en     km
en     km

​គ្រឿងញៀន​ជាង​ ៦០​ គីឡូក្រាម​ តម្លៃ​ជិត​ ២​លាន​ដុល្លារ​ត្រូវ​ដុត​កំទេច​

Share

​ភ្នំពេញ​៖​ អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​ង​បាន​ដុត​កំទេច​គ្រឿងញៀន​ជាង​ ៦០​ គីឡូក្រាម​ដែល​មាន​តម្លៃ​ប្រមាណ​ ២​ លាន​ដុល្លារ​អា​មេ​រិ​ក​។​ ការ​ដុត​បំផ្លាញ​គ្រឿ​ញៀន​ ដើម្បី​ចូលរួម​ចំណែក​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។​ ពិធី​នេះ​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ទី​ ២៦​ ខែ​ មិថុនា​នេះ​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

                               គ្រឿងញៀនចំនួន ៦៤ គីឡូក្រាមត្រូវដុចកំទេច នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នំា ២០១៨។

​លោកនាយ​ឧត្តមសេនីយ៍​ កែ​ គឹម ​យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្លែង​នៅ​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថា​ គ្រឿងញៀន​ទាំងនោះ​មាន​តម្លៃ​ប្រមាណ​ ២​ លាន​ដុល្លារ​អា​មេ​រិ​។

​លោកនាយ​ឧត្តមសេនីយ៍​ កែ​ គឹម ​យ៉ា​ន​៖ «​អា​រឿង​តម្លៃ​យើង​ប៉ាន់ស្មាន​គេ​រាយការណ៍​ពី​ព្រះ​រា​ជ្ញា​ថា​ប្រហែល​ ២​ លាន​ដុល្លារ​ ប៉ុន្តែ​មាន​របស់​ច្រើន​ទៀត​វា​មាន​តម្លៃ​ដែរ​ដែល​យើង​ត្រូវ​យក​ម​ប្រើ​ ដូច​ជា​អចលនទ្រព្យ​ របស់​​ជនល្មើស​។​»

​ក្នុង​ចំណោម​គ្រឿងញៀន​ចំនួន​ ៦៤​ គីឡូក្រាម​ មាន​ហេ​រ៉ូ​អ៊ី​ន​ អំ​ហ្វេ​តា​មីន​ ម៉េ​តាំ​ហ្វេ​តា​មីន​ កញ្ឆា​ និង​ប្រភេទ​គ្រឿងញៀន​ថ្មី​មួយ​ប្រភេទ​ឈ្មោះ​ថា​ ខាត​ ដែល​ជា​រុក្ខជាតិ​នាំ​ចូល​ពី​ប្រទេស​អេ​ក្យូ​ពី​។​

​លោក​ សៀង​ សុខ​ ប្រធាន​គណៈកម្មការ​ដុត​បំផ្លាញ​គ្រឿងញៀន​ ឲ្យ​ដឹង​ថា​ គ្រឿងញៀន​ត្រូវ​ ដុត​កំទេច​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​សាលាដំបូង​ខេត្តកណ្តាល​ រឹបអូស​ពី​ក្រុម​ឧក្រិដ្ឋជន​។​ លោក​ សៀង​ សុខ​ បញ្ជាក់​ថា​ សំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន​ ៩​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​រឹបអូស​ពី​ជនល្មើស​គ្រឿងញៀន​ជាង​ ៦៣​គីឡូក្រាម​។​

​ចំណែក​សំណុំរឿង​ចំនួន​ ១១០​ នៃ​សាលាដំបូង​ខេត្តកណ្តាល​រឹបអូស​គ្រឿងញៀន​ ៤៣២,៥៤​ ក្រាម​។​ ទោះបី​យ៉ាងណា​ សំណុំរឿង​គ្រឿងញៀន​តុលាការ​កំពុង​ចាត់ការ​ និង​ជាប់​បណ្តឹងឧទ្ធរណ៍​ជា​ច្រើន​ទៀត​ដែល​គណៈ​ក​ម្មា​ការ​នឹង​រៀបចំ​ដុត​បំផ្លាញ​ជា​បន្តបន្ទាប់​។​

​ក្នុង​ដំណាក់កាល​ទី​ ៣​ នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ អាជ្ញាធរ​ឃាត់ខ្លួន​ជនសង្ស័យ​ជាង​ ៥៧០០​នាក់​ និង​បង្ក្រាប​បទល្មើស​ជាង​ ២៨០០​ ករណី​។​ ការ​ផ្តល់​ការ​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​ដល់​អ្នក​គ្រឿងញៀន​ជាង​ ៧០០០​នាក់​ ហើយ​អាជ្ញាធរ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ពី​ផល​ប៉ះពាល់​ និង​គ្រោះថ្នាក់​គ្រឿងញៀន​ដល់​ប្រជាពលរដ្ឋ​ជាង​១​លាន​៦​សែន​នាក់​។​

​កាលពី​ឆ្នាំ​មុន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​សម្រេច​ដុត​កំទេច​គ្រឿងញៀន​ជាង​ ១០០​ គីឡូក្រាម​ដែល​មាន​តម្លៃ​ជិត​៤​លាន​ដុល្លារ​អា​មេ​រិ​ក​៕

Share

ព័ត៌មានទាក់ទង

Image