ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជាចេញមុខថ្កោលទោសក្រសួងរតនាគាររបស់សហរដ្ឋអាមេរិកដែលសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ថាជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិចេញនៅថ្ងៃពុធទី១៣ មិថុនានេះ បានសម្តែងការសោកស្តាយ និងថ្កោលទោសយ៉ាងដាច់អហង្កាចំពោះការសម្រេចរបស់ក្រសួងរតនាគារអាមេរិកដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិលើមន្ត្រីជាន់ខ្ពស់មួយរូបនៃកងយោធពលខេមភូមិន្ទ គឺលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរតនាគារអាមេរិកចេញកាលពីថ្ងៃអង្គារ៍ ទី ១២ ខែ មិថុនាម្សិលមិញ បានសម្រេចដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តអំពើពុករលួយ។
ការដាក់ទណ្ឌកម្មនេះដោយរតនាគារអាមេរិករកឃើញថា លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មានជាប់ព័ន្ធនឹងការវាយប្រហារកាលពីឆ្នាំ ២០១៣ និងការវាយដំអតីតអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងពីររូបកាលពីឆ្នាំ ២០១៥ និងករណីជាប់ព័ន្ធនឹងការបោកគ្រាប់បែកមុខរដ្ឋសភាចាស់កាលពីឆ្នាំ ១៩៩៧។
យ៉ាងណាការរកឃើញរបស់សហរដ្ឋអាមេរិកនេះ ត្រូវបានក្រសួងការពារជាតិកម្ពុជាច្រានចោល ដោយអះអាងថាគ្មានភស្តុតាងច្បាស់លាស់ ហើយការដាក់ទណ្ឌកម្មនេះ ជាការរំលោភច្បាប់កម្ពុជាដែលជារដ្ឋអធិបតេយ្យមួយ។ ក្រសួងការពារជាតិអំពាវនាវអំពាវនាវឲ្យក្រសួងរតនាគារសហរដ្ឋអាមេរិកនិងបញ្ឈប់ជាបន្ទាន់ការដាក់ទណ្ឌកម្មមកលើមន្ត្រីយោធាកម្ពុជា។
ជាការកត់សម្គាល់ ការដាក់ទណ្ឌកម្មលើកដំបូងមកលើមន្ត្រីយោធាកម្ពុជានេះ គឺជាការប្រើប្រាស់ច្បាប់ថ្មី Global Magnitsky បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានចុះហត្ថលេខាបន្ថែមលើផ្នែកនៃការបង្កកទ្រព្យសម្បត្តិកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។
ក្រសួងរតនាគារសហរដ្ឋអាមេរិកក៏បានប្រើច្បាប់ដាក់ទណ្ឌកម្មលោក Felix Ramon Bautista Rosario សមាជិកព្រឹទ្ធសភាមួយរូបទៀតនៃសាធារណរដ្ឋដូមីនិកផងដែរ។
ជាលទ្ធផលនៃការដាក់ទណ្ឌកម្មនេះ រាល់ទ្រព្យសម្បត្តិ ឬផលប្រយោជន៍ពីទ្រព្យសម្បត្តិរបស់ជនទាំងនេះនៅក្នុងទឹកដីសហរដ្ឋ អាមេរិកនឹងត្រូវហាមឃាត់ការចរាចរចាប់ពីថ្ងៃដាក់ទណ្ឌកម្ម។ ជាងនេះទៀតទណ្ឌកម្មនេះ ក៏មានអាជ្ញាបញ្ជាហាមឃាត់ពលរដ្ឋអាមេរិកាំងមានប្រាស្រ័យទាក់ទងការងារជាមួយនឹងជនទាំងនោះផងដែរ៕