ភ្នំពេញ៖ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) អំពាវនាវដល់អាជ្ញាធរកម្ពុជាឲ្យគោរព និងធានាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់ ខណៈ អ.ស.ប បង្ហាញក្តីកង្វល់អំពីការបង្ក្រាបមកលើប្រព័ន្ធផ្សព្វផ្សាយនៅមុខការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខនេះ។ តែបែបនេះក្ដី អ្នកនាំពាក្យ គ.ជ.ប ច្រានចោលការលើកឡើងរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស ហើយសុំឲ្យអ្នកជំនាញ អ.ស.ប កុំវាយតម្លៃលទ្ធផលមុនការបោះឆ្នោត។
ក្នុងសេចក្តីថ្លែងការណ៍ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី ១៤ ខែ មិថុនានេះ ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) លើកឡើងថា ក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចែកទូលំទូលាយ និងមិនច្បាស់លាស់ដែលអាចនាំឲ្យមានការត្បិតត្បៀតលើប្រព័ន្ធផ្សព្វផ្សាយមុនដំណើរការបោះឆ្នោតជ្រើសតាំងតាំងរាស្ត្រនីតិកាលទី៦នេះ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់ អ.ស.ប ដែលចេញសេចក្ដីថ្លេងការណ៍នេះរួមមាន លោកស្រី រ៉ូណា ស្មីត(Rhona Smith) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ដេវី កាយេ (David Kaye) អ្នករាយការណ៍ពិសេសស្តីពីការលើកស្ទួយ និងការពារសិទ្ធិសេរីភាពនៃគំនិត និងសម្តែងមតិ និង លោក Clement Nyalesossi Vou Le អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិជួបប្រជុំដោយសន្តិវិធី និងចងក្រងសមាគម។
ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប៖ «ការហាមប្រាមប្រព័ន្ធផ្សព្វផ្សាយក្នុងក្រមសីលធម៌នេះនាំឲ្យមានកង្វល់ខ្លាំងអំពីសេរីភាពសារព័ត៌មាន។ ការប្រើពាក្យពេចន៍ក្នុងន័យទូលំទូលាយ និងមិនច្បាស់លាស់ដែលអាចនាំឲ្យមានការរឹត្បិតលក្ខណៈទូលំទូលាយលើប្រព័ន្ធផ្សព្វផ្សាយដោយ មិនស្របទៅនឹងបទដ្ឋានអន្តរជាតិ។»
ក្រុមជំនាញសិទ្ធិមនុស្ស អ.ស.ប លើកឡើងថា ក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយរបស់ គ.ជ.ប ចែងថា អ្នកសារព័ត៌មានមានទំនួលខុសត្រូវក្នុងការធ្វើសេចក្តីរាយការណ៍អំពីបញ្ហាទាំងដែលកើតមាននៅមុនពេលបោះឆ្នោត ជាពិសេសបញ្ហាចម្រូងចម្រាសនានា។ការរាយការណ៍បែបនេះ គឺជាផនែកមួយដ៏សំខាន់នៃការរាយការណ៍ព័ត៌មានដែលមានតម្លាភាព និងមានទំនួលខុសត្រូវនៅក្នុងអំឡុងពេលបោះឆ្នោត ហើយការរាយការណ៍នេះ ជួយដល់អ្នកបោះឆ្នោតឲ្យធ្វើការជ្រើសរើសដោយបានទទួលព័ត៌មានគ្រប់គ្រាន់។
ចំពោះចំណុចនេះ ក្រុមសិទ្ធិមនុស្សអង្គការ អ.ស.ប ថា ការហាមប្រាមប្រព័ន្ធផ្សព្វផ្សាយមានផលប៉ះពាល់ជាអវិជ្ជមានទៅលើសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងការជួបជុំដោយសន្តិវិធី ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ការចូលរួមជាសាធារណៈក្នុងបរិបទនៃការបោះឆ្នោត។
តែបែបនេះក្ដី លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានច្រានចោលចំពោះការលើកឡើងរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់ អ.ស.ប ខុសពីការពិត។
លោក ហង្ស ពុទ្ធា៖ «ខ្ញុំសុំសម្តែងការច្រានចោលអ្វីដែលជាសេចក្តីថ្លែងការណ៍របស់ខាងUN។សុំឲ្យខាង UN ពិនិត្យទៅមើលស្ថានភាព និងការអនុវត្តន៍ជាក់ស្តែងរបស់កម្ពុជា កុំគ្រាន់តែយកព័ត៌មានរបស់បណ្តាញផ្សព្វផ្សាយណាមួយធ្វើចាចង្កូតដោយខ្វះភស្តុតាង ខ្វះការតាមដានអង្កេត ព្រោះបញ្ហានេះអាចប៉ះពាល់ដល់កិត្តិយសរបស់ UN ខ្លួនឯង។»
លោក ហង្ស ពុទ្ធា បញ្ជាក់ថា ក្រមសីសធមីសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោតបានអនុម័តតាំងពីឆ្នាំ ២០១៦ ហើយក្រមសីលធម៌នេះ បានអនុវត្តន៍រួចមកហើយនៅពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ ២០១៧ ពោលគឺ គ.ជ.បមិនមែនចេញក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយនៅមុនការបោះឆ្នោតឆ្នំានេះទេ។
តែជាមួយគ្នានេះ ក្រមអ្នកជំនាញសិទ្ធិមនុស្សទាំងនេះលើកទឹកចិត្តដល់អាជ្ញាធរកម្ពុជាធានាថា មនុស្សគ្រប់រូបអាចបង្ហាញទស្សនៈនយោបាយ និងមតិយោបល់ដោយសេរីនៅក្នុងការបោះឆ្នោត៕