ភ្នំពេញ ៖ មន្ដ្រីអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារលើកិច្ចការបោះឆ្នោតច្រើនឆ្នាំមកហើយ បង្ហាញចម្ងល់ថា ហេតុអ្វី ចិនដែលជាប្រទេសកុំមុនីសមិនធ្លាប់បោះឆ្នោតបែបប្រជាធិបតេយ្យសោះមកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា។ ឆ្លើយតបនឹងចម្ងល់នេះ មន្ដ្រីនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ការចូលរួមសង្កេតការណ៍បោះឆ្នោត គឺមិនចាំបាច់តែប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដូចគ្នានោះទេ។
លោក លៀ ស៊ីណា រាយការណ៍ ៖
តាមការឲ្យដឹងពីមន្ដ្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ដែលបានប្រាប់អ្នកសារព័ត៌មានបញ្ជាក់ថា អ្នកសង្កេតការណ៍បោះឆ្នោតទាំងជាតិ និងអន្ដរជាតិ បានកើនរហូតដល់ជាង ៥ម៉ឺននាក់ហើយ គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ម្សិលមិញ។ អ្នកសង្កេតការណ៍ទាំងអស់នោះមកពីស្ថាប័នជាង ៨២ ហើយនៅក្នុងនោះមានអ្នកសង្កេតការណ៍អន្ដរជាតិ មកពីប្រទេសចំនួន ០៣ ដែលមានដូចជា ប្រទេស មីយ៉ាន់ម៉ា ប្រទេសចិន និងប្រទេសឹង្ហបុរីជាដើម។
មន្ដ្រីនាំពាក្យ គ.ជ.ប បញ្ជាក់ទៀតថា ក្នុងចំណោមអ្នកសង្កេតការណ៍ទាំងអស់នោះ មាន ១៧នាក់ មកពីស្ថានទូតចិន សឹង្ហបុរី និងមីយ៉ាន់ម៉ា ហើយ គ.ជ.ប ក៏កំពុងពិនិត្យមើលសំណើសុំរបស់អ្នកសង្កេតការណ៍អន្ដរាតិចំនួន ១៤នាក់ផ្សេងទៀតផងដែរ។
ការប្រកាសឲ្យដឹងពីចំនួនអ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិនាពេលនេះ គឺបង្ហាញពីចំនួនដ៏ច្រើនមួយ។ ក៏ប៉ុន្ដែសម្រាប់អ្នកនយោបាយ និងមន្ដ្រីអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការងារលើកិច្ចការបោះឆ្នោតនៅកម្ពុជា ជាច្រើនឆ្នាំមកហើយនោះ បានបង្ហាញចម្ងល់របស់ពួកគេថា ហេតុអ្វីបានជាប្រទេសមិនកាន់លទ្ធិប្រជាធិបតេយ្យ មកធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោតនៅក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យទៅវិញដូចជាប្រទេសចិនជាដើម។
លោក កន សាវាង្ស មន្ដ្រីជាន់ខ្ពស់របស់អង្គការ ខុមហ្វ្រែល បានប្រាប់វិទ្យុស្ដ្រីថា ជារឿងល្អដែលមានប្រទេសច្រើនចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ព្រោះការមកសង្កេតការណ៍នេះ គឺជាមុខ មាត់របស់ប្រទេសជាតិទាំងមូល។ ក៏ប៉ុន្ដែសម្រាប់ការមកចូលរួមសង្កេតការណ៍របស់ប្រទេសចិននាពេលនេះ គឺជារឿងមួយដែលលោកមានចម្ងល់ថា តើប្រទេសចិន នឹងអាចវាយតម្លៃលើការបោះឆ្នោតនៅកម្ពុជាតាមរបៀបណា បើប្រទេសនេះគឺជាប្រទេសកុម្មុយនីសដូច្នេះ ៖«ដោយសារតែហេតុអី ដោយសារតែខ្លួនឯងហ្នឹង វាអត់មានបទពិសោធន៍នៅក្នុងគោលការណ៍លទ្ធិប្រជាធិបតេយ្យហ្នឹង។ អញ្ចឹងការវាយតម្លៃទៅលើប្រទេសដែលមានគោលការណ៍លទ្ធិប្រជាធិបតេយ្យ ហ្នឹងថា តើអាចទទួលយកបានដែរ ឬក៏ក្នុងកម្រិតប៉ុណ្ណា នេះ គឺជារឿងមួយដែលជាបញ្ហាចោទ»។
បន្ថែមពីនេះ មន្ដ្រីជាន់ខ្ពស់របស់អង្គការ ខុមហ្វ្រែល បង្ហាញទស្សនថា ការវាយតម្លៃរបស់ប្រទេសកុម្មុយនីសលើដំណើរការបោះឆ្នោតនៅប្រទេសលទ្ធិប្រជាធិបតេយ្យ គឺច្បាស់ណាស់ថា ប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ នឹងមិនអាចទទួលយកបានទេ។
ឆ្លើយតបនឹងការយល់ឃើញខាងលើនេះ លោក ហង្ស ពុទ្ធា មន្ដ្រីនាំពាក្យ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់វិទ្យុស្ដ្រីថា ការចូលរួមសង្កេតការបោះឆ្នោត មិនចាំបាច់តែប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដូចគ្នា ទើបធ្វើបាននោះទេ ៖«យើងជាស្ថាប័នរៀបចំការបោះឆ្នោត យើងទទួលស្វាគមន៍ទាំងអស់ ទោះជាប្រទេសហ្នឹងឯង មានប្រវត្ដយ៉ាងម៉េច យើងមិនបានបែងចែកគេទេ ហើយអញ្ចឹងយើងមិនបែងចែកថា ប្រទេសចិនជាប្រទេសយ៉ាងណានោះទេ យើងចាត់ទុកជាប្រទេសមួយ ជាសាក្សីរស់មួយដែលចូលរួមមើលដំណើរការបោះឆ្នោត»។
មន្ដ្រីនាំពាក្យ គ.ជ.ប អះអាងថា ការដែលមានវត្ដមានអ្នកសង្កេតការណ៍កាន់តែច្រើនគឺជារឿងល្អសម្រាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ មន្ដ្រីដដែលវាយតម្លៃថា ដំណើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺមានលក្ខណៈកាន់តែល្អប្រសើរឡើងជាបន្ដបន្ទាប់។ ការដែលលោកហ៊ានអះអាងដូច្នេះ គឺយោងទៅលើចំនួនអ្នកចុះឈ្មោះសង្កេតការណ៍កើនដល់ជាង ៥ម៉ឺននាក់ និងគណបក្សនយោបាយដែលចូលរួមការបោះឆ្នោតមានដល់ ២០គណបក្ស ខណៈកាលពីឆ្នាំ ២០១៣ មានអ្នកសង្កេតការណ៍តែជាង ៤ម៉ឺននាក់ និងគណបក្សតែ ០៨ប៉ុណ្ណោះ។
សូមជម្រាបថា ការបោះឆ្នោតសភា នីតិកាលពី ០៦ ឆ្នាំ២០១៨នេះ នឹងប្រព្រឹត្ដទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨៕