en     km
en     km

​លោក​សម​ រ​ង្ស៊ី​ ចាត់​ទុក​ប្រសា​សន៍​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ជា​ការ​បំភ្លៃ​ និង​បំភ័យ​រាស្ត្រ​

Share

150929-dara-news-01-cover

នៅ​ពាក់កណ្ដាល​ខែកញ្ញា​កន្លង​មកនេះ​ លោក​កឹ​ម​ សុខា​ បាន​ប្រាប់​អ្នកគាំទ្រ​ថា​ បើ​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ​បាន​ លុះត្រាតែ​គណបក្ស​នេះ​ឈ្នះ​ឆ្នោត​។​ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ជា​រឿយៗ​ថា​ បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​អាច​នឹង​មាន​សង្គ្រាម​ ហើយ​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជា​ថ្មី​ថា​ សង្គ្រាម​នោះ​ អាច​ជា​សង្គ្រាម​វណ្ណៈ​ និង​សង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង​។​ យ៉ាងនេះ​ក្ដី​ លោក​សម​ រ​ង្ស៊ី​បាន​បញ្ជាក់​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ​ថា​ គណបក្ស​នេះ​មិន​យក​ពលរដ្ឋ​ខ្មែរ​ណា​ជាស​ត្រូវ​ ហើយ​ក៏​មិន​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ ដោយ​ការ​ធ្វើសង្គ្រាម​ដែរ​។​ លោក​សម​ រ​ង្ស៊ី​ចាត់​ទុក​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ថា​ជា​ការ​បំ​ផិត​បំភ័យ​រាស្ត្រ​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​ថា​ អ្នក​ដែល​និយាយ​ថា​ បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​នឹង​មាន​សង្គ្រាម​ គឺជា​ការ​កុហក​បោកប្រាស់​ បំភ្លៃ​ និង​បំភិតបំភ័យ​ប្រជារាស្ត្រ​។​

​លោក​សម​ រ​ង្ស៊ី​ បាន​ថ្លែង​ក្នុង​វេទិកា​ជួប​ជាមួយ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​ កាលពី​ថ្ងៃ​ទី​២៦​ ខែកញ្ញា​ថា​ ជា​គោលការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​មិន​ចាត់​ទុក​ពលរដ្ឋ​ខ្មែរ​ណា​ជាស​ត្រូវ​ទេ​ ហើយ​ក៏​មិន​ធ្វើសង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែរ​ ប៉ុន្តែ​នឹង​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​ប្រើ​យន្តការ​អន្តរជាតិ​ «​បើ​យើង​អត់​មាន​ចាត់​ទុក​នរណា​ជាស​ត្រូវ​ យើង​អត់​មាន​សត្រូវ​ បើ​អត់​មាន​សត្រូវ​ ក៏​មិន​អាច​មាន​សង្គ្រាម​ដែរ​បងប្អូន​ ។​ មិន​អ​ញ្ចឹ​ង​!​ ទៅ​ធ្វើសង្គ្រាម​ជាមួយ​អ្នក​បើ​អត់​មាន​សត្រូវ​។​ ទី​២​ គេ​ថា​ សង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង​ ពីព្រោះ​ថា​ យើង​ទៅ​ទាមទារ​ទឹកដី​ ចង់​ឲ្យ​មើល​បន្ទាត់​ព្រំដែន​ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ​។​ យើង​ត្រូវ​តែ​ទាមទារ​ ទឹកដី​ដែល​បាត់បង់​យូរ​ឆ្នាំ​ណាស់​មក​ហើយ​ តែ​ដប់​ឆ្នាំ​ ម្ភៃ​ឆ្នាំ​ចុង​ក្រោយ​នេះ​ កន្លែង​ណា​ដែល​បាត់បង់​ យើង​ត្រូវ​តែ​ទាមទារ​មក​វិញ​ ។​ ប៉ុន្តែ​ទាមទារ​ដោយ​សន្តិវិធី​ អត់​មាន​ច្បាំង​ទេ​ អត់​មាន​សង្គ្រាម​ទេ​ អ្នក​ណា​និយាយ​អ​ញ្ចឹ​ង​ និយាយ​បំ​ភ្លើ​ស​ ភូត​ កុហក​ មួលបង្កាច់​ បំភ័យ​ប្រជារាស្ត្រ​»​។​

150929-dara-news-01-pix-1
លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​

សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០១៥​ កន្លង​មកនេះ​ ក្នុង​សន្និបាត​បូក​សរុប​ចលនា​ប្រឡងប្រណាំង​រមណីយដ្ឋាន​ស្អាត​ សេវា​ល្អ​ ឆ្នាំ​២០១៤​ ដែល​ធ្វើ​ឡើង​សណ្ឋាគារ​សុខា​ក្នុង​រាជធានី​ភ្នំពេញ​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ថ្លែង​សំដៅ​ទៅ​គណបក្សប្រឆាំង​ថា​ បើ​គណបក្ស​នោះ​ឈ្នះ​ឆ្នោត​នឹង​នាំ​ឲ្យ​មាន​សង្គ្រាម​។​ លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ សង្គ្រាម​ដែល​លោក​និយាយ​នោះ​ គឺ​អាច​ជា​សង្គ្រាម​វណ្ណៈ​រវាង​អ្នកមាន​ និង​អ្នកក្រ​ និង​អាច​ជា​សង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង​ ករណី​ដែល​គណបក្សប្រឆាំង​ទាមទារ​សើរើ​រឿង​ព្រំដែន​ «​ម្ង៉ៃៗ​ឃើញ​តែ​ដើរទៅ​ ទាល់តែ​បោះ​ឆ្នោត​ឲ្យ​គេ​បាន​វា​ដោះស្រាយ​នេះ​ ដោះស្រាយ​នោះ​ ក៏​ប៉ុន្តែ​ខ្ញុំ​សូម​ហ៊ាន​និយាយ​ អស់លោក​នៅ​ទី​នេះ​សុទ្ធតែ​ជាស​ត្រូវ​របស់​ពួក​គេ​។​ អ​ញ្ចឹ​ង​តើ​អាហ្នឹង​សុខ​ទេ​ អាហ្នឹង​?​ នែ៎ក​!​ អស់លោក​អ្នកឧកញ៉ា​ទាំងឡាយ​សុទ្ធតែ​ជាស​ត្រូវ​វណ្ណៈ​ណា៎​!​ គេ​នឹង​រឹបអូស​អា​អូ​តែ​ល​ហ្នឹង​ឲ្យ​ទៅ​អ្នកក្រ​ អ​ញ្ចឹ​ង​តើ​វា​សុខ​ទេ​?​ ដែល​ខ្ញុំ​និយាយ​ថា​វា​នឹង​កើតសង្គ្រាម​មិនមែន​គ្មាន​ហេតុផល​ទេ​ ព្រោះ​ដោយសារ​ចំណុច​ពីរ​ដែល​ត្រូវ​លើកយក​មក​និយាយ​។​ ចំណុច​ទី​១​ គឺ​ចាត់​ទុក​អ្នកមាន​ជាស​ត្រូវ​របស់​គេ​ទៅ​ហើយ​ ចំណុច​ទី​២​ យក​ប្រទេស​ជិតខាង​ជាស​ត្រូវ​ទៅ​ហើយ​ អ​ញ្ចឹ​ង​រឿង​អី​មិនកើត​សង្គ្រាម​?​ អ​ញ្ចឹ​ង​ទេ​ ចំណុច​នេះ​ ជា​ចំណុច​ដែល​ត្រូវ​គិត​!»​។​

សូម​រំឭក​ថា​ ភ្លាមៗ​ក្រោយ​ការ​ថ្លែង​របស់​លោកនាយក​រដ្ឋមន្ត្រី​នៅ​ពេល​នោះ​ មន្ត្រី​សង្គម​ស៊ី​វិល​ និង​អ្នកវិភាគ​បាន​ចាត់​ទុក​ថា​ ជា​ការ​បំភិតបំភ័យ​ប្រជាពលរដ្ឋ​។​ អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ថា​ ក្នុង​សង្គម​ទំនើប​នេះ​ សង្គ្រាម​វណ្ណៈ​មិន​អាច​កើតឡើង​ទេ​ ព្រោះ​ប្រទេស​នីមួយៗ​មានច្បាប់​រដ្ឋធម្មនុញ្ញ​ជា​គោល​ គណបក្ស​នយោបាយ​ដែល​ឈ្នះ​ឆ្នោត​ថ្មី​ មិន​អាច​ធ្វើ​អ្វី​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​បាន​ឡើយ​។​ ចំណែកឯ​បញ្ហា​សង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង​វិញ​ ក៏​ពិបាក​នឹង​កើតឡើង​ដែរ​ ព្រោះ​គេ​ត្រូវ​ប្រើ​យន្តការ​អន្តរជាតិ​ ដូច​ករណី​កម្ពុជា​ និង​ថៃ​កន្លង​មក​ គេ​បាន​ប្រើ​យន្តការ​តុលាការក្រុង​ឡា​អេ​ ហើយ​ករណី​ព្រំដែន​កម្ពុជា​ វៀតណាម​ ដែល​កំពុង​កើតឡើង​នេះ​ ក៏​គេ​អាច​ប្រើ​យន្តការ​អាស៊ាន​ និង​អង្គការសហប្រជាជាតិ​ដើម្បី​ដោះស្រាយ​បាន​ដែរ​។​

​សូម​រំឭក​ផង​ដែរ​ថា​ ក្នុង​ពេល​កន្លង​មក​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងប្រាប់​ដល់​អ្នកគាំទ្រ​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ​ថា​ ដើម្បី​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ​ ដូច​ជា​បញ្ហា​បូរណភាព​ទឹកដី​ជាមួយ​ប្រទេស​ជិតខាង​ជាដើម​ លុះណាតែ​គណបក្ស​នេះ​ឈ្នះ​ការ​បោះ​ឆ្នោតជាតិ​៕

Share

ព័ត៌មានទាក់ទង

Image