ភ្នំពេញ៖ តំណាងអយ្យាការសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ជនសង្ស័យជនជាតិចិន និងស្ត្រីខ្មែរពីបទជូញដូរមនុស្សឆ្លង់ដែន និងអន្តរការីជាមួយស្ត្រីពពោះជំនួស។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ឲ្យដឹងថា តំណាងអយ្យាការសម្រេចបើកការស៊ើបសួរ និងបញ្ជូនជនសង្ស័យចំនួន ៥រូប ទៅចៅក្រមស៊ើបសួរ កាលពីរសៀលម្សិលមិញ។
លោក លី សុផាណា បញ្ជាក់ថា អយ្យាការសម្រេចចោទប្រកាន់ពីបទការជួញដូរមនុស្សឆ្លងដែន និងបទអន្តរការីជាមួយស្ត្រីមានផ្ទៃពោះ តាមមាត្រា ១៦ ច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងការពារអនីតិជន និងមាត្រា ៣៣២ នៃក្រមព្រហ្មទណ្ឌ។
កាលពីសប្តាហ៍មុន អាជ្ញាធរមានសមត្ថកិច្ចឆែកឆេរផ្ទះមួយស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រកឃើញថាស្ត្រីខ្មែរមានផ្ទៃពោះចំនួន ៣៣ នាក់។ បច្ចុប្បន្នស្ត្រីមានទាំងនោះ កំពុងស្ថិតក្រោមការថែទាំរបស់ក្រសួងសង្គមកិច្ច។ ស្រ្តីខ្មែរទំាងនោះ មានទម្ងន់ចាប់ពី ២ ខែ ដល់ ៨ ខែ។
ចាប់តាំងពីឆ្នាំ ២០១៦ អាជ្ញាធររកឃើញស្រី្តខ្មែរស៊ីឈ្នួលពពោះជំនួសប្រមាណ ៣០ នាក់ ប៉ុន្តែចំពោះស្ត្រីពពោះទាំងនោះក្រសួងមហាផ្ទៃដោះស្រាយរួចរាល់ហើយ។ នេះបើតាមលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។
នៅឆ្នាំ ២០១៦ តុលាការផ្តន្ទាទោសស្ត្រីជនជាតិអូស្ត្រាលីម្នាក់ និងពលរដ្ឋខ្មែរ២នាក់ ដាក់ពន្ធនាការរយៈពេល ១៨ ខែ ពាក់ព័ន្ធបើកក្លីនិចផ្តល់សេវាពពោះជំនួស៕