កាលពីថ្ងៃទី ២៧ មិថុនា គណៈកម្មការនៃក្រុមប្រឹក្សាអ្នកច្បាប់ បញ្ជាក់ថាស្ថានការណ៍សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជាធ្លាក់ចុះកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ International Commission of Justice កាលពីថ្ងៃទី ២៧ មិថុនា។
ការដែលថា សិទ្ធិមនុស្ស នៅកម្ពុជាធ្លាក់ចុះធ្ងន់ធ្ងរដូចនេះធ្វើឡើងនៅក្នុងកិច្ចពិភាក្សាដេញដោលមួយ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ អំពីសិទ្ធិមនុស្សនៅកម្ពុជា ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ។ ខ្លឹមសារនៃកិច្ចប្រជុំនេះ បានលើកយកប្រទេសកម្ពុជាមកធ្វើជាឧទាហរណ៍ ដែល ជារដ្ឋមួយកំពុងតែបោះជំហានចូលទៅក្នុងរបបផ្ដាច់ការ ដោយសារការការបង្រាបសកម្មភាពផ្សេងៗដែលជាការរំលោភសិទ្ធិមនុស្ស។
ជាងនេះ រាល់សកម្មភាពបង្រ្កាបទាំងនេះ ជាប្រការមួយដែលធ្វើឱ្យសង្គមស៊ីវិលមិនអាចនិយាយដោយបើកចំហបាន អំពីបញ្ហាផ្សេងៗ ដោយសារមានការភ័យខ្លាចមានការគំគួន និងសងសឹក។
របាយការណ៍របស់គណៈកម្មការនៃក្រុមប្រឹក្សាអ្នកច្បាប់ បន្តថាសកម្មភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញនីតិរដ្ឋ ដែលចាប់កំហុសដោយគណបក្សកាន់អំណាចគឺ ជាហេតុមួយធ្វើឱ្យមិនមានការជឿទុកចិត្តចំពោះដំណើរការនៃការបោះឆ្នោត ២៩ កក្កដាខាងមុខនៃកម្ពុជា។ របបនៃការគ្រប់គ្រងនេះ បានគាបសង្កត់សង្គមស៊ីវិល បិទបំបាត់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ គណបក្សប្រឆាំង និងគាបសង្កត់ពលរដ្ឋ។
ជាមួយគ្នានេះក៏សង្កេតឃើញដែរថា រដ្ឋាភិបាលកម្ពុជាគម្រាមផ្ដន្ទាទោសជនណាដែលអំពាវនាវឱ្យធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតជាដើម។ មិនតែប៉ុណ្ណោះ ក៏មានការបង្កើតក្រុមការងារ ដើម្បីតាមដាន និងគ្រប់គ្រងព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ ពលរដ្ឋសាមញ្ញមួយចំនួន ក៏ត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងឃុំឃាំងក្រោមឥទ្ធិពលនៃច្បាប់ថ្មី ស្ដីពីការប្រមាថព្រះមហាក្សត្រ។
ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាភាសាអង់គ្លេសទៀតមួយ ត្រូវបានលក់ទៅឱ្យម្ចាស់ថ្មីម្នាក់ ដែលគេសង្ស័យជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាល ស្របពេលមានការស៊ើបអង្កេតមកលើសមាជិកអង្គការសង្គមស៊ីវិលក្នុងដំណើរការនីតិវិធីព្រហ្មទណ្ឌប្រឆាំងនឹង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ។
គួររំលឹកផងដែរថា ក្នុងសម័យប្រជុំលើកទី ៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី ២១ មីនា ឆ្នាំ ២០១៨ ប្រទេសនូវែលសេឡង់តំណងឱ្យប្រទេសចំនួន ៤៥ ធ្វើការនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានថ្លែងថ្កោលទោសដល់កម្ពុជា អំពីការបង្ក្រាបទៅលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យ។ យ៉ាងណាក្ដី ក្រុមប្រទេសទាំងនោះមើលឃើញថា ការបោះឆ្នោតសភានីតិកាលទី ៦ នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ២៩ កក្កដា នឹងមិនអាចចាត់ទុកថា ស្របច្បាប់នោះទេ ពោលគឺមិនមានភាពត្រឹមត្រូវ ស្មើភាព និងយុត្តិធម៌ឡើយ។
វិទ្យុស្ត្រីមិនអាចសុំការឆ្លើយតបភ្លាមៗ ពីលោកកែបរ៉េមី ប្រធានគណៈកម្មាធិការសិទិ្ធមនុស្ស កម្ពុជាបានទេ នៅថ្ងៃនេះ។ តែបែបនេះក្ដី លោកលជីនម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្មីៗនេះ ដែលប្រតិកម្មទៅនឹងសេចក្ដីថ្លែងការណ៍របស់សមាជិកសភាអ៊ាស៊ានដើម្បីសិទ្ធិមនុស្ស បានច្រានចោល រាល់សេចក្ដីរាយការណ៍ទាំងឡាយដែល រិះគន់បក្សកាន់អំណាចនៅកម្ពុជាដឹកនាំ ធ្វើមានការធ្លាក់ចុះសិទ្ធិមនុស្ស ។ លោកជីនម៉ាលីន អះអាងសទ្ធិមនុស្ស និងការគោរពច្បាប់ត្រូវតែដើរទន្ទឹមគ្នា៕