ភ្នំពេញ៖ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំ “ទិវាយោគៈអន្តរជាតិ” លើកទី៤ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តបាត់ដំបងចាប់ពីថ្ងៃទី១៦-១៧ខែមិថុនាខាងមុខនេះ។នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃទី១៤មិថុនានេះ។
តាមក្រសួងទេសចរណ៍ការរៀបចំទិវាយោគៈអន្តរជាតិលើកទី៤ ឬ(4th International Day of Yoga) និងចាប់ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា វេលាម៉ោង០៧ :០០នាទីព្រឹក នាបរិវេណ ពហុកីឡដ្ឋាន ជាតិអូឡាំពិក។ ចំណែកខេត្តព្រះសីហនុ គឺនៅព្រឹកថ្ងៃទី១៦ ខែមិថុនា នាបរិវេណមុខឆ្នេរសុខា។ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ មិថុនា នៅបរិវេណមុខប្រាសាទអង្គរវត្ត។ និងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៧ មិថុនា នៅបរិវេណមុខសាលាខេត្ត។
ទិវាយោគៈ ឬYoga អន្តរជាតិនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីការធ្វើលំហាត់ប្រាណសមាធិទាំងផ្លូវកាយ ផ្លូវចិត្ត និងសម្រួលចលនាសាច់ដុំ ចលនាសរសៃឈាមឲ្យស្រួលសម្រាប់សុខភាពរាងកាយរបស់មនុស្សទាំងអស់គ្នា។
អង្គការសហប្រជាជាតិបានប្រកាសជាផ្លូវការ សម្រេចយកថ្ងៃទី២១ ខែមិថុនា គឺជាទិវាយោគៈអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជននៅទូទាំងពិភពលោក៕