សម្ដេច ហ៊ុន សែន នៅថ្ងៃនេះបានអំពាវនាវទៅកាន់ក្រុមហ៊ុនដឹកជញ្ជូន និងម្ចាស់រថយន្តឈ្នួលកុំឲ្យតម្លើងថ្លៃឈ្នួលឡានអំឡុងពេលកម្មករត្រូវសម្រាកដើម្បីទៅបោះឆ្នោតនៅចុងខែ កក្កដា ខែក្រោយនេះ។ កម្ពុជានឹងមានការបោះឆ្នោតសភា នីតិកាលទី ៦ នៅថ្ងៃទី ២៩កក្កដា ឆ្នាំ២០១៨។
ការបោះឆ្នោតលើកនេះ មានគណបក្សនយោបាយចូលរួមដល់ ២០គណបក្ស តែពុំមានវត្តមាន បក្សប្រឆាំង ដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា ឡើយ។ បក្សនេះ ត្រូវបានតុលាការកំពូល រំលាយ ក្រោមបទចោទ លោក កឹម សុខា ជាជនក្បត់ជាតិ។ សម្រាប់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បើទោះជាគ្មានបក្សសង្រ្គោះជាតិក៏កម្ពុជាមានប្រព័ន្ធប្រជាធិបតេយ្យពហុបក្សដែរ។
សម្រាប់ការបោះឆ្នោតអាណត្តិនេះ ទោះជាគ្មានបក្សប្រឆាំងចូលរួមក៏បក្សកាន់អំណាចរបស់សម្ដេចនាយករដ្ឋន្ត្រី បានចាប់យកគោលនយោបាយ លើកទឹកចិត្តកម្មករជាខ្លាំងដោយដំឡើងប្រាក់ឈ្នួល ១៧០ដុល្លារ ហើយមានប្រាក់ចូលនិវត្តន៍ទៀតផង។ ចំណែកកម្មការិនីវិញ បើទៅពិនិត្យជំងឺ និងសម្រាលកូនត្រូវបានផ្ដល់ប្រាក់ឧត្ថម្ភទៀតផង។
ទោះជាមានគោលនយោបាយដូចនេះក្ដី ក៏សម្ដេចនាយករដ្ឋន្ត្រីនៅតែចង់ឃើញកម្មករបោះឆ្នោតអោយបក្សប្រជាជន ច្រើនលើសលុប។ ថ្លែងនៅចំពោះមុខកម្មករជាង ២ម៉ឺននាក់ក្នុងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី ២៧ មិថុនានេះ ប្រធានគណបក្សប្រជាជនកម្ពុជាសម្ដេច ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងរថយន្តឈ្នួលទាំងអស់កុំឲ្យតម្លើងថ្លៃឈ្នួលរថយន្តក្នុងពេលដែលកម្មករជិះទៅបោះឆ្នោត។ តែនេះជាលើកដំបូង ដែលប្រមុខរាជរដ្ឋាភិបាល បានចាប់អារម្មណ៍ដូចនេះ។
សម្ដេចនាយករដ្ឋមន្រ្តីបានអោយដឹងថា នឹងមិនមានសេវារថយន្តក្រុងរដ្ឋសម្រាប់ដឹកជញ្ជូនពលរដ្ឋឬកម្មករដូចរដូវបុណ្យ ភ្ជុំឬបុណ្យចូលឆ្នាំទេ។ ទោះជាយ៉ាងណាសម្រាប់សម្ដេចហ៊ុនសែន នៅតែអំពាវនាវឲ្យកម្មករចេញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។
កម្មករដែលកំពុងធ្វើការងារនៅតាមរោងចក្រនានានៅទូទាំងប្រទេសមានជាង ៨០ម៉ឺននាក់ ក្នុងនោះកម្មការិនីជាង ៧០ម៉ឺននាក់។ ចំណែកកម្មករធ្វើការនៅប្រទេសថៃមានជាង ១លាននាក់។ នេះបើតាមស្ថិតិរបស់ក្រសួងការងារ។
នៅក្នុងការបោះឆ្នោត ច្រើនអាណត្តិមកនេះ ក្រសួងការងារបានជូនដំណឹងប្រាប់ទៅកម្មករនិងនិយោជកអំពីថ្ងៃបោះឆ្នោតនិងសិទិ្ធបោះឆ្នោត។ សម្រាប់ការបោះឆ្នោតអាណត្តិទី៦នេះ ក្រសួងបានអនុញ្ញាតអោយកម្មករឈប់សម្រាកដើម្បីទៅបោះឆ្នោតមានរយៈពេលបីថ្ងៃ៕