ក្រចេះ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសដាក់ឲ្យប្រើប្រាស់នូវម៉ាកជាផ្លូវការ «ក្រូចថ្លុងកោះទ្រង់» ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងជាឈើហូបផ្លែធម្មជាតិដែលមានឱជារសឆ្ងាញ់ និងកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីសម័យសង្គមរាស្ត្រនិយម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ២៥ មិថុនា។
ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ម៉ាក «ក្រូចថ្លុងកោះទ្រង់»នេះ បានធ្វើឡើងនៅខេត្តក្រចេះ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក វ៉ា ថន អភិបាលខេត្តក្រចេះ។
ការបង្កើតម៉ាកនេះ អាចបញ្ជាក់នូវប្រភពដើម រសជាតិ គុណភាព ដល់អ្នកបរិភោគ ក៏ដូចជាការជំរុញឱ្យមានការនាំចេញទៅកាន់ទីផ្សារអន្តរជាតិទៀតផង។ ជាងនេះទៀត វាក៏អាចជួយទប់ស្កាត់ការក្លែងបន្លំអត្តសញ្ញាណ និងជួយទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកកម្សាន្តកាន់តែច្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា នៅកោះទ្រង់បច្ចុប្បន្ន មានប្រជាពលរដ្ឋដាំក្រូចថ្លុងសរុប ៣៣១គ្រួសារ ហើយទិន្នផលប្រចាំឆ្នាំយ៉ាងតិច ១០០ផ្លែ ក្នុងមួយដើម ចេញពីដើមក្រូចថ្លុងចំនួន ២,៤៧៤ដើម ក្នុងចំណោមដើមក្រូចថ្លុងសរុប ១៣,៧៩០ដើម៕