ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ចេញរបាយការណ៍សង្កេតក្នុងរយៈពេលមួយឆ្នាំនៃសវនាការបស់សាលាឧទ្ធរណ៍រកឃើញថា សិទ្ធិជំនុំជម្រះជាមូលដ្ឋានរបស់ជនជាប់ចោទរងការរំលោភបំពាន។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា ក្រុមការងារកំណែទម្រងប្រព័ន្ធច្បាប់នឹងពិនិត្យមើលរបាយករណ៍នេះដើម្បីកែលម្អ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបញ្ចេញរបាយការណ៍សង្កេតសវនាការសាលាឧទ្ធរណ៍អស់រយៈពេលមួយឆ្នាំនៃសំណុំរឿងព្រហ្មទណ្ឌរកឃើញថា ចៅក្រមនៃសាលាឧរទ្ធណ៍រងការរំលោភបំពាន់ទៅលើសិទ្ធិជំនុំជម្រះជាមូលដ្ឋានរបស់ជនជាប់ចោទ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR ធ្វើការសង្កេតទៅលើសវនាការប្រចាំថ្ងៃនៃសំណុំរឿងព្រហ្មទណ្ឌចំនួន ៣៤០ ករណី។ ក្នុងនោះសំណុំរឿងជាង ៦៥ ភាគរយ ចៅក្រមសាលាឧទ្ធរណ៍មិនបានប្រាប់ និងពន្យល់ដល់ជនជាប់ចោទអំពីសិទ្ធិនៅស្ងៀមស្ងាត់ ឬសិទ្ធិមិនឆ្លើយតបចំពោះ សំនួររបស់ចៅក្រម។ សិទ្ធិមានមេធាវីប្រមាណ ២១ ភាគរយ រងការរំលោភបំពាន ព្រោះគ្មានមេធាវីតំណាង ដើម្បីការពារក្តី បើទោះបីជា ជនជាប់ចោទ ៤០ នាក់ លើកឡើងករណីនេះនៅចំពោះមុខចៅក្រម។
លោក ហ៊ុន ស៊ាងហាក់ អ្នកសម្របសម្រួលគម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ពន្យល់បន្ថែមថា CCHR មានការព្រួយបារម្ភខ្លាំងចំពោះចៅក្រមខកខានលើកឡើងអំពីមាត្រាច្បាប់ និងភស្តុតាងជាមូលដ្ឋានមុនឈានដល់ការសម្រេចក្តី ហើយផ្ទុយទៅវិញចៅក្រមគ្រាន់តែសម្រេចថា តម្កល់ ឬ បដិសេធសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយគ្មានការពន្យល់ពីមួលហេតុច្បាស់លាស់។
លោក ហ៊ុន ស៊ាងហាក់៖ «ទាក់ទងនឹងសិទ្ធិទទួលបានការជំនុំជម្រះជាសាធារណៈក៏នៅមានបញ្ហា សិទ្ធិទទួលបានវត្តមាននៅពេលសវនាការ និងមានមេធាវី ការសន្មត់ទុកជាមុនថាគ្មានទោសក៏មានការបំពាបំពានសិទ្ធិនិងដែរ ហើយសិទ្ធិមិនត្រូវបានបង្ខិតបង្ខំសារភាពពពីពិរុទ្ធភាព បង្ហាញពីការការពារដូចជាសិទ្ធិត្រូវបង្ហាញភស្តុតាងជាដើម។»
លោក ហ៊ុន ស៊ាងហាក់ បញ្ជាក់ថា លើសពីនេះ សិទ្ធិអនីតិជន ឬជនជាប់ចោទជាអនីតិជន មាន ៣៥ នាក់ មិនទទួលបានការគោរព លើកលែងអនីតិជនពីរនាក់ប៉ុណ្ណោះ។
លោក ហ៊ុន ស៊ាងហាក់៖ «សំខាន់មួយទៀតសិទ្ធិទទួលបានសេចក្តីសម្រេចដែលមានសំអាងហេតុអាហ្នឹងក៏មានបញ្ហាដែរ។ ទាក់ទងអនីតិជនក៏នូវមិនទាន់មានការគោរព សិទ្ធិអនីតិជនជាប់ចោទ អនីតិជនឲ្យបានពេញលេញដែរ ជាពិសេសការបំពាបំពានទៅលើឯកជនភាពរបស់ជនជាប់ចោទ។»
ទោះបីយ៉ាងណា លោក ហ៊ុន ស៊ាងហាក់ អះអាងថា របាយការណ៍ CCHR រកឃើញថា ចៅក្រមសាលាឧទ្ធរណ៍គោរពយ៉ាងល្អចំពោះសិទ្ធិមនុស្សទទួលបានការជំម្រះ។ ចៅក្រមគោរពសិទិ្ធទទួលបានការជំម្រះ រួមមាន ការការពារវិនិច្ឆ័យទោសពីរដងចំពោះបទល្មើសដដែល និងអានុភាពប្រតិសកម្មនៃក្រមព្រហ្មទណ្ឌ សិទ្ធិយល់ដឹងពីរប្រភេទ និងមូលហេតុនៃការចោទប្រកាន់ សិទ្ធិមានពេលវេលា និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីរៀបចំការពារក្តី រួមទាំងសិទ្ធិទទួលបានការប្រកាសសេចក្តីសម្រេចជាសាធារណៈ។
របាយការណ៍សង្កេតរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ស្តីពី«សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា ការសង្កេតសវនាការនៅសាលាឧទ្ធរណ៍» ដែលតាមឃ្លាំមើលសវនាការចាប់ពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ រហូតដល់ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៧។
ជុំវិញរបាយការណ៍នេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា ក្រុមការងារកំណែទម្រងប្រព័ន្ធច្បាប់នឹងពិនិត្យមើលរបាយករណ៍នេះដើម្បីកែលម្អ ប៉ុន្តែលោកមិនទាន់ជឿទុកចិត្តចំពោះរបាយការណ៍នេះមានភាពសុក្រឹត្យកំរិតណាឡើយ។
អ្នកនាំពាក្យរូបនេះ ចោទជាសំនួរថា តើរបាយការណ៍នេះមានការចូលរួមពីចៅក្រម និងអ្នកពាក់ព័ន្ធបានកម្រិតណា?
លោក ជិន ម៉ាលីន៖ «យើងក៏នៅមានមន្ទិលសង្ស័យទៅលើរបៀប និងវិធីសាស្ត្រនៃការធ្វើអង្កេតរបស់គាត់និងដែរ។ប៉ុន្តែយើងនឹងធ្វើការជួបគ្នា ពិភាក្សាជាមួយគាត់ដើម្បីបាន យល់ច្បាស់ពីវិធីសាស្ត្ររបស់គាត់ បើវិធីសាស្ត្រនឹងមិនប្រើច្បាស់ត្រឹមត្រូវ មិនអ្នកជំនាញធ្វើការងារនេះច្បាស់លាល់ទេ ហើយវិធីសាស្ត្រមិនមានលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវទេ របាយការណ៍ចេញមកទៅជាមិនអាចយកជាការបាន មានភាពលម្អៀង ហើយវាមិនបានឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង។»
បើតាម លោក ហ៊ុន ស៊ាងហាក់ អ្នកសម្របសម្រួលគម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ CCHR ស្នើសុំឲ្យរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅដំណាក់កាលជំនុំជម្រះក្តីនៅសាលាឧទ្ធរណ៍៕