សៀមរាប៖ អង្គការបន្ទាយស្រីនៅថ្ងៃទី២០ មិថុនាឆ្នាំ២០១៨នេះ បានបើវគ្គបណ្តុះបណ្តាលស្តីពី«ស្រ្តីនិយម»ដើម្បីបញ្ជ្រាបការយល់ដឹងពីសិទ្ធិអំណាចទៅកាន់ស្រ្តីក្នុងមូលដ្ឋានខេត្តសៀមរាប ឱ្យចេះឆ្លើយតបនៅពេលជួបករណីរំលោភបំពានផ្សេងពីបុរស។ វគ្គបណ្តុះបណ្ដាលក្រោមជំនួយឧបត្ថម្ភពីសហគមន៍អឺរ៉ុបនេះ រៀបចំឡើងរយៈពេលពីរថ្ងៃ នៅអង្គការបន្ទាយស្រីស្ថិតភូមិគ្រួស សង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប។
អ្នកស្រី លី ផារុំ ប្រធានក្រុមការងារយេនឌ័រផ្នែកសន្តិភាពនៃការអង្គការបន្ទាយស្រីលើកឡើងថា វគ្គបណ្តុះបណ្តាលស្តីពី«ស្រ្តីនិយម»នេះគឺមានបំណងជំរុញឱ្យស្រ្តីក្នុងសហគមន៍បានយល់ដឹងពីសិទ្ធិរបស់ខ្លួន ដើម្បីអាចឆ្លើយតបនូវរាប់បញ្ហាដែលកើតមានលើស្រ្តីផ្ទាល់។ មួយវិញទៀតវគ្គបណ្តុះបណ្តាលនេះ ក៏ចង់អ្នកចូលរួមចេះឈឺឆ្អើលពីបញ្ហារបស់ស្រ្តី និងចេះលើកយកបញ្ហារបស់ស្រ្តីទៅពិភាក្សារកដំណោះស្រាយ នៅថ្នាក់ជាតិ សំដៅជំរុញឱ្យមានសមភាពយេនឌ័រទូទាំងប្រទេស។
អ្នកស្រី លី ផារុំ៖«ស្ថានភាពជាក់ស្តែង ស្រ្តីគាត់នៅតែត្រូវបានគេដាក់កំហុសជាប់ជានិច្ច។ មួយវិញទៀតវគ្គបណ្តុះបណ្តាលនេះ យើងចង់ឱ្យអ្នកដែលមានតួនាទីជាក្រុមបណ្ដាញស្រ្តីវ័យក្មេង ឬក៏ក្រុមព្រឹក្សាឃុំហ្នឹងគាត់ចាប់ផ្តើមឈឺឆ្អើល ឬក៏ចាប់ផ្តើមមើលឃើញពីរឿងហ្នឹង ហើយគាត់ចេះចូលរួមដោះស្រាយ»។
ចំណែកអ្នកស្រី ទិម ត្រិក សមាជិកក្រុមប្រឹក្សាឃុំលាងដៃ ស្រុកពួក ខេត្តសៀមរាបនិយាយថា អ្នកស្រីមានអារម្មណ៍រីករាយដែលបានមកទទួលវគ្គបណ្តុះបណ្តាលស្តីពី«ស្រ្តីនិយម»ពីអង្គការបន្ទាយស្រីនេះ។អ្នកស្រីបន្តថា អ្នកស្រីបានយល់ដឹងពីសិទ្ធិរបស់ខ្លួនក្នុងនាមជាស្រ្តី ពោលគឺបុរសអាចធ្វើអ្វីបាន ស្រ្តីក៏មានសិទ្ធិអំណាចអាចធ្វើបានដូចគ្នា ពិសេសគឺសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចនានាក្នុងគ្រួសារ សហគមន៍ជាដើម។ អ្នកស្រី ទិម ត្រិក បន្ថែមទៀតថា អ្នកស្រីនឹងពាំនាំយកចំណេះដឹងដែលខ្លួនមានទៅជួយបង្ហាត់បង្ហាញស្រ្តីក្នុងសហគមន៍បន្ថែម ដើម្បីឱ្យស្រ្តីចេះតស៊ូមតិ និងអាចចេះដោះស្រាយនូវរាល់បញ្ហាហិង្សាក្នុងគ្រួសារជាដើម។
អ្នកស្រី ទិម ត្រិក៖«ពីមុនមកខ្ញុំមិនដែលបានចូលរួមវគ្គបណ្តុះបណ្តាលពីសិទ្ធិនោះទេ តែក្រោយពីបានទទួលការរៀននេះ ខ្ញុំបានយល់ដឹងពីសិទ្ធិ និងយេនឌ័របានខ្លះ។ ជាការសង្កេតរបស់ខ្ញុំជាក្រុមប្រឹក្សាឃុំ ខ្ញុំឃើញថាអំពើហិង្សាលើស្រី្តមានការកាត់បន្ថយបានច្រើនជាងពេលមុនៗ។ យ៉ាងណាខ្ញុំនិងជួយបង្រៀនស្រ្តីក្នុងសហគមន៍ខ្ញុំឱ្យយល់ពីសិទ្ធិកាន់តែច្រើន»។
សូមជំរាបជូនថា វគ្គបណ្តុះបណ្តាលដែលរៀបចំឡើងដោយអង្គការបន្ទាយស្រីក្រោមជំនួយពីសហភាពអឺរ៉ុបនេះ មានការចូលរួមពីក្រុមស្រ្តីវ័យក្មេងជាង ២០នាក់ មកពីស្រុកបាគង ស្រុកក្រឡាញ ខេត្តសៀមរាប។