សៀមរាប៖ អង្គការបន្ទាយស្រីបានផ្តល់វគ្គបណ្តុះបណ្តាលជំនាញស្តីពីទំនាក់ទំនង ការសម្របសម្រួស ការនិយាយជាសាធារណៈ និងការរៀបចំវេទិកាសាធារណៈជាដើម ដល់បេក្ខាភាពស្រ្តីជាក្រុមប្រឹក្សាឃុំដើម្បីឱ្យស្រ្តីទាំងនោះមានសមត្ថកិច្ចអាចកៀងគររកសំឡេងឆ្នោតជូនគណបក្សពួកគេបាន។ វគ្គបណ្តុះបណ្តាលក្រោមជំនួយឧបត្ថម្ភពីសហភាពអឺរ៉ុប(EU)នេះ បានបិទបញ្ចប់រួចរួលហើយកាលពីឆ្នាំ២០១៧ តែ សម្រាប់លោកស្រីនាយិការអង្គការបន្ទាយស្រីលើកឡើងថា វគ្គបណ្តុះបណ្តាលនេះគឺទទួលបានភាពជោគជ័យ ព្រោះសិក្ខាកាមភាគច្រើនបានជាប់ជាក្រុមប្រឹក្សាឃុំក្នុងខេត្តសៀមរាប។
ក្រោមជំនួយថវិកាពីសហភាពអឺរ៉ុប អង្គការបន្ទាយស្រីបានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលមួយសម្រាប់ស្រ្តីក្នុងស្រុកចំនួនពីរគឺស្រុកអង្គរធំ និងស្រុកពួក ខេត្តសៀមរាប ដែលមានបេក្ខាភាពស្រ្តីជាក្រុមប្រឹក្សាឃើញមកពីបួនគណបក្សនយោបាយគឺគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែររួបរួមជាតិ។
អ្នកស្រី លី ផារុំ ប្រធានក្រុមការងារយេនឌ័រផ្នែកសន្តិភាពនៃការអង្គការបន្ទាយស្រី និងជាគ្រូបង្វឹកក្នុងវគ្គបណ្តុះបណ្តាលនេះនិយាយថា មូលហេតុដែលអង្គការបន្ទាយស្រីរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលជំនាញសម្របសម្រួលដល់ស្រ្តីដែលជាបេក្ខាភាពឈរឈ្មោះជាក្រុមប្រឹក្សាឃុំនេះ ព្រោះថាស្រ្តីភាគច្រើននៅមានកង្វះខាតលើជំនាញក្នុងការនិយាយជាសាធារណ ការទំនាក់ទំនងល្អជាមួយពលរដ្ឋជាដើម។ អ្នកស្រីបន្តថា ភាពរឹងមាំ ភាពក្លាហានដល់ស្រ្តី នាំឱ្យពួកគេមានសក្តានុពលអាចស្វែងរកការគាំទ្រពីពលរដ្ឋ និងអាចដោះស្រាយបញ្ហាក្នុងគ្រួសារបានល្អប្រសើរផងដែរ។
អ្នកស្រី លី ផារុំ៖«ចំពោះផលវិញយើងឃើញថា ទីមួយសម្រាប់ស្រ្តីខ្លួនឯងក្នុងភាពជាអ្នកដឹកនាំ ទោះបីជាលទ្ធផលចុងក្រោយបក្សមួយចំនួនហ្នឹងគាត់អត់បានជាប់ អត់បានដើរតួនាទីជាអ្នកដឹកនាំជាក្រុមប្រឹក្សាឃុំ ឬក៏ជាជំទប់ទេ ប៉ុន្តែគាត់ប្រើភាពជាអ្នកដឹកនាំរបស់គាត់ក្នុងសហគមន៍នៅក្នុងគ្រួសាររបស់គាត់ ឃើញថាគាត់អាចប្រើប្រាស់បានដោយមានសក្តានុពលមួយខ្លាំងតែម្តង!នេះហើយជាផល និងចំណុចខ្លាំងដែលគាត់នៅរក្សាបាន។»
អ្នកស្រី សុខ គឹមហាច ក្រុមប្រឹក្សាឃុំលាងដៃទទួលបន្ទុកផ្នែកស្រ្តី និងកុមារនិយាយថា ក្រោយពីទទួលបានការបណ្តុះបណ្តាលជំនាញសម្របសម្រួល ទំនាក់ទំនង និងភាពជាអ្នកដឹកនាំពីអង្គការបន្ទាយស្រីរួចមក អ្នកស្រីមានទំនុកចិត្តចំពោះខ្លួនឯងពេលជួបចរចាជាមួយពលរដ្ឋក្នុងសហគមន៍ អាជ្ញាធរដែនដី ពិសេសអ្នកមានឋានៈក្នុងសង្គម។ ជាងនេះទៀតអ្នកស្រីថា អ្នកស្រីហាក់មានភាពក្លាហានច្រើនហ៊ានប្រឈមមុខដោះស្រាយរាល់បញ្ហាដែលពលរដ្ឋមកពឹងពាក់ ពិសេសមានភាពស្និតស្នាជាពលរដ្ឋកាន់តែខ្លាំង។
ចំពោះបញ្ហាការរើសអើងពីបុរសវិញអ្នកស្រី គឹមហាច និយាយថា មានការកាត់បន្ថយច្រើនជាងមុន បន្ទាប់ពីពួកបុរសៗបានមើលឃើញពីសមត្ថភាព ចំណេះដឹងក្នុងការនិយាយជាសាធារណៈ ពិសេសភាពក្លាហានរបស់ខ្លួនដែលតែងតែបង្ហាញតាមរយៈការបញ្ចេញយោបល់ក្នុងកិច្ចប្រជុំម្តងៗ។
អ្នកស្រី សុខ គឹមហាច៖«ដូចយើងត្រូវការដោះស្រាយអ្វីមួយ ប្រជាពលរដ្ឋត្រូវការពឹងពាក់ឱ្យយើងដោះស្រាយ យើងនឹកឃើញកាលរៀនជាមួយអង្គការបន្ទាយស្រី យើងចាំពាក្យហ្នឹងយើងមានភាពតស៊ូ ហើយយើងមិនខ្លាចការរិះគន់ក្នុងនាមជាមេដឹកនាំ ហ៊ានលះបង់ពេលវេលា ហ៊ានប្រឈមមុខនឹងបញ្ហាផ្សេងៗ»។
តាមការវាយតម្លៃរបស់លោកស្រី មីន ចិន្តា ប្រធានអង្គការបន្ទាយស្រីឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះគឺអាចនិយាយបានថា ទទួលបានភាពជោគជ័យនិងល្អប្រសើរ ព្រោះថាទិន្នន័យស្ត្រីជាប់ឆ្នោតជាមេឃុំ និងក្រុមប្រឹក្សាឃុំក្នុងខេត្តសៀមរាបគឺមានអត្រាខ្ពស់ជាខេត្តនានា។ អ្នកស្រីបន្តថា អង្គការបន្ទាយស្រីក៏មានគម្រោងចុះពង្រឹងសមត្ថភាពបន្ថែមទៅដល់ស្រ្តីដែលមិនបានជាប់ជាក្រុមប្រឹក្សាផងដែរ នៅពេលមានសេចក្តីត្រូវការពីក្រុមស្រ្តីៗទាំងនោះ។
លោកស្រី មីន ចិន្តា៖«ក្នុងខេត្តសៀមរាបបេក្ខាភាពនារីជាប់បាន១៨% យើងមិនបានតាមការរំពឹងទុកថា ដែលយើងគិតថា២០%វាមិនបានដល់ ប៉ុន្តែវាក៏ជិតក្បែរវាក៏ជាមោទនភាពរបស់យើងដែរ ហើយម្យ៉ាងទៀតស្រ្តីទាំងអស់ហ្នឹងស្រាប់តែបង្ហាញភាពក្លាយហ៊ាន ប្រើប្រាស់ចំណេះដឹងដែលយើងបានបង្រៀន គាត់អាចសម្របសម្រួលវេទិកាខ្លួនឯង គាត់ឡើងនិយាយយើងឃើញជំហាននៃការបង្រៀន គាត់និយាយរៀងញ័រ អត់ដឹងចាប់ប្រធានបទណាច្បាស់លាស់ តែពេលយើងបញ្ចប់វគ្គបណ្តុះបណ្តាលយើងឃើញថាគាត់បានធ្វើការសម្របសម្រួលវេទិកាបានល្អ នេះជាមោទនភាពរបស់យើង»។
សូមជំរាបថា វគ្គបណ្តុះបណ្តាលស្តីពីសមត្ថភាពសម្របសម្រួល ទំនាក់ទំនង និងភាពជាអ្នកដឹករបស់អង្គការបន្ទាយស្រី មានសមាសភាពចូលរួមពីបេក្ខាភាពស្រ្តីជាក្រុមប្រឹក្សាឃុំចំនួនជា ៧០នាក់មកពីគណបក្សចំនួនបួន ក្នុងស្រុកពួក និងស្រុកអង្គរធំ ខេត្តសៀមរាប៕