ប្រទេសកូរ៉េបានពុះច្រៀកជាពីរ ដោយសារសង្គ្រាមត្រជាក់នៅឆ្នាំ ១៩៥៣។ ចាប់តាំងពីពេលនោះមក ប្រទេសបងប្អូននឹងគ្នានេះ មិនអាចជួបគ្នាបានឡើយ លើកលែងតែ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានដឹកនាំពួកគេ មកជួបគ្នាតាមព្រំដែនហើយ បានត្រឹមរយៈពេលមួយម៉ោងក៏បែកគ្នាវិញ។ តែពេលនេះ កំពុងក្លាយជាសុបិនមួយថា សាច់ឈាមនឹងគ្នានេះ អាចជានា នឹងគ្នាបានឡើងវិញ តាមរយៈការធ្វើឲ្យមានសន្តិភាពជាអចិន្ត្រៃយ៍ លើឧបទ្វីបកូរ៉េ ក្រោមកិច្ចព្រមព្រៀង រវាងអាមេរិក និង កូរ៉េខាងជើង រំលាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ ប៉ុន្តែអ្នកណាក៏ដឹងដែរថា ចិនទេ ជាអ្នកធ្វើចិញ្ចឹមសង្គ្រាមនិងសន្តិភាព លើឧបទ្វីបកូរ៉េ។ តើស្ថានភាពចុងក្រោយនេះ ចិនប្រាថ្នាឲ្យ កូរ៉េទាំងពីរ ធ្វើសមាហរណកម្ម ជាតិសាសន៍ ទឹកដីនឹងគ្នាចូលគ្នាវិញឬទេ?
លោក រឿន ឬទ្ធី ជូនសេចក្ដីប្រែសម្រួល ដូចតទៅ៖
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានទៅធ្វើទស្សនកិច្ច នៅប្រទេសចិនជាថ្មីម្ដងទៀតហើយ នៅថ្ងៃនេះ ដែលទស្សនកិច្ចជាលើកទីបីនេះ ចាប់តាំងពីខែមីនា ឆ្នាំ២០១៨នេះ នៅពេលដែលមេដឹកនាំរបបក្រុងព្យុងយ៉ាងរូបនេះ បង្ហាញឆន្ទៈរំលាយកម្មវិធីអាវុធនុយក្លេអ៊ែរ។ សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានចុះផ្សាយថា លោក គីម ជុងអ៊ុន បានទៅដល់ទីក្រុងប៉េកាំងហើយ ដោយធ្វើដំណើរតាមជើងយន្ដហោះពិសេសមួយ។ លោក គីម ជុងអ៊ុន ត្រូវជួបជំនួបកំពូលជាមួយមេដឹកនាំចិន ស៊ីជីងភីង នៅឯសាលមហាប្រជុំចិន នៅទីក្រុងប៉េកាំង។
លោក ជុង អ៊ុន ត្រូវធ្វើទស្សនកិច្ចរយៈពេល ២ថ្ងៃ ។ ប៉ុន្ដែទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើងបន្ទាប់ពីលោកត្រាំ និងលោក គីម បានជួបគ្នា ហើយបានផ្ដល់នូវលទ្ធផលមួយចំនួនជាពិសេសកូរ៉េខាងជើងសន្យារំលាយអាវុធនុយក្លេអ៊ែរ ហើយបើកចំហទំនាក់ទំនងជាមួយពិភពខាងក្រៅជាពិសេសជាមួយកូរ៉េខាងត្បូង។
តើចិន ពិតជាចង់ឃើញកូរ៉េខាងជើងនិងកូរ៉េខាងត្បូងក្លាយជារដ្ឋតែមួយមែនឬទេ?
លោកប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនចាវអ៊ីន និងលោក គីម ជុងអ៊ុន សត្រូវនឹងគ្នាបានជួបគ្នាពីរលើកមកហើយ មុនលោក គីម ជុងអ៊ុន ជួបលោក ត្រាំ។ ជំនួបមេដឹកនាំបងប្អូននឹងគ្នានេះ បាននាំមកនូវការរំពឹងពីការផ្សះផ្សាជាតិយ៉ាងទូលំទូលាយហើយធ្វើឲ្យប្រទេសទាំងពីរអាចរស់នៅលើឧបទ្វីប ជាមួយគ្នារាប់រយឆ្នាំទៅមុខទៀត។ មិន តែប៉ុណ្ណោះ មានការរំពឹងពីការផ្សាភ្ជាប់ឡើងវិញ ហើយធ្វើសមាហរណកម្ម ជាត់សាសន៍ឡើងវិញផងដែរ។ ឆន្ទៈរបស់មេដឹកនាំកូរ៉េខាងត្បូងដែលប្រាថ្នាចង់ជួប លោក គីម ជុងអ៊ុន គ្មានអ្វីក្រៅពីធ្វើឲ្យប្រទេសមានសន្ដិភាព ហើយប្រជាជនអាចនិយាយរកគ្នាបានក្នុងឋានៈជាបងប្អូននឹងគ្នានោះទេ។ សម្រាប់លោក គីម ជុងអ៊ុន វិញ ដែលពីមុនប្រកាន់ជំហរចង្អៀតចង្អល់ជាខ្លាំង តែពេលនេះ ចិត្តគំនិត និងបេះដូងរបស់មេដឹកនាំគុំម្មុយនីស្ដរូបនេះ ត្រូវបានគេមើលឃើញថា ក្លាយជាជាតិសាសន៍កូរ៉េដូចគ្នា។ តែជាការកត់សម្គាល់ នៅពេលដែលមេដឹកនាំទាំងពីរ បង្ហាញភាពស្និទស្នាលជាប្រទេសឈាមជ័រតែមួយ គឺ ប្រទេសចិនឯណោះវិញដែលមានឈាមជ័រទីទៃ ក៏រឹតតែបង្ហាញភាពទន់ភ្លន់ជាមួយកូរ៉េខាងជើងខ្លាំងជាងមុនទៀត។
តាមរយៈទស្សនកិច្ចចុងក្រោយនេះ គេអាចវាយតម្លៃថា លោក គីម ជុងអ៊ុន ត្រូវលោក ស៊ី ជីនភីង ហៅឲ្យទៅទទួលយោបល់ថែមទៀត មុននឹងមេដឹកនាំកូរ៉េខាងជើងធ្វើសេចក្ដីសម្រេចអ្វីមួយ។ នេះបើតាមសារព័ត៌មានជប៉ុន The Nikkei ។ ប៉ុន្ដែសារព័ត៌មានកូរ៉េខាងជើង Rodong Sinmun បានចុះផ្សាយថា មុនលោក គីម ជុងអ៊ុន ទៅជួបលោក ស៊ីជីនភីង នៅថ្ងៃនេះគឺ មេដឹកនាំកូរ៉េខាងជើងរូបនេះបានសរសេរលិខិតអបអរសាទរខួបកំណើតរបស់លោក ស៊ី ជីនភីង។ អ្នកវិភាគរបស់គេហទំព័រ ឌីប្ល៊ូមម៉ាត បានធ្វើអត្ថាធិប្បាយថា ទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទំនងជាការដោះដូរទស្សនៈគ្នាថ្មីៗថែមទៀត ដើម្បីធ្វើការឆ្លុះបញ្ចាំងពីការវិវឌ្ឍន៍ចុងក្រោយដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានយល់ព្រមព្យួរសមយុទ្ធយោធាជាមួយគ្នា។
ទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន នៅទីក្រុងប៉េកាំងនៅពេលនេះ គឺមិនមែនជារឿងចៃដន្យនោះទេ
លោក ស៊ីជីនភីង ត្រូវបានរាយការណ៍មកថា បានប្រាប់លោក គីម ជុងអ៊ុន អោយ ទទួលយក ដំណោះស្រាយ ជាសាកល ដែលធ្វើយ៉ាងណា ឲ្យមានកិច្ចព្រមព្រៀង សន្តិភាព ឡើងវិញ ជាមួយ កូរ៉េខាងត្បូង។ ការណ៍មានសន្តិភាព មានន័យថា ឧបទ្វីប លែងរងការធ្វើសង្គ្រាម ហើយការរស់នៅ នៃប្រជាជន ប្រទេសកូរ៉េទាំងពីរ រួមនឹងប្រជាជនចិន នៅតាមព្រំដែន និង អ្នកជំនួញចិន ក៏រស់នៅស្រុះស្រួលដែរ។ នេះជាជំហររបស់ក្រុងប៉េកាំង ។ តែជំហរនេះ មិនត្រូវបានមើលឃើញថា គ្រប់គ្រាន់នៅឡើយទេ។ អ្វីដែល ប្រជាជនកូរ៉េខាងត្បូងចង់បាន គឺការធ្វើសមាហរណកម្ម សេដ្ឋកិច្ច និងដែនដីចូលគ្នា ។ នេះ ជាចំណោទមួយ ដែលក្រុងប៉េកាំង ពិបាកនឹងឆ្លើយដែលនរណាក៏ដឹងថា ចិន ចញ្ចឹម របបបក្សពលករ កូរ៉េខាងជើង តាំងពីប្រទេសនេះ ធ្លាក់ក្នុងសង្គ្រាមស៊ីវិល នៅឆ្នាំ ១៩៥០ មកម្លេះ។ គោលបំណងចិន គឺរក្សាមិត្តអោយធ្វើជាដៃស្ដាំរបស់ខ្លួន បន្តរាប់រយឆ្នាំទៀត គឺមិនអោយរបេះបានឡើយ។ មានន័យថា សុខចិត្ត ចិញ្ចឹមអោយរស់បើទោះជារស់ដោយវេទនាក៏ដោយ គឺមិនឲ្យស្លាប់ឡើយ។ ទ្រឹស្ដី របស់កម្មាភិបាល ម៉ៅ សេទុង បាននិយាយថា ការរបូតបក្សកុម្មុយនិស្តកូរ៉េខាងជើង គឺជាគ្រោះថ្នាក់ដល់ប្រទេសចិន ។ ទ្រឹស្ដីនេះហើយមើលទៅ ដែលធ្វើឲ្យចិន សុខចិត្ត ធ្វើឲ្យមានសន្តិភាពលើឧបទ្វីប ជាជាងសង្គ្រាម ដែលគេមើលឃើញថា បើកើតមាន គឺមិនមែនសង្គ្រាម រវាងកូរ៉េបងប្អូននឹងគ្នានោះទេ គឺសង្គ្រាម ជាមួយអាមេរិកតែម្ដង។ បើផ្ទុះសង្គ្រាម មែនគឺជាការប្រថុយធ្វើឲ្យបាត់បង់ក្រុងព្យុងយ៉ាង។ ការបាត់បង់ក្រុងព្យុងយ៉ាងស្នើនឹងធ្វើឲ្យមិត្តធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់ លោកសេរី គឺពេលនោះ ចិនអស់ឱកាស ធ្វើជាចៅហ្វាយ កូរ៉េខាងជើងបានទៀត ឡើយ ។ នេះ ចំណុចមួយ គួរចងចាំ ។
សរុបសេចក្ដីទៅ កូរ៉េទាំងពីរពុំមានឱកាសច្របាច់ចូលគ្នា ក្លាយជាជាតិសាសន៍តែមួយវិញបានទេ ។ ក្ដីសង្ឃឹមតែមួយគត់ គឺ ការផ្សះផ្សាដើម្បីសេដ្ឋកិច្ចរបស់ចិន ផ្សះផ្សាដើម្បី សន្តិភាព ហើយនាំឲ្យអាមេរិកនិងសហគមន៍អន្តរជាតិបន្ធូរបន្ថយ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើរបបក្រុងព្យុងយ៉ាង៕