ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡារំឮកជាថ្មីពីសេចក្ដីណែនាំ ដែលហាមប្រាមនូវគ្រប់សកម្មភាពឃោសនាទាំងអស់ ក្នុងគ្រឹះស្ថានសិក្សាទាំង រដ្ឋ និងឯកជន។ ក្រសួងបញ្ជាក់ថា សកម្មភាពឃោសនាទាំងអស់អាចប្រព្រឹត្ដទៅបានលុះត្រាតែមានការអនុញ្ញាតពីក្រសួងអប់រំ។
លោកលៀ ស៊ីណា ជូនសេចក្ដីរាយការណ៍៖
យោងតាមសេចក្ដីណែនាំដែលរដ្ឋមន្ដ្រីក្រសួងអប់រំ ចុះហត្ថលេខាកាលពីខែសីហា ឆ្នាំ២០១៥ ហើយត្រូវបានក្រសួងនេះយកមកផ្សព្វផ្សាយជាថ្មីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា កន្លងមកក្រសួងអប់រំបានសង្កេតឃើញថា នៅតាមគ្រឹះស្ថានសិក្សាទាំងសាធារណៈ និង ឯងជន មានសមាគម អង្គការ បុគ្គលិកអប់រំ និងគ្រូបង្រៀនជាប់កិច្ចសន្យាមួយចំនួន បានធ្វើសកម្មភាពមិនប្រក្រតី ដោយបានធ្វើការផ្សព្វផ្សាយ បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរបស់ សមាគម និងអង្គការទាំងនោះ ហើយមិនតែប៉ុណ្ណោះថែមទាំង ឃោសនាបំផុសគំនិត ឲ្យបុគ្គលិកអប់រំចូលរួមសកម្មភាពជាមួយពួកគេថែមទៀត។
បន្ថែមពីនេះ សមាគម និងអង្គការមួយចំនួន បានបង្កើតឲ្យមានសាខារបស់ពួកគេនៅតាមគ្រឹះស្ថានសិក្សាទាំងសាធារណៈ និងឯកជន។ លើសពីនេះពួកគេបានធ្វើសកម្មភាពជ្រៀតជ្រែកការងារគ្រប់គ្រងកិច្ចការអប់រំថែមទៀតផង។ ក្រសួងអប់រំ ចាត់ទុកថា សកម្មទាំងអស់នោះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សណ្ដាប់ធ្នាប់ក្នុងគ្រឹះស្ថានសិក្សា ដែលផ្ទុយនឹងគោលការណ៍អព្យាក្រឹត្យភាព របស់គ្រឹះស្ថានសិក្សា ជាពិសេសផ្ទុយពីច្បាប់ស្ដីពីការអប់រំ។
ក្រសួងអប់រំបញ្ជាឲ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវហាមឃាត់ដាច់ខាតរាល់សកម្មភាពរបស់សមាគម អង្គការ ឬក៏ភ្នាក់ងារណាមួយធ្វើសកម្មភាពនៅក្នុងគ្រឹះស្ថានអប់រំ ដោយគ្មានការអនុញ្ញាតពីក្រសួងអប់រំ។ ក្នុងគ្រឹះស្ថានសិក្សា គឺមិនអនុញ្ញាតឲ្យមានការឃោសនានយោបាយ ធ្វើសកម្មភាពនយោបាយឡើយ។ ក្នុងករណីចង់ធ្វើសកម្មភាពក្នុងគ្រឹះស្ថានសិក្សានានា ត្រូវសុំការអនុញ្ញាតពីក្រសួងអប់រំ ឬអាជ្ញាធរមានសមត្ថកិច្ច។
តាមរយៈសេចក្ដីណែនាំនេះ គ្រប់សកម្មភាពទាំងអស់ដែលធ្វើឲ្យប៉ះពាល់ដល់អព្យាក្រឹត្យរបស់ស្ថាប័នអប់រំ និងគ្រឹះស្ថានសិក្សា ត្រូវទទួលទណ្ឌកម្ម តាមមាត្រា ៥២ នៃច្បាប់ស្ដីពីការអប់រំ។ គ្រប់សកម្មភាពនយោបាយ ឬការឃោសនានយោបាយ ធ្វើឲ្យគណបក្សនយោបាយណាមួយនៅក្នុងស្ថាប័នអប់រំ ឬគ្រឹះស្ថានសិក្សាដែផ្ទុយនឹងមាត្រា ៣៤ នៃច្បាប់នេះ ត្រូវពិន័យអន្ដរការណ៍ជាប្រាក់ពី ១លានរៀល ដល់ ៥លានរៀល។ ក្នុងករណីដែលមិនរាងចាល បុគ្គលនោះត្រូវផាកពិន័យអន្ដរការណ៍ជាប្រាក់ទ្វេដង នៃចំនួនប្រាក់ពិន័យអន្ដរការណ៍ខាងលើ។ ទន្ទឹមគ្នានេះចំពោះនីតិបុគ្គលត្រូវទទួលពិន័យអន្ដរការណ៍ជាប្រាក់ពី ១០លានរៀល ទៅ ២០លានរៀល ហើយនៅក្នុងករណីដែលមិនរាងចាល នឹងត្រូវផាកពិន័យទ្វេដងនៃប្រាក់ពិន័យអន្ដរការណ៍ខាងលើ។
ជាងនេះ បើសិនជាមានសកម្មភាពដូចបានកំណត់ខាងលើប្រព្រឹត្ដដោយនីតិបុគ្គល ដែលជាស្ថាប័នអប់រំ ឬគ្រឹះស្ថានសិក្សា ហើយស្ថិតក្នុងករណីមិនរាងចាល បុគ្គលរូបនោះត្រូវព្យួរជាបណ្ដោះអាសន្ន ឬដកហូតជាស្ថាពរនូវអាជ្ញាប័ណ្ណអប់រំរបស់ស្ថាប័នអប់រំ ឬគ្រឹះស្ថានសិក្សានោះ។
តាមរយៈសេចក្ដីណែនាំនេះ ក្រសួងអប់រំសង្កត់ធ្ងន់ថា គ្រប់គ្រឹះស្ថានអប់រំទាំងអស់ ដែលស្ថិតក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា គ្រប់រាជធានី ខេត្ដ ត្រូវផ្សព្វផ្សាយឲ្យបានទូលាយ ដល់បុគ្គលិកអប់រំ គ្រប់ឋានានុក្រមឲ្យអនុវត្ដតាមសេចក្ដីណែនាំនេះឲ្យមានប្រសិទ្ធភាព។
កម្ពុជានឹងមានការបោះឆ្នោតសភានីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ហើយការឃោនាបោះឆ្នោតនឹងចាប់ផ្ដើមពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ផងដែរ។ ការបោះឆ្នោតលើកនេះ មាន ២០គណបក្ស ចូលរួម តែបក្សសង្គ្រោះជាតិ ដែល បានកាន់កាប់អាសនៈ ៥៥ ក្នុងរដ្ឋសភា មិនមានវត្តមានក្នុងការបោះឆ្នោតនេះ ដោយសារបក្សនេះត្រូវបានរំលាយក្រោម បទចោទក្បត់ជាតិ៕