គេហទំព័រ វៀតណាម Vietnam Net បានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា នេះថា យុវជន និងក្មេងជំទង់ៗវៀតណាមបានសស្រាក់ស្រាំ នាំគ្នាទៅប្រមូលផ្ដុំ នៅក្នុងហាងបាយ ឬក៏ទីប្រជុំជន ដើម្បីទស្សនាព្រឹត្ដិការណ៍ នៃការប្រកួតបាល់ទាត់ពិភពលោក ដែលកំពុងប្រព្រឹត្ដទៅនៅប្រទេសរុស្ស៊ី។ កាលពីថ្ងៃម្សិលមិញ ពិធីនេះបានធ្វើឡើងដោយការប្រគុំតន្ដ្រី មុននឹងការប្រកួតរវាងកីឡាករបាល់ទាត់ ប្រទេសរុស្ស៊ី និងប្រទេស អារ៉ាប៊ីសាអូឌីត ចាប់ផ្ដើមឡើង នៅម៉ោងប្រមាណជាជាង១០យប់ ម៉ោងនៅប្រទេសវៀតណាម។
យុវជនវៀតណាម និងក្មេងៗទាំងនោះត្រូវបានរាយការណ៍មកថា នាំគ្នាទៅទិញអាវយឺត ដែលមានរូបព្រឹត្ដិការណ៍បាល់ទាត់ពិភពលោកនៅរុស្ស៊ី ។ សារព័ត៌មានវៀតណាមបានបញ្ជាក់ទៀតថា ពលរដ្ឋវៀតណាមមិនត្រឹមតែយុវជនវ័យក្មេងនោះទេ សូម្បីមនុស្សចាស់ក៏ស្នេហាកីឡាដែរ។ តែបែបនេះក្ដី ប្រទេសវៀតណាមដែលស្ថិតនៅក្រោមការដឹកនាំរបស់បក្សគុម្មុយនីស បានរឹតបន្ដឹងជាខ្លាំងទៅលើការប្រកួតល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់។ មិនថាឡើយនៅប្រទេសវៀតណាមនេះទេ ដែលយុវជនកំពុងតែជ្រួលជ្រើម នឹងព្រឹត្ដិការបាល់ទាត់ពិភពលោកនេះ នៅប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និងប្រទេសជាច្រើនទៀត ក៏យុវជនរបស់ប្រទេសទាំងនោះ បង្ហាញភាពពេញនិយម ចំណង់ចំណូលចិត្ដរបស់ពួកគេ អំពីព្រឹត្ដការណ៍នេះដែរ។
ដោយឡែកប្រទេសនៅ ទ្វីបអឺរ៉ុប ទ្វីបអាមេរិក និងទ្វីបអាហ្វ្រិក ក៏យុវជនរបស់ប្រទេសទាំងនោះនាំគ្នាទស្សនាព្រឹត្ដិការណ៍បាល់ទាត់នេះ ដោយសប្បាយរីករាយ។ នេះជាព្រឹត្ដិការណ៍ ៤ឆ្នាំទើបមានម្ដង។ កាលពីឆ្នាំ២០១៤ ព្រឹត្ដិការណ៍នេះបានធ្វើឡើងម្ដងនៅប្រទេសប្រេស៊ីល។ ប្រទេសដែលទទួលពានរង្វាន់ជើងឯក គឺកីឡាករ មកពីព្រទេសអាឡឺម៉ង់ ។ ចំណែកឯ អាហ្សង់ទីន ទទួលបានពានរង្វាន់លេខ ២។ ឥឡូវនេះមិនអាចទស្សន៍ទាយថា តើក្រុមណាអាចឈ្នះពានរង្វាន់នេះទេ ដោយការប្រកួតស្ថិតក្នុងវគ្គជម្រុះជុំទី១នៅឡើយ៕