មកដល់ពេលនេះ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី គឺ លោក ហុង សុខហួរ ត្រូវបាន ឃុំ ខ្លួនរយៈពេលមួយខែកន្លះមកហើយ ក្រោមបទចោទពីបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ ឯកសារក្លែងក្លាយ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម ករណីដែលលោកបកស្រាយថា សន្ធិសញ្ញាឆ្នាំ១៩៧៩ រវាងកម្ពុជា និងវៀតណាម ជាសន្ធិសញ្ញា រំលាយបង្គោល ព្រំដែនចាស់ ហើយបោះបង្គោលព្រំដែនថ្មី។ ហើយក៏រហូតមកដល់ពេលនេះដែរ មេធាវីការពារ ក្ដីរបស់លោកបន្ដដាក់ពាក្យសុំឲ្យលោកបាននៅក្រៅឃុំ។
មេធាវីការពារក្ដីសមាជិកព្រឹទ្ធសភាពគណបក្សសមរង្ស៊ី ឲ្យដឹងថា សាលាដំបូងភ្នំពេញ នឹងបើកសវនាការជំនុំជម្រះរឿងក្ដី លោក ហុង សុខហួរ នៅថ្ងៃសុក្រទី២ ខែតុលា ខាងមុខ នេះ។
លោកមេធាវី ជួង ជូងី ដែលការពារក្ដីឲ្យលោកហុង សុខហួរ បានប្រាប់វិទ្យុស្ដ្រី នៃWMC នៅថ្ងៃទី២៩ ខែកក្កដានេះថា ផ្អែកតាមរយៈលិខិតអញ្ជើញ ដែលលោកទទួលបានពីសាលាដំបូង គឺថា សាលាដំបូងភ្នំពេញនឹងបើកសវនាការជំនុំជម្រះរឿងក្ដីរបស់លោក ហុង សុខហួរ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង៨កន្លះព្រឹកខាងមុខ។
លោកមេធាវី ជួង ជូងី មានប្រសាសន៍បន្ដថា នៅក្នុងលិខិតអញ្ជើញនោះ មិនបានបញ្ជាក់ថា នឹងធ្វើសវនាការរឿងអ្វីនោះទេ។ យ៉ាងណាក៏ដោយ លោក ព្យាករថា សវនាការនោះ អាចជា រឿងដែលលោកបានដាក់ពាក្យសុំដោះលែង លោក ហុង សុខហួរ ឲ្យនៅក្រៅឃុំជាបណ្ដោះ អាសន្ន។ លោកថា «នៅក្នុងលិខិតអញ្ជើញអត់មាន បញ្ជាក់ថា សវនការរឿងអីទេ។ ប៉ុន្ដែ កាលថ្ងៃទី២៥ ខែកញ្ញា ហ្នឹង ខ្ញុំបានដាក់ពាក្យសុំដោះលែង គាត់ឲ្យ នៅក្រៅឃុំ ដោយតម្កល់ប្រាក់២០ លានរៀល ហើយថ្ងៃ២៥ដដែល ដែរខ្ញុំបានដាក់ពាក្យ សុំដោះលែង ហ្នឹង តុលាការក៏ចេញ លិខិតអញ្ជើញសវនការ នៅថ្ងៃទី២ ចឹងរយៈពេលអញ្ជើញតែ មួយសប្ដាហ៍ទេ។ ចឹងតាម ការព្យាករណ៍របស់ខ្ញុំ ប្រហែលជាសវនការទៅលើ ពាក្យសុំដោះលែង នៅក្រៅឃុំ»។
សូមបញ្ជាក់ដែរថា លោក ហុង សុខហួរ ត្រូវបានកងកម្លាំងមានសមត្ថកិច្ចចាប់ខ្លួន នៅព្រឹក ព្រហាមថ្ងៃសៅរ៍ ទី១៥ ខែសីហា បន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី បានចោទប្រកាន់លោកពីបទ ក្បត់ជាតិ ករណីលោកបកស្រាយថាសន្ធិសញ្ញាឆ្នាំ១៩៧៩ រវាងកម្ពុជា និងវៀតណាម ជាការ រំលាយព្រំដែនចាស់ ហើយបោះបង្គោលព្រំដែនថ្មី។
លោកហុង សុខហួរ ត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទ គឺ ការក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែងក្លាយ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម៕