en     km
en     km

ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន​ភ្នំពេញសូហ្គើរស្នើសុំរដ្ឋមន្រ្ដីពន្លឿនអន្ដរាគមន៍

Share

ភ្នំពេញ៖ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន​ភ្នំពេញសូហ្គើរក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានឡើងមកដាក់ញាតិទាមទារជាថ្មីទៀត ទៅកាន់ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ដើម្បី​សុំអោយរដ្ឋមន្រ្ដីនៃក្រសួងនេះ ជួយពន្លឿនអន្ដរាគមន៍លើករណីដីធ្លីរបស់ពួកគាត់ដែលកើតមានជាយូរណាស់មកហើយនោះ។នេះបើតាមការលើកឡើងរបស់ពលរដ្ឋដែលបានផ្ដល់បទសម្ភាសផ្ទាល់ជាមួយវិទ្យុស្រ្ដីក្នុងព្រឹត្តិការណ៍តវ៉ាកាលពីព្រឹកមិញនេះ។

កញ្ញា ជាតា ជូនសេចក្ដីរាយការណ៍!

សំឡេងស្រែតវ៉ាខ្លាំងៗ សុំជួបរដ្ឋមន្រ្ដីក្រសួងដែនដីនៅពេលនេះ គឺធ្វើឡើងក្បែរក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ដោយពលរដ្ឋមួយក្រុម មានគ្នាជាង ១០០នាក់ ។

ការស្រែតវ៉ានៅពេលនេះ គឺ បានបង្ហាញពីគោលបំណងតែមួយគត់ គឺពួកគេ ចង់បានដីធ្លីដែលធ្លាប់បង្កបង្កើនផលត្រឡប់មកវិញ។

អ្នកស្រី យុគ នឿន ពលរដ្ឋមួយរូប ក្នុងចំណោមពលរដ្ឋជាច្រើននាក់តំណាងជាង ៤០៧១គ្រួសារ បានឡើងមករកដំណោះស្រាយនៅពេលនេះ បានប្រាប់ថា ៖«ខ្ញុំមកដើម្បីចង់ជួប​​រដ្ឋមន្រ្ដីក្រសួងដែនដី ដើម្បីអោយគាត់ជួយដោះស្រាយពន្លឿនរឿងដីធ្លីខ្ញុំនៅឃុំក្រុមត្រពាំងជង ស្រុកឱរ៉ាល់។ ក្រុមហ៊ុន Sugar កំពង់ស្ពឺយកទៅដាំអំពៅអស់ហើយ ដីស្រែចំការដីលំនៅដ្ឋាន »។

តាមការបញ្ជាក់ពីអ្នកស្រី យុគ នឿន គាត់បានបាត់បង់ដី ៣ហិកតា ស្ថិតនៅភូមិក្រាំងធ្នុង ឃុំត្រពាំងជង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ អ្វីដែលគាត់ចង់បាននៅពេលនេះ គឺដីសម្រាប់ធ្វើស្រែចំការ និងលើកភ្លឺស្រែរបស់គាត់ឡើងវិញ។

ជួបពលរដ្ឋមួយរូបទៀត គឺ លោក សឹម ផល។លោកប្រាប់ថា លោកមានដី ២ហិកតា ដែលជាដីស្ថិតនៅតំបន់ជម្លោះជាមួយក្រុមហ៊ុនភ្នំពេញសូហ្គើរ។

លោក សឹម ផល ៖«ខ្ញុំដាំដុះជាស្រូវពោតតាំងពីឆ្នាំ ១៩៩៧ គេយកឆ្នាំ២០១០ ខ្ញុំចង់បានដីវិញ ចង់បានដំណោះស្រាយដី អត់មានដីធ្វើស្រែចំការ ចឹងទៅកូនដើរធ្វើកម្មករ ធ្វើស្មៅអំពៅ មួយថ្ងៃបាន១ម៉ឺន២ ១ម៉ឺន៣ អឺហ្នឹង ហើយសព្វថ្ងៃកូនខ្ញុំវាច្រើនទៀត»។

អ្វីដែលពលរដ្ឋរូបនេះ ចង់បាន គឺ សុំដីដែលគាត់ធ្លាប់បង្កបង្កើនផលតាំងពីឆ្នាំ ១៩៩៧ មកវិញអោយបានឆាប់។

ជុំវិញរឿងនេះ លោក អឹម គង់ តំណាងពលរដ្ឋ ៤០៧១ មានជម្លោះជាមួយក្រុមហ៊ុនភ្នំពេញសូហ្គើរបានលើកឡើងថា នេះជាលើកទីពីរហើយដែលពលរដ្ឋក្នុងស្រុកឱរ៉ាល់ និងស្រុកថ្ពង ក្នុងខេត្តកំពង់ស្ពឺបានឡើងមករកដំណោះស្រាយនៅក្រសួងដែនដី។

លោក អឹម គង់ ៖«ខែឆ្នាំ២០១៧ ដែលខាងក្រសួងគេចេញមកជួបទទួលយកញាតិគាត់ ថា សន្យានឹងដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋតាំងពីនឹងមក គាត់អត់គោរពនឹងគោលការណ៍របស់គាត់ ។យើងខ្ញុំពីរស្រុក ស្រុកថ្ពង និងឱរ៉ាល់ ពួគាត់ចង់ជួបជាមួយឯកឧត្ដម ជា សុផារ៉ា ដោយសារក្រុមហ៊ុនភ្នំពេញ Sugar ត្រូវការអភិវឌ្ឍន៍ស្ករអំពៅនៅស្រុកឱរ៉ាល់ និងស្រុកថ្ពងប៉ះពាល់ដីប្រជាពលរដ្ឋទាំងពីរស្រុក ប៉ះពាល់ដីប្រជាពលរដ្ឋ គ្មានដំណោះស្រាយជូនប្រជាពលរដ្ឋតាំងពីឆ្នាំ២០១០»។

លោក អឹម គង់ គឺក្រៅពីតំណាងពលរដ្ឋ គឺរូបលោកផ្ទាល់ដែលមានដីធ្លីក្នុងតំបន់ជម្លោះជាមួយក្រុមហ៊ុនភ្នំពេញសូហ្គើរផងដែរ។

វិទ្យុស្ត្រីមិនអាចរកប្រភពដើម្បីទាក់ទងសុំ ទៅ ក្រុមហ៊ុនភ្នំពេញ Sugar សុំប្រតិកម្មនឹងការចោទប្រកាន់របស់ពលរដ្ឋបានទេនៅថ្ងៃនេះ។

គួរបញ្ជាក់ដែរថា នៅក្នុងលិខិតសុំពន្លឿនដោះស្រាយយដីធ្លីដែលធ្វើឡើងដោយប្រជាពលរដ្ឋរស់នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ យកមកដាក់នៅក្រសួងរៀបចំដែនដី ជាលើកទីពីរនេះ គឺស្នើដល់លោក ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដីនគរូបនីយកម្ម​និងសំណង់ជួយពិនិត្យចំពោះបញ្ហាសាលាកប័ត្រដែលបានបំពេញរួចតាំងពីថ្ងៃទី ២៦ ២៧ ២៨ ខែកុម្ភៈឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន ពុំទាន់មានដំណោះស្រាយ ។ នៅក្នុងខ្លឹមសារនៃលិខិតនេះ ពួកគាត់ស្នើអោយលោក ជា សុផារ៉ា ជួយពន្លឿនដំណោះស្រាយរបស់ពួកគាត់អោយបានឆាប់រហ័សក្នុងខែមិថុនា ២០១៨កុំបីខាន។

ក្នុងន័យដដែលនេះ បានបញ្ជាក់ថា ពួកគាត់ទន្ទឹងរង់ចាំដំណោះស្រាយ ដើម្បីទទួលបានដីធ្លីរបស់ពួកគាត់ត្រឡប់មកវិញ។

ក្នុងការដាក់លិខិតសុំអន្ដរាគមន៍នេះដែរ លោក អឹម គង់ តំណាងពលរដ្ឋដែលឡើងមកតវ៉ាបានបញ្ជាក់ថា នៅវេលា ថ្ងៃត្រង់ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់បានចេញទទួលយកញាតិរបស់ពលរដ្ឋ ហើយបានសន្យាថា នៅថ្ងៃទី១៥ ខែមិថុនា ២០១៨នេះ ក្រុមការងារខេត្តរបស់ក្រសួងនិងចុះត្រួតពិនិត្យនៅភូមិអូអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

សូមរំលឹកថា ដីធ្លីដែលមានជម្លោះជាមួយក្រុមហ៊ុនភ្នំពេញសូហ្គើរមានជាង ៤០៧១គ្រួសារ ។ ពលរដ្ឋទាំងនោះ មានអ្នកខ្លះមកពីភូមិគោក ភូមិស្នួល ភូមិអូអង្គុំ ភូមិច្រកឬស្សី ភូមិអូព្រលៅ និងភូមិពិស្ស៍ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ៕

 

 

 

Share

ព័ត៌មានទាក់ទង

Image