en     km
en     km

ប្រទេស​ថៃ​ ៖​ ពលករ​បរទេស​ ដែល​គ្មាន​ឯកសារ​នឹង​ត្រូវ​ចាប់ខ្លួន​ចាប់ពី​ថ្ងៃ​ទី​០១​ ខែកក្កដា​

Share

​ភ្នំពេញ​ ៖​ ស្ថានទូត​កម្ពុជា​ ប្រចាំ​នៅ​ប្រទេស​ថៃ​ បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ ដែល​អ្នក​សារព័ត៌មាន​ទទួល​បាន​នៅ​ថ្ងៃ​ទី​២៦​ ខែមិថុនា​នេះ​ បញ្ជាក់​ថា​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៨​ តទៅ​ អាជ្ញាធរ​ថៃ​នឹង​ចុះ​អនុវត្ដ​ច្បាប់​ស្ដី​ពី​ ការ​គ្រប់គ្រង​ ការ​ធ្វើ​ការងារ​ របស់​ពលករ​បរទេស​ នៅ​ក្នុង​ប្រទេស​នេះ​។​

​ស្ថានទូត​កម្ពុជា​ បញ្ជាក់​ទៀត​ថា​ ដើម្បី​គេច​ផុត​ពី​ការ​ចាប់ខ្លួន​ បញ្ជូន​ចេញពី​ប្រទេស​ថៃ​ ក៏​ដូច​ជា​ការ​ផាកពិន័យ​ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​កំពុង​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ ត្រូវ​រួសរាន់​ទៅ​ស្នើ​សុំ​ការ​ធ្វើ​លិខិតបញ្ជាក់​អត្ដសញ្ញាណ​ បន្ដ​សុពលភាព​ប័ណ្ណ​មិនមែន​សញ្ញា​តិ​ថៃ​ ស្នើ​សុំ​ទិដ្ឋាការ​ស្នាក់​នៅ​ ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០១៨​ សម្រាប់​ការិយាល័យ​បញ្ជាក់​អត្ដសញ្ញាណ​កម្ពុជា​។​

​លើស​ពី​នេះ​ស្ថានទូត​កម្ពុជា​ ប្រាប់​ឲ្យ​ដឹង​ថា​ មជ្ឈមណ្ឌល​ច្រក​ចេញចូល​តែ​មួយ​ (OSS)​ របស់​ភាគី​ថៃ​ នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៨​ ដោយ​គ្មាន​ការ​ពន្យា​ពេល​ឡើយ​។​ ចំណែក​ការិយាល័យ​បញ្ជាក់​អត្ដសញ្ញាណ​ជូន​ពលករ​កម្ពុជា​ នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០១៨​។​

​ជាមួយ​គ្នា​នេះ​ ស្ថានទូត​កម្ពុជា​ ប្រចាំ​នៅ​ប្រទេស​ថៃ​ ក៏​បញ្ជាក់​បន្ថែម​ដែរ​ថា​ ចំពោះ​ពលករ​កម្ពុជា​ ដែល​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​ ដែល​មិន​មាន​ឯកសារ​ស្របច្បាប់​ សូម​ទំនាក់ទំនង​ទៅ​ស្ថានទូត​ ដើម្បី​សុំ​ លិខិត​ធ្វើ​ដំណើរ​បណ្ដោះអាសន្ន​ប្រភេទ​ថ្មី​ (Laisses-Passer)​ ធ្វើ​ដំណើរ​ត្រឡប់​មក​កម្ពុជា​វិញ​ រៀបចំ​ឯកសារ​ស្របច្បាប់​ និង​ត្រឡប់​ចូល​ទៅ​ការ​នៅ​ប្រទេស​ថៃ​វិញ​តាម​រយៈ​ MOU៕

Share

ព័ត៌មានទាក់ទង

Image