែត កាន់តំណែងស្តីទីមេបញ្ជាការកងទ័ពរហូតមានការសម្រេចក្រោយការបោះឆ្នោត

Share

(ភ្នំពេញ)៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា នាយឧត្តមសេនីយ៍ សៅ សុខា និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងកាន់តំណែងស្តីទីសំខាន់ៗនៃកងយោធពលខេមរភូមិន្ទ រហូតមានការសម្រេច ពីរាជរដ្ឋាភិបាលថ្មី ក្រោយពេលបោះឆ្នោត។

សម្តេចទៀបាញ់ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសធ្វើជាអធិបតីក្នុងពិធីប្រគល់ភារកិច្ចអគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ ជូន នាយឧត្តមសេនីយ៍ សៅ សុខា និង ប្រគល់ភារកិច្ច នាយសេនាធិការចម្រុះស្តីទីនៃខ.ភ.ម និងភារកិច្ច មេបញ្ជាការស្តីទីកងទ័ពជើងគោកជូន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

ការប្រគល់ភារកិច្ចស្តីទីនេះ ធ្វើឡើងដោយសារតែមេទ័ពសំខាន់ៗទាំង៣រូប ដែលកាន់តំណែងទាំងនេះ បានព្យួរតួនាទីដើម្បីឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តអាណត្តិទី០៦ សម្រាប់គណបក្សប្រជាជនកម្ពុជា។

មេទ័ពទាំងបីនេះ រួមមាន នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងទ័ពខេមរភូមិន្ទបានឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តនៅមណ្ឌលព្រះសីហនុ នាយឧត្តមសេនីយ៍ គន់ គីម នាយសេនាធិការចម្រុះ  បានឈរជាបេក្ខជនតំណាងរាស្រ្ត នៅមណ្ឌលឧត្តរមានជ័យ និងនាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោក បានឈរជាបេក្ខជនតំណាងរាស្រ្ត  នៅមណ្ឌលព្រះវិហារ។​

អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ ដែលស្រង់មកចុះផ្សាយដោយសារព័ត៌មាន Fresh News បានថ្លែងថា ការព្យួរតួនាទីបណ្តោះអាសន្ន ចំពោះមេទ័ពទាំង៣ នៅក្នុងក្របខណ្ឌក្រសួងការពារជាតិនេះ គឺអនុវត្តទៅតាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត របស់ព្រះរាជាណាចក្រកម្ពុជា។

បើតាមមាត្រា២៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងប្រកាស៤.៣ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ គឺតម្រូវឱ្យមន្រ្តីរាជការ មន្រ្តីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងបព្វជិតសាសនា ដែលមានបំណងឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទរហូតដល់ ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោត ជាស្ថាពរយ៉ាងតិច៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត៕

 

 

 

 

Share

ព័ត៌មានទាក់ទង

Image