ភ្នំពេញ ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អំពាវនាវឲ្យប្រជាពលរដ្ឋក្នុងរាជធានី បញ្ឈប់ការចោលសំរាមពាសវាលពាសកាល ។ ការអំពានាវនេះ គឺបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងគំហុកកាលពីថ្ងៃទី២៥-២៦ ខែមិថុនា ដែលនាំឲ្យមានទឹកលិចយ៉ាងខ្លាំងនៅតំបន់មួយចំនួនក្នុងរាជធានី។
លោក រឿន ឬទ្ធី រាយការណ៍ ៖
ភ្លៀងបានធ្លាក់ស្ទើរពេញផ្ទៃប្រទេសកម្ពុជា ដូចអ្វីដែលក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹង កាលពីថ្ងៃទី២៥ ខែមិថុនា។ នៅក្នុងរាជធានីភ្នំពេញ ភ្លៀងបានធ្លាក់ក្នុងបរិមាណច្រើន ដែលបាននាំឲ្យតំបន់មួយចំនួន ដែលមានដូចជា តំបន់ Sola ផ្លូវកម្ពុជាក្រោម និងផ្សារដេប៉ូ តំបន់មួយចំនួនដូចជាខណ្ឌពោធិសែន ខណ្ឌសែនសុខ បានលិចលង់ដោយជំនន់ទឹកភ្លៀង។
ចំពោះកំណែទម្រង់ប្រព័ន្ធលូ អាជ្ញាធរបានធ្វើជារឿយៗ ក៏ប៉ុន្ដែបញ្ហាទឹកលិចនេះ បាននាំឲ្យពលរដ្ឋស្ទើរតែទាំងអស់នៅក្នុងរាជធានីភ្នំពេញ បង្ហាញអារម្មណ៍ក្នក់ចិត្ដជាខ្លាំង ដែលបញ្ហាទឹកលិចនេះ នៅតែកើតមានបង្កអោយ ជលលិចផ្លូវ និង លិចលំនៅដ្ឋានរបស់ពួកគាត់ ហើយ ប៉ុន្តែប៉ុណ្ណោះ បានប៉ះពាលសុវត្ថិភាពរស់នៅទៀតផល។ ដោយទឹកលិចភូមិនិងលំនៅដ្ឋាន ដងផ្លូវ ត្រូវបានអ្នកលេងបណ្ដាញសង្គម បានផ្តិតនិងបានបង្ហោះវីដេអូឃ្លិប ពីរូបភាព ផ្ទះលិចទឹក អ្នកធ្វើណើរ កកស្ទះ ដែលមើលទៅ ដូចជារាជធានីភ្នំពេញ ត្រូវពួកគាត់ហៅថា ទីក្រុងគុជ ពោរពេញដោយ ទឹកជន់លិចនៅពេលភ្លៀវខ្លាំងយូរៗម្ដង។ ដោយសាររូបភាពបែបចំអក ស្ដែងឡើងដោយអ្នកលេងហ្វេសបុក បានធ្វើអោយ មន្ត្រី សាធារណការសាលារាជធានីភ្នំពេញ ឆ្លើយប ដោយបានបង្ហាញពីការទទួលខុសត្រូវោងដែរ របស់អាជ្ញាធរ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ទទួលស្គាល់ថា គឺជារឿងលំបាកនៅពេលមានភ្លៀងខ្លាំងលិចផ្លូវម្ដងៗ ក៏ប៉ុន្ដែលោកសង្កត់ធ្ងន់ថា ស្របពេលដែលអាជ្ញាធរខំកាយលូ និងដាក់លូថ្មី ក៏មានប្រជាពលរដ្ឋមួយចំនួនធំ មិនបានរក្សាសំរាម ដែលជាកាកសំណល់ផ្ទះរបស់ពួកគាត់នោះទេ ដែលជាហេតុនាំឲ្យសំរាមចូលក្នុងលូ បង្ហូរទឹកបង្កជាការជនលិចដូច្នេះ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មានប្រសាសន៍តាមរយៈបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ហើយត្រូវផ្សព្វផ្សាយជាសាធារណៈ នៅលើទំព័រហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ម្សិលមិញ បញ្ជាក់ថា បញ្ហាទឹកលិចនៅក្នុងរាជធានីភ្នំពេញ យ៉ាងហោចណាស់ក៏ត្រូវចំណាយពេល ៨ឆ្នាំដែរ ដើម្បីដោះស្រាយបញ្ហាដ៏កង្វល់មួយនេះ។ លោកបន្ដទៀតថា នៅពេលដែលមានភ្លៀងធ្លាក់ម្ដងៗ ការហូរទឹកគឺមានលក្ខណៈយឺតដោយសារតែរាជធានីភ្នំពេញ ស្ថិតនៅតំបន់ទំនាប ៖«រាជធានីភ្នំពេញយើង មានការលំបាកក្នុងការដោះស្រាយបើយើងធៀបនឹងទីក្រុងផ្សេង ដោយសារ () ព័ទ្ធជុំវិញដោយទំនប់ ជាដីទំនាប ដែលធ្វើឲ្យលំហូរទឹក ឬហៅថា លឿនទឹកហូរមានភាពខ្សោយ»។
តែយ៉ាងណាលោកសង្កត់ធ្ងន់ថា បើទោះជាមានទឹកភ្លៀងច្រើនក្ដី ប៉ុន្ដែទឹកភ្លៀងបានស្រកទៅវិញយ៉ាងឆាប់រហ័សនៅតំបន់មួយចំនួនធំ លើកលែងតំបន់ដែលកកស្ទះ ដោយសំរាមនៅបិទមាត់លូតែប៉ុណ្ណោះ។ ប្រការនេះ លោក សាំ ពិសិដ្ឋ សំណូមពរឲ្យប្រជាពលរដ្ឋនៅក្នុងរាជធានីទាំងអស់ បញ្ឈប់ការចោលសំរាមពាសវាលពាសកាល ចូលរួមសហការជាមួយអាជ្ញាធរ ដោយជួយកាយសំរាមដែលនៅបិទមាត់លូ ខណៈទឹកមិនហូរ និងមួយវិញទៀតលោកស្នើឲ្យប្រជាពលរដ្ឋ បញ្ឈប់ការបន្ទាបមាត់អណ្ដូងលូនៅខាងមុខផ្ទះបន្ដទៀត ៖«អញ្ចឹងទេ សុំថា បងប្អូនមេត្ដាជួធ្វើម៉េច បើកមុខអណ្ដូងលូឲ្យបានធំ ហើយបើមានកន្លែងណាបិទអណ្ដូងលូ សូមរាយការណ៍មកអាជ្ញាធរ ឬក៏បងប្អូនដែលបិទអណ្ដូងលូផ្ទាល់ហ្នឹង សុំកាយមកវិញ ធ្វើម៉េចឲ្យបានដណ្ដូងលូហ្នឹង បានទឹកហូរចូល»។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បន្ដទៀតថា សំរាមប្រមូលផ្ដុំគ្នាយ៉ាងច្រើន បើទោះជាមានការព្យាយាមកាយចេញយ៉ាងណាក៏ដោយ។ លោកបញ្ជាក់ថា ជាមធ្យម ក្នុងមួយថ្ងៃ សំរាមមានប្រហែលជា ៨ឡានត្រូវបានបោះចូលក្នុងប្រឡាយបឹងត្របែក ដែលនាំឲ្យក្លាយជាឧបសគ្គ ដល់ផ្លូវទឹក ៖«បើយើងគិតជា ក្នុងពីរខែយើងកាយម្ដងហ្នឹង មានសំរាមប្រហែល ៥០០ឡាន ហើយសំរាមហ្នឹងទី១ វាបាំងមុខអណ្ដូងលូ ទម្រាំវាចេញពីអណ្ដូងលូមក វាបាំងមុខស្ថានីយ៍ ហើយបាំងមុខទឹកហូរទៀត នេះហើយជាបញ្ហា ដែលយើងគិតថា ការគ្រប់គ្រងសំរាមជារឿងសំខាន់»។
យ៉ាងណាលោកបន្ដទៀតថា បញ្ហានៃទឹកលិចនេះ គឺជាបទពិសោធន៍មួយដែលបង្ហាញពីប្រសិទ្ធភាព នៃការស្ដារ និងការដាក់លូ។ ទន្ទឹមគ្នានេះ លោក សាំ ពិសិដ្ឋ អះអាងថា បើទោះជាមានការលំបាកក្នុងការដោះស្រាយបញ្ហាលិចទឹកក្នុងរាជធានីយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលនឹងខិតខំដោះស្រាយបញ្ហានេះឲ្យបាន គឺមិនបណ្ដោយឲ្យទឹកបន្ដលិចទៀតនោះទេ។
បែបនេះក្ដីអ្នកជំនាញឯករាជ្យ ធ្លាប់ព្រមានថា ការលុបបឹងធម្មជាតិ អាចជាការធ្វើអោយ តំបន់មួយចំនួន ដែលមានប្រព័ន្ធលូជាមួយបឹងនោះ ត្រូវជនលិច។ តែផ្លូវទឹកខ្លះដូចជាអូរធំមួយ នៅក្នុងខណ្ឌពោធិសែនជ័យភ្ជាប់ទៅខណ្ឌសែនដែលមានខ្សែទម្លាក់ទឹក ដល់ទំនប់កបស្រូវ ពោរពេញដោយសម្រាមនិង កំប្លោក៕
អត្ថបទដោយលោក @លៀស៊ីណា