en     km
en     km

អង្គការ​តំលៃ​ស្ដ្រី​ អះអាង​ខ្លួន​នៅ​តែ​ផ្ដល់​សំឡេង​នៃ​សង្ឃឹម​ដល់​ស្ដ្រី​ធ្វើការ​ពេល​យប់​

Share

ភ្នំពេញ​ ៖​ ស្ថាបនិក​របស់​អង្គការ​តំលៃ​ស្ដ្រី​ បាន​លើក​ឡើង​ថា​ អង្គការ​របស់​ខ្លួន​នឹង​នៅ​តែ​បន្ដ​បេស​កម្ម​ ផ្ដល់​សំឡេង​ដែល​មាន​សង្ឃឹម​ទៅ​ដល់​ស្ដ្រី​ ធ្វើការ​ពេល​យប់​បន្ដ​ទៀត​ ដោយ​រំពឹង​ថា​ នឹង​អាច​រួមចំណែក​ផ្ដល់​ចំណេះដឹង​ ដល់​ស្ដ្រី​ដែល​ធ្វើការ​ពេល​យប់​ ឲ្យ​គេច​ផុត​ពី​កា​របៀន​បៀ​ន​ផ្សេងៗ​។

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ព័ត៌មាន​នេះ​ ៖​

 

សកម្មភាពស្រ្ដី រៀនសំអាងការ (រូបភាពអង្គការតំលៃស្រ្ដី)

ការ​លើក​ឡើង​របស់​ស្ថាបនិក​អង្គការ​តំលៃ​ស្ដ្រី​ដូចនេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​សិស្ស​ “​សំអាងការ​និង​កែ​សម្ផស្ស​”​ ជំនាន់​ទី​ ០៥​ ចំនួន​ ០៦​រូប​ ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២០​ ខែមិថុនា​។​ អង្គការ​តំលៃ​ស្ដ្រី​ បាន​ចាប់ផ្ដើម​បើក​ដំណើរការ​ការិយាល័យ​របស់​ខ្លួន​កាលពី​ឆ្នាំ​២០១០​ នៅ​ប្រ​ទស​កម្ពុជា​ ក្រោម​បេសកកម្ម​ ចង់​ឃើញ​ស្ដ្រី​ងាយ​រង​គ្រោះ​ និង​រង​គ្រោះ​ ធ្វើការ​នា​ពេល​យប់​ នៅ​តាម​ក្លឹ​ប​កម្សាន្ដ​ និង​ហាង​ខារ៉ាអូខេ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ រស់នៅ​ និង​ធ្វើការ​ ដោយ​គេច​ផុត​ពី​ការ​កេ​ញ​ប្រវ័ញ្ច​ទាំង​ផ្នែក​សេដ្ឋកិច្ច​ និង​ផ្លូវភេទ​។​

​លោកស្រី​ សេង​ សុ​លី​ដា​ ស្ថាបនិក​អង្គការ​តំលៃ​ស្ដ្រី​ បាន​បញ្ជាក់​ថា​ អង្គការ​របស់​លោកស្រី​បាន​ធ្វើ​ការងារ​ជាមួយ​ស្ដ្រី​ ដែល​បម្រើ​ការងារ​ពេល​យប់​យ៉ាង​សកម្ម​ ដើម្បី​អប់រំ​ និង​ណែនាំ​ក្រុម​ស្ដ្រី​ទាំង​អស់នោះ​ ឲ្យ​ពួក​គាត់​ដឹង​ពី​ការ​ការពារ​ខ្លួន​ ពី​ការ​បៀតបៀន​ផ្លូវភេទ​ និង​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​របស់​ពួក​គាត់​ផ្សេងៗ​។​ ក្រៅពី​ការ​បណ្ដុះបណ្ដាល​ផ្នែក​សំអាង​ និង​កែ​សម្ផស្ស​ អង្គការ​មួយ​នេះ​ ក៏​បាន​ជួយ​ដល់​ស្ដ្រី​ដែល​ធ្វើការ​ពេល​យប់​ ឲ្យ​បាន​ទទួល​អាហារ​រូបករណ៍​ និង​ផ្ដល់​សម្ភារ​ផ្សេងៗ​ ទៅ​ដល់​ស្ដ្រី​ ចាប់ពី​អាយុ​ពី​ ១៦​ ទៅ​ ៣០​ឆ្នាំ​ ដែល​គាត់​មាន​ប្រវត្ដិ​ធ្វើការ​ពេល​យប់​ ។​

​ស្ថាបនិក​អង្គការ​តំលៃ​ស្ដ្រី​ បន្ដ​ទៀត​ថា​ ស្ដ្រី​ភាគច្រើន​ត្រូវ​ទៅ​ធ្វើ​ការងារ​ពេល​យប់​ ព្រោះតែ​គ្មាន​ជម្រើស​ដែល​ប្រសើរ​ជាង​នេះ​ ហើយ​ពួក​គាត់​ក៏​តែងតែ​ត្រូវ​ក្រុម​បុរស​មួយ​ចំនួន​ធំ​ បៀតបៀន​ផ្លូវភេទ​ជា​ញឹកញាប់​ផង​ដែរ​។​ ព្រោះតែ​ការ​មើលឃើញ​ ពី​ទុក្ខ​លំបាក​របស់​ស្ដ្រី​ ទីទាល់​ក្រ​ ដែល​ជ្រើស​យក​ជម្រើស​ការងារ​ពេល​យប់​ដូច្នេះ​ ទើប​អង្គការ​ គ្រិស្ដបរិស័ទ​មួយ​នេះ​ រៀបចំ​កម្មវិធី​ជួយ​ស្ដ្រី​ទាំងនោះ​ ៖«​យើង​ឈោង​ចាប់​ និង​ជួយ​ទៅ​ដល់​ស្ដ្រី​បងប្អូន​ស្ដ្រី​ ដែល​គាត់​មិន​មាន​ជម្រើស​ប្រសើរ​ ហើយ​គាត់​ជ្រើសរើស​ ធ្វើការ​នៅ​ពេល​យប់​ នៅ​តាម​ខារ៉ាអូខេ​ និង​តាម​បៀរ​ការ​ឌិន​»​។​

​អង្គការ​តំលៃ​ស្ដ្រី​ បាន​បញ្ជូន​ក្រុមការងារ​របស់​ខ្លួន​ទៅ​ជួប​ក្រុម​ស្ដ្រី​ ដែល​បម្រើ​ការងារ​នៅ​ពេល​យប់​ទាំងនោះ​ ទាំង​នៅ​កន្លែង​ពួក​គេ​ធ្វើការ​ និង​នៅផ្ទះ​របស់​ពួក​គេ​ផ្ទាល់​។​ មាន​ស្ដ្រី​យ៉ាងតិច​ណាស់​ជាង​ ២០​នាក់​ ក្នុង​មួយ​ឆ្នាំៗ​ ដែល​អង្គការ​នេះ​ បាន​ទទួលយក​ ទៅ​បណ្ដុះបណ្ដាល​លើ​ជំនាញ​នានា​។​ អង្គការ​តំលៃ​ស្ដ្រី​ ក៏​ជួយ​ផង​ដែរ​ទៅ​ដល់​កូន​តូចៗ​របស់​ស្ដ្រី​ បម្រើ​ការងារ​ពេល​យប់​ដើម្បី​ឲ្យ​ក្មេងៗ​ទាំង​អស់នោះ​មានឱកាស​បាន​ចូល​រៀល​ ៖«​យើង​ជួយ​ទៅ​ដល់​ក្មេងៗ​ទាំង​អស់នោះ​ នៅ​ក្នុង​សហគមន៍​ឲ្យ​គាត់​បាន​បក​ទៅ​រៀន​នៅ​សាលា​រដ្ឋ​វិញ​ ឬ​ក៏​សាលា​ឯកជន​ អ​ញ្ចឹ​ង​អង្គការ​តំលៃ​ស្ដ្រី​ផ្ដល់​នូវ​អាហារ​រូបករណ៍​ដល់​ពួក​គាត់​»​។​

​ស្ថាបនិក​អង្គការ​តំលៃ​ស្ដ្រី​ បញ្ជាក់​ទៀត​ថា​ រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​អង្គការ​របស់​លោកស្រី​ បាន​ជួយ​ស្ដ្រី​ធ្វើការ​ពេល​យប់​ឲ្យ​ទទួល​បាន​ចំណេះ​ជំនាញ​ចំនួន​ ១៣៧​នាក់​។​ បើ​ទោះជា​ចំនួន​នេះ​នៅ​តិច​តូច​នៅឡើយ​ក៏​ពិតមែន​ ក៏​ប៉ុន្ដែ​លោកស្រី​ សេង​ សុ​លី​ដា​ សង្កត់ធ្ងន់​ថា​ ការ​ចូលរួម​ជួយ​ស្ដ្រី​រង​គ្រោះ​បាន​តិច​ ធ្វើ​យូរ​ទៅ​នឹង​បាន​កាន់តែ​ច្រើន​ និង​មួយវិញទៀត​ការ​បាន​ធ្វើ​សកម្មភាព​ ប្រសើរ​ជាង​ការ​មិន​បាន​ធ្វើ​អ្វី​សោះ​។​ ស្ថាបនិក​រូប​នេះ​ រំពឹង​ថា​ តទៅ​ថ្ងៃ​មុខ​អង្គការ​របស់​លោកស្រី​ នឹង​អាច​ជួយ​ដល់​ស្ដ្រី​ ដែល​ធ្វើការ​ពេល​យប់​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​ តាម​រយៈ​ការ​គាំទ្រ​របស់​អង្គការ​ជា​ដៃគូ​នានា​ ដោយ​ផ្ដល់​ជា​មុខរបរ​ថ្មី​ ប្រសើរ​ជាង​ការ​ធ្វើ​ការងារ​នៅ​ក្នុង​ កន្លែង​កម្សាន្ដ​ បៀ​កា​ឌិន​ ឬ​ក៏​ហាង​ខារ៉ាអូខេ​ជាដើម​៕

Share

ព័ត៌មានទាក់ទង

Image