ភ្នំពេញ៖ ក្រសួងការពារជាតិចេញសេចក្តីថ្លែងការណ៍ច្រានចោលចំពោះរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនិស្សអន្តរជាតិ( HRW) ដែលបញ្ចេញបញ្ជីឈ្មោះមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាជាច្រើនរូបជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Right Watch) បានចេញរបាយការណ៍នៅថ្ងៃទី ២៨ ខែ មិថុនានេះថា កងកម្លាំងសន្តិសុខរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ១២ រូប ជាខ្នងបង្អែកផ្នែកនយោបាយមានជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិចេញរបាយការណ៍ដូចនេះ ក្រោយពីអាមេរិកសម្រេចដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយ។
លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មានដំណែងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់សម្តេច ហ៊ុន សែន និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ។ តែលោកឧត្តមសេនីយ៍ បដិសេធថាគ្មានប្រាក់តម្កល់នៅលើទឹកអាមេរិកទេ។
ដោយប្រតិកម្មចំពោះការចោទប្រកាន់នេះ ក្រសួងការពារជាតិនៅថ្ងៃ ព្រហស្បត្តិ៍ ទី២៨ មិថុនានេះ បានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយថា របាយការណ៍នេះមានភាពខុសពីការពិត និងមានបំណងញុះញង់ចោទប្រកាន់ដោយគ្មានមូលដ្ឋាន មកលើមន្ត្រីជាន់ខ្ពស់យោធាកម្ពុជា។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ បានហៅរបាយការណ៍អង្គការសិទ្ធិមនុស្សអន្តរជាតិថា ជាការរំលោភបំពានមកលើអធិបតេយ្យភាព ឯករាជ្យភាព និងនីតិរដ្ឋ កម្ពុជា ដើម្បីបម្រើនយោបាយបរទេស។
សេចក្តីថ្លែងការណ៍៖ «ក្រសួងការពារជាតិសូមប្រកាសច្រានចោលទាំងស្រុង មិនទទួលយកដាច់ខាតចំពោះការចោទប្រកាន់នៃរបាយការណ៍ដែលបង្កប់ឧបាយកលពិលពុលរបស់ក្រុមដែលហៅថា អង្គការឃ្លាំមើលសិទ្ធិមនុស្សបែបនេះ។»
ក្រសួងការពារជាតិអំពាវនាវឲ្យអង្គការឃ្លាំមើលសិទ្ធិមនុស្ស(HRW) បញ្ឈប់ជាបន្ទាន់ការប្រឌិតរបាយការណ៍គ្មានមូលដ្ឋានមកលើកងកម្លាំងប្រដាប់អាវុធដោយអយុត្តិធម៌។
យ៉ាងណាក៏ដោយ អង្គការឃ្លាំមើលសិទ្ធិមនិស្សអន្តរជាតិបានបញ្ចេញបញ្ជីឈ្មោះឧត្តមសេនីយ៍ខ្មែរជាន់ខ្ពស់ ទំាង ១២ រូប រួមមាន៖
១. លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិ
២. លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងនាយសេនាធិការចម្រុះ
៣. លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ចាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៤. លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ
៥. ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី ៤
៦. លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងយោធភូមិភាគទី៥
៧. លោកឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាយោធភូមិភាគទី ២
៨. លោកឧត្តមសេនីយ៍ឯក ចាប ភក្តី នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង ៩១១
៩. លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ
១០ នាយឧត្តមសេនីយ៍ សុខ ផល អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គនាយកអន្តោប្រវេសន៍
១១ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
១២នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ក្នុងរបាយការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្ស(HRW) ដែលមានកម្រាស ២១៣ ទំព័រ បានទាមទារឲ្យមានការស៊ើបអង្កេតលើមន្ត្រីយោធាទាំងនេះករណីរំលោភសិទ្ធិមនុស្ស៕