(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ១២ មិថុនានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយអនុញ្ញាតឱ្យក្រុមហ៊ុននិងដេប៉ូផ្តត់ផ្គង់ថ្នាំកសិកម្មទាំងអស់អាចដំណើរនាំចូល និងធ្វើអាជីវកម្មឡើងវិញបាន។ ការអនុញ្ញាតឱ្យចរាចរថ្នាំកសិកម្មឡើងវិញនេះ គឺបន្ទាប់ពីក្រសួងបានផ្អាក់មួយរយៈនូវការនាំចូលថ្នាំកសិកម្ម ក្រោយពីផ្ទុះហេតុការណ៍ពុលទឹកក្នុងខេត្តក្រចេះដែលបណ្តាលមកពីថ្នាំបាញ់សម្លាប់ស្មៅ និងសារជាតិមេតាណុលក្នុងស្រាស។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ការអនុញ្ញាតនេះ គឺ ត្រូវធ្វើឡើងក្រោមការរឹតបណ្តឹងនិងត្រួតពិនិត្យពីអាជ្ញាធរពាក់ព័ន្ធតាមច្រកព្រំដែន ដើម្បីជួយទប់ស្កាត់ករណីរត់ពន្ធខុសច្បាប់ឱ្យមានប្រសិទ្ធភាព។
ជាងនេះទៀតក្រសួងកសិកម្មក៏ណែនាំដល់មន្រ្តីពាក់ព័ន្ធត្រូវជំរុញពង្រឹងការផ្សព្វផ្សាយបច្ចេកទេស និងលើកកម្ពស់ការយល់ដឹងដល់ពាណិជ្ជករ និងអ្នកប្រើប្រាស់ថ្នាំកសិកម្មទាំងអស់ឱ្យបានយល់ដឹងពីហានិភ័យដែលបង្កឡើងដោយថ្នាំកសិកម្ម។
ជុំវិញករណីពុលមនុស្សស្លាប់ជាង ១៣នាក់នៅខេត្តក្រចេះនេះ ក្រសួងចំនួនបី គឺក្រសួងរ៉ែ និងថាមពល ក្រសួងសុខាភិបាល និងក្រសួងឧស្សាកម្ម និងសិប្បកម្ម បានចេញសេចក្តីប្រកាសរួមគ្នាបំភ្លឺថា ករណីស្លាប់ពលរដ្ឋ និងច្រើនរយនាក់ទៀតធ្លាក់ខ្លួនឈឺ នៅស្រុកចិត្របុរី ខេត្តក្រចេះកន្លងទៅ គឺបណ្តាលមកពីស្រាស ដែលមានជាតិមេតាណុលខ្ពស់ និងសារធាតុគីមីសម្លាប់សត្វល្អិត ដែលប្រើក្នុងថ្នាំកសិកម្ម។
ប៉ុន្តែនៅមុនការចេញសេចក្តីប្រកាសរួមនេះ រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម និងសិប្បកម្មលោក ចម ប្រសិទ្ធ កាលពីថ្ងៃ១៧ខែឧសភា បានប្រាប់អ្នកសារព័ត៌មានថា ទឹកព្រែកទេរក្នុងខេត្តក្រចេះមានសារធាតុគីមីឈ្មោះ«ស្យានីដ»ដែលជាសារធាតុពុលប្រើសម្រាប់លាងរ៉ែមាស។ លោកថាសារជាតិនេះត្រូវបានហូរពីខេត្តមណ្ឌលគីរី ទីដែលលោកសង្ស័យថាមានអាជីវកម្មរ៉ែមាសខុសច្បាប់នៅទីនោះ។
តែយ៉ាងណាព័ត៌មានដែលរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសប្បកម្មបង្ហើបប្រាប់អ្នកសារព័ត៌មាននេះ ត្រូវបានរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល លោក ស៊ុយ សែម ច្រានចោលភ្លាមៗហើយកែតម្រូវថា ករណីពលរដ្ឋពុលទឹកស្លាប់នេះគឺបណ្តាលមកពីថ្នាំកសិកម្មបាញ់សម្លាប់ស្មៅ និងសារជាតិមេតាណុលខ្ពស់ក្នុងស្រាស។
សូមរំលឹកថា កាលពីថ្ងៃទី៧ ខែឧសភាអ្នកភូមិជាង ២០០នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយក្នុងនោះ ១៣នាក់ត្រូវបានស្លាប់។ ក្រោយ មករដ្ឋបាលខេត្តក្រចេះបានសន្និដ្ឋានថា មកពីស្រាសមានជាតិមេតាណុលខ្ពស់និងទឹកព្រែកទេរដែលពលរដ្ឋប្រើប្រាស់មានជាតិក្រូមក្នុងថ្នាំបាញ់ស្មៅ៕