en     km
en     km

​ក្រសួង​ការងារ​បន្ត​ក្រើនរំលឹក​ដល់​ពលករ​ខ្មែរ​ឲ្យ​មក​បំពេញ​ឯកសារ​ជា​ពលករ​ស្របច្បាប់​

Share

ភ្នំពេញ​៖​ គណៈ​ក​ម្មា​ការ​ផ្តល់​ភាព​ស្របច្បាប់​នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បន្ត​ក្រើនរំលឹក​ដល់​ពលករ​ខ្មែរ​ខុសច្បាប់​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​អោយមក​បំពេញបែបបទ​ឯកសារ​នានា​ ដើម្បី​ក្លាយជា​ពលករ​ស្របច្បាប់​ ខណៈ​ដែល​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​នឹង​បិទ​នៅ​ចុងខែ​ មិថុនា​នេះ​ ដោយ​គ្មាន​ការ​ពន្យា​ពេល​ទេ​។​

​    គណៈ​ក​ម្មា​ការ​ផ្តល់​ភាព​ស្របច្បាប់​នៃ​ក្រសួង​ការងារ​កម្ពុជា បំពេញបែបបទឯកសារដល់ពលករខ្មែរទៅជាពលករស្របច្បាប់។ Facebook


​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈ​ក​ម្មាការ​ផ្តល់​ភាព​ស្របច្បាប់​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ១១​ ខែ​ មិថុនា​នេះ​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ក្រើនរំលឹក​ដល់​ពលករ​ខ្មែរ​ខុសច្បាប់​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​ឲ្យ​ប្រញាប់​រួសរាន់​មក​បញ្ជាក់​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ​។​

​តាម​សេចក្ដី​ប្រកាស​ដដែល​នេះ​ ការ​ទទួល​បាន​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ​ គឺ​ដើម្បី​បន្ត​ប័ណ្ណ​មិនមែន​សញ្ជាតិ​ថៃ​ ឬ​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​ ហើយ​ស្នើ​សុំ​ទិដ្ឋាការ​ស្នាក់​នៅ​ និង​ប័ណ្ណ​អនុ​ញ្ញា​ការងារ​ ខណៈ​ដែល​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​នឹង​បិទ​នៅ​ចុងខែ​ មិថុនា​នេះ​ ដោយ​គ្មាន​ការ​ពន្យា​ពេល​ទៀត​ទេ​។

​គណៈ​ក​ម្មា​ការ​ផ្តល់​ភាព​ស្របច្បាប់​នៃ​ក្រសួង​ការងារ​ បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ ពលករ​ដែល​មិន​ទាន់​បាន​មក​បញ្ជាក់​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ​ និង​លិខិត​ធ្វើ​ដំណើរ​ពលករ​ខ្មែរ​ (TD)​ ហើយ​និង​ ប័ណ្ណ​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​បរទេស​ (OCWC)​ ប្រញាប់​រួសរាន់​មក​បញ្ជាក់​អត្តសញ្ញាណ​នៅ​គណៈ​ក​ម្មា​ការ​ផ្តល់​ភាព​ស្របច្បាប់​ ហើយ​ពលករ​ខ្មែរ​ដែល​ចុះបញ្ជី​ជាមួយ​អាជ្ញាធរ​ថៃ​តែ​មិន​ទាន់​ទទួល​បាន​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​ នៅត្រឹម​ថ្ងៃ​ទី​ ៣០​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ ខាងមុខនេះ។​

ក្រសួង​ការងារ​កម្ពុជា​បាន​ចាប់ផ្តើម​បើក​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ចំនួន​ ៨០​ កន្លែង​ នៅ​ក្នុង​ទីក្រុង​បាងកក​ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​របស់ថៃ​ដោយ​ដំណើរការ​ជាង​ពីរ​ខែមកហើយ ​ដើម្បី​ជួយ​ពលករ​ចំណាកស្រុក​ទៅ​ជា​ពលករ​ស្របច្បាប់​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​។​

​ការ​បើក​រិ​យា​ល័យ​នេះ​ នៅ​ចំ​ពេល​អាជ្ញាធរ​ថៃ​ធ្វើការ​បោសសម្អាត​ពលករ​បរទេស​រស់នៅ​ដោយ​ខុសច្បាប់ ​ក្រោម​ការ​អនុវត្តន៍​ច្បាប់​ថ្មី​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ និង​ពិន័យ​ជា​ប្រាក់ ​ចំពោះ​ថៅកែ​ថៃ​ជួល​ពលករ​ខុសច្បាប់​ឲ្យ​ធ្វើការ​ក្នុង​រោងចក្រ​ ឬ​ឧស្សាហកម្ម​របស់​ខ្លួន​។

​គណៈ​ក​ម្មា​ការ​ផ្តល់​ភាព​ស្របច្បាប់​ បាន​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​ខ្មែរ​ខុសច្បាប់​បាន​ជិត​ ៣៨​ ម៉ឺន​នាក់​។​ ក្នុង​ចំណោម​ពលករ​ខ្មែរ​ ៤០​ នាក់​ ពុំ​ទាន់​ទទួល​បាន​ឯកសារ​ស្របច្បាប់​ បើ​គិត​ត្រឹម​ថ្ងៃ​ទី​ ៨​ ខែ​ មិថុនា​ ស​ប្តា​ហ៍​មុន​។

​លោក​ ហេង​ សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​ ប្រាប់​វិទ្យុ​ស្ត្រី​ថា​ ពលករ​ខ្មែរ​មាន​ចំនួន​ជាង​ ២​ ម៉ឺន​នាក់​ទៀត​ ដែល​មាន​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​ របស់​ថៃ​ ប៉ុន្តែ​ពលករ​ខ្មែរ​នៅ​មិន​ទាន់​មក​បញ្ជាក់​អត្តសញ្ញាណ​នៅ​គណៈ​ក​ម្មា​ការ​ផ្តល់​ភាព​ស្របច្បាប់​កម្ពុជា​នៅឡើយ​ទេ​។

​លោក​ ហេង​ សួរ​៖ «​គិត​ត្រឹម​ថ្ងៃ​ទី​ ៨​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​នេះ​ យើង​នៅ​សល់​ពលករ​តែ​ចំនួន​ជាង​ ២​ ម៉ឺន​នាក់​ទៀត​ប៉ុណ្ណោះ​ដែល​មាន​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​របស់​ថៃ​ប៉ុន្តែ​មិន​ទាន់​បាន​មក​ធ្វើការ​បញ្ជាក់​អត្តសញ្ញាណ​ពី​គណៈ​ក​ម្មា​ការ​ផ្តល់​ភាព​ស្របច្បាប់​របស់​កម្ពុជា​យើង​។​»

​បើ​តាម​របាយការណ៍​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​ វិជ្ជាជីវៈ​ រក​ឃើញ​ថា​ ពលករ​ខ្មែរ​រស់នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​ចំនួន​ ១​ លាន​ ៥​ ម៉ឺន​នាក់​។​

​ក្រោយ​ផុតរ​លុត​សុពលភាព​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​ខុសច្បាប់​នៅ​ចុងខែ​ មិថុនា​ នេះ​ អាជ្ញាធរ​ថៃ​នឹង​ចាប់ផ្តើម​អនុវត្តន៍​យុទ្ធនាការ​បោសសម្អាត​ពលករ​ខុសច្បាប់​ ក្រោម​ច្បាប់​ថ្មី​ទើប​អនុម័ត​។​

​ច្បាប់​ថ្មី​នេះ​ផ្តោត​ការ​យកចិត្តទុកដាក់​ និង​ការ​ការពារ​សិទ្ធិ​ពលករ​ជា​ពិសេស​ពលករ​លើ​ទូក​នេសាទ​ដោយ​ច្បាប់​ថ្មី​ថៃ​តម្រូវ​ឲ្យ​និ​យោ​ជិ​ក​ និង​និយោជក​ចុះ​កិច្ចសន្យា​ក្នុង​ការ​ផ្ទេរ​ប្រាក់​តាម​រយៈ​ធនាគារ​ ហើយ​ថៅកែ​ត្រូវ​រក្សា​កំណត់​ត្រា​ការ​បង់ប្រាក់​ ដើម្បី​កាត់​បន្ថយ​ការ​ជួញដូរ​មនុស្ស​ កេងប្រវ័ញ្ច​កម្មករ​ ដោយ​មានការ​ត្រួតពិនិត្យ​ដោយ​តឹង​រឹង​ពី​អាជ្ញាធរ​ថៃ​។​នេះ​បើ​តាម​ កាសែត​របស់​ថៃ​។​

​ទោះបី​យ៉ាងណា​ប្រទេស​ថៃ​នៅ​តែ​រង​ការ​រិះគន់​ពី​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ថា​ជា​ប្រទេស​ រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។​ ​ក្នុង​​របាយការណ៍​អង្គការ​ Human​ Right​ Watch​ ដែល​មាន​ចំណងជើង​ថា​ «​ការ​រំលោភសិទ្ធិ​ និង​ការ​បង្ខំ​ឲ្យ​ធ្វើការ​នៅ​ឧស្សាហកម្ម​នៅ​ប្រទេស​ថៃ​»​ បាន​ចេញផ្សាយ​នៅ​ដើមឆ្នាំ​នេះ​ បង្ហាញ​ថា​ ពលករ​ខ្មែរ​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​ពលករ​ជាតិ​សាសន៍​ផ្សេង​ទៀត​រក​ការ​រំលោភ​បំពាន់​សិទ្ធិ​ និង​ការ​ជួញដូរ​មនុស្ស​។

​របាយការណ៍​នេះ​រក​ឃើញ​ទៀត​ថា​ កម្មករ​នៅ​លើ​ទូក​នេសាទ​ បើក​ខែ​មិន​ទៀត​ទាត់​ ហើយ​ទទួល​ម​ក្រៃ​ទាប​ និង​ខ្វះ​ការ​គាំពារ​ផ្នែក​ច្បាប់​។​ អង្គការ​អន្តរជាតិ​នេះ​ ថា​ ពលករ​ធ្វើការ​លើ​ទូក​នេសាទ​នៅ​ថៃ​ប្រមាណ​ ៥​ ម៉ឺន​នាក់​ ត្រូវ​បាន​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។​ នៅ​ឆ្នាំ​ ២០១៥​ រដ្ឋាភិបាល​ថៃ​រក​មិនឃើញ​សូ​ម្បី​មួយ​ករណី​ក្នុង​ចំណោម​ពលករ​ជាង​ ៤៧​ ម៉ឺន​នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង​៕

Share

ព័ត៌មានទាក់ទង

Image