ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា ទទួលបានជំនួយឥតសំណងពីភាពជាដៃគូសកលសម្រាប់អប់រំ ប្រាក់ចំនួនជាង ២០ លានដុល្លារ ដើម្បីលើកកម្ពស់គុណភាពអប់រំកម្រិតថ្នាក់បឋមសិក្សានៅកម្ពុជា។ តែតាមការសិក្សាស្រាវជ្រាវរបស់ធនាគារពិភពលោកបង្ហាញថា សិស្សានុសិស្សថ្នាក់ទី២ ច្រើនជាង ១ ភាគ ៣ មិនចេះអានអក្សរសូម្បីមួយពាក្យ តែមិនទាន់មានការ ប្រតិកម្មផ្លូវការពីក្រសួងអប់រំនៅឡើយទេ។
ក្រុមប្រឹក្សាភិបាលនៃភាពជាដៃគូសកលសម្រាប់អប់រំ (GPE) បានអនុម័តហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់ ២០,៦ លានដុល្លារ ដើម្បីលើកកម្ពស់គុណភាពអប់រំក្នុងកម្រិតបឋមសិក្សានៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំដែលវិទ្យុស្ត្រីទទួលបាននៅថ្ងៃនេះ។
សេចក្តីប្រកាសព័ត៌មាននេះ បញ្ជាក់ថា ហិរញ្ញប្បទាននេះ នឹងជួយដល់ការសិក្សារបស់កុមារមកពីគ្រួសារក្រីក្រ និងជួយបង្កើនប្រសិទ្ធភាពការបង្រៀន ពង្រឹងភាពដឹកនាំ និងការគ្រប់គ្រងរបស់មន្ត្រីអប់រំ គ្រូបង្រៀន នាយកសាលា ព្រមទាំងអ្នកផ្តល់សាវាអប់រំនៅតាមមូលដ្ឋាន និងថ្នាក់ជាតិ។
តែបែបនេះក្ដី បើតាមរបាយការណ៍សិក្សាស្រាវជ្រាវនៃធនាគារពិភពលោក (World Bank) ចេញផ្សាយនៅថ្ងៃទី ១៥ មីនា ឆ្នាំ ២០១៨ បង្ហាញថា សិស្សានុសិស្សរៀនថ្នាក់ទី ២ ច្រើនជាង ១ ភាគ ៣ នៅកម្ពុជា មិនអាចអានអក្សរសូម្បីតែមួយពាក្យ ក្រោយពីការធ្វើតេស្តអំណាន។ ទោះបីយ៉ាងណា ចាប់តាំងពីចេញផ្សាយរបាយការណ៍នេះមិនទាន់មានប្រតិកម្មជាផ្លូវការពីក្រសួងអប់រំនោះទេ។
កាលពីឆ្នាំ ២០១៧ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលជារដ្ឋមន្ត្រីកែទម្រងប្រព័ន្ធអប់រំថ្លែងក្នុងកម្មវិធីផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសថា កុមារ ៩៨ ភាគរយបានចុះឈ្មោះចូលរៀនថ្នាក់ទី១។ ប៉ុន្តែកុមារប្រមាណ ៨០ ភាគរយបោះបង់ការសិក្សានៅកម្រិតថ្នាក់បឋមក្នុងចំណោមសិស្សបឋមជាង ២ លាននាក់។
ការផ្តល់ហិរញ្ញប្បទាននេះ ជាលើកទី ៣ ហើយ កាលពីលើកទី១ ភាពជាដៃគូសកលសម្រាប់អប់រំ (GPE) ផ្តល់ជំនួយថវិកាចំនួន ១៤, ៤ លានដុល្លារ ដល់កម្មវិធីពង្រឹងការអប់រំគ្រូបង្រៀន ឬហៅថា (STEPCam) និងផ្តោតលើគ្រូបង្រៀននៅកម្រិតថ្នាក់បឋមសិក្សា និងគ្រូឧទ្ទេសតាមសាលាគរុកោសល្យខេត្ត ហើយជំនួយមួយលើកទៀតមានទឹកប្រាក់ ៦,២ លានដុល្លារ សម្រាប់ការផ្សារភ្ជាប់នឹងលទ្ធភាពការងារលើកកម្ពស់សមធម៌ ប្រសិទ្ធភាព និងលទ្ធផលសិក្សារបស់សិស្ស។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឲ្យដឹងថា «ភាពជាដៃគូសកលសម្រាប់អប់រំ (GPE) បានរួមចំណែកដ៏សំខាន់ដល់វិស័យអប់រំនៅកម្ពុជាចាប់តាំងពីឆ្នាំ ២០០៦ មក ដើម្បីជួយគាំទ្រលើវិស័យអប់រំក្នុងការបង្កើនសមត្ថិភាពគ្រូបង្រៀន និងជួយកុមារក្រីក្រ។»
បើតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅដើមឆ្នាំនេះ រកឃើញថា បុគ្គលិកអប់រំមួយចំនួន នៅតាមគ្រឹះស្ថានសាធារណៈខ្លះមិនទាន់អនុវត្តពេលវេលាបំពេញការងារ និងគោរពម៉ោងបង្រៀនបានជាប់លាប់ដែលនាំឲ្យប៉ះពាល់ដល់ការអនុវត្តកម្មវិធីសិក្សា និងការសិក្សារបស់សិស្ស។ ក្រសួងអប់រំប្រកាសឲ្យពង្រឹងយន្តការគ្រប់គ្រងត្រួតពិនិត្យវត្តមានបុគ្គលិកអប់រំ និងព្រមានអនុវត្តពិន័យរដ្ឋបាលចំពោះបុគ្គលិកអប់រំចូលយឺត ឬ ចេញមុនម៉ោងជាដើម៕