ភ្នំពេញ៖ អាជ្ញាធរមានសមត្ថកិច្ចនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៥ ខែ មិថុនានេះ សម្រេចបញ្ជូនជនសង្ស័យជន ជាតិចិនម្នាក់ និង ខ្មែរ៤នាក់ឡើងតុលាការ ជាប់ពាក់ព័ន្ធនឹងការផ្តល់សេវាពពោះដោយ ខុសច្បាប់។
លោកវរសេនីយ៍ឯក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃបញ្ជាក់ថា ជនសង្ស័យទាំងនោះសម្រេចបញ្ជូនឡើងតុលាការនៅព្រឹកថ្ងៃ ចន្ទនេះ។ លោកថា នគរ បាលយុត្តិធម៌ចោទជនសង្ស័យនេះពីបទជួញដូរមនុស្សសម្រាប់នាំឆ្លងដែន និងបទធ្វើអន្តរការី។
កាលពីសប្តាហ៍មុន កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចបានឆ្មក់ចូលផ្ទះវីឡាមួយ ស្ថិតនៅសង្កាត់ច្រាំងចំរេះ ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញដោយ រកឃើញស្រី្តមានផ្ទៃពោះចាប់ពី២ ខែ រហូតដល់ ៨ ខែ ចំនួន ៣៣ នាក់។
ករណីនេះអាជ្ញាធរ បានឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ឈ្មោះ Liu Qiang វ័យ ៤៩ ឆ្នាំ និងជនជាតិខ្មែរ ៤ នាក់។ ជនសង្ស័យទាំំងនោះ រួមមាន ឈ្មោះ ស្វាយ ស៊ីណុច ភេទស្រី អាយុ ៣៤ ឆ្នាំ និង ឈ្មោះ នឿន ស្រីឡាង ភេទស្រី អាយុ ២៧ ឆ្នាំ ហើយជនសង្ស័យឈ្មោះ លឹម សុភាព ភេទស្រី អាយុ ១៩ ឆ្នាំ និងឈ្មោះ ថៃ ភាព ភេទស្រី អាយុ ៤៣ ឆ្នាំ។
កាលពីឆ្នាំ ២០១៦ អាជ្ញាធរចាប់ខ្លួនស្ត្រីជនជាតិអូស្ត្រាលីម្នាក់ និងពលរដ្ឋខ្មែរ២នាក់ ដោយតុលាការផ្តន្ទាទោសអ្នកទាំង ៣ ឲ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ ពាក់ព័ន្ធសំណុំរឿងជួលស្ត្រីខ្មែរឲ្យពពោះជំនួស។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ឲ្យដឹងថា ក្រោយពីរកឃើញស្ត្រីខ្មែរយ៉ាងតិច ៣០ នាក់បានស៊ីឈ្នួលពពោះជំនួសឲ្យជនបរទេស ចាប់តាំងពីឆ្នាំ ២០១៦ មក។
ករណីនេះ រាជរដ្ឋាភិបាលសម្រេចឲ្យមានគោលបណ្តោះអាសន្នមួួយ ដើម្បីអនុញ្ញាតឪពុកម្តាយដែលចង់បានទារកក្នុងផ្ទៃពោះទៅចិញ្ចឹម ប៉ុន្តែត្រូវដាក់ពាក្សស្នើសុំពីក្រសួងមហាផ្ទៃ និងផ្តល់ឯកសារពាក់ព័ន្ធទៅតុលាការ។ ប៉ុន្តែចាប់តាំងពីខែកក្ដដា ឆ្នាំ ២០១៧ រហូតដល់ ដើមខែមករា ឆ្នាំ ២០១៨នេះ ក្រសួងមហាផ្ទៃប្រកាសហាមប្រាមមិនមានសេវាស៊ីឈ្នួលពពោះជំនួសទេ។
លោកស្រី ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បន្ថែមថា បើអាជ្ញាធររកឃើញមានករណីផ្តល់សេវាស៊ីឈ្នួលពពោះជំនួស ក្រោយពីក្រសួងមហាផ្ទៃ បញ្ចប់ការដោះស្រាយទារកដែលកើតចុងក្រោយបំផុតនៅថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០១៨ មកគឺជាករណីល្មើសច្បាប់។
លោកស្រី ជូ ប៊ុនអេង៖ «យើងហាមតាំងពីក្នុងអំឡុងពេលដែលយើងចេញគោលការណែនាំឆ្នាំ ២០១៧ មក។ យើងទទួលដោះស្រាយតែទារកណាដែលមានផ្ទៃពោះពេលនោះរួចហើយ ត្រូវកើតចុងក្រោយបំផុតនៅថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០១៨។អ្នកមានផ្ទៃពោះបន្តទៀតមានន័យគាត់ថាបំពានហើយ មេខ្យល់ ឬមួយអន្តរការីដទៃទៀត ឬក៏អ្នកព្យាយាមគេហៅយកទារកចេញដោយខុសច្បាប់ ហើយបើគាត់ធ្វើអញ្ចឹងមានន័យថាគាត់បំពានច្បាប់ យើងអត់យល់ពីគោលបំណង ថាគាត់យកទៅធ្វើអ្វីទេ បានព្យាយាមយកកូននឹងទៅដោយខុសច្បាប់»។
ដើម្បីទប់ស្កាត់ករណីនេះ រាជរដ្ឋាភិបាលកំពុងដំណើរពិភាក្សាសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងសេវាពពោះជំនួសដែលចាប់ផ្តើមតាំងពីឆ្នាំ២០១៧ ហើយត្រៀមដាក់ឆ្លងគណៈរដ្ឋមន្ត្រី ដើម្បីសិក្សាលម្អិតបន្ថែមមទៀត៕