ក្រោយពីរដ្ឋាភិបាលឡាវ អនុញ្ញាតឲ្យមានការសាងសង់ ទំនប់វារីអគ្គិសនី ដនសាហុង យុវជនកម្ពុជាបានតវ៉ាជាបន្តបន្ទាប់ ឲ្យបញ្ឈប់ការសាងសង់នោះ ដោយពួកគេលើកឡើងថា វានឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវចម្រុះ ជាពិសេសគឺការធ្លាក់ចុះទិន្នផលត្រី ក៏ដូចជាការប្រឈមដល់សត្វផ្សោតទឹកសាបផងដែរ។
នៅព្រឹកថ្ងៃ ចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ ២០១៥ នេះ តំណាងយុវជនកម្ពុជា ធ្វើការខាងការពារបរិស្ថាន ចំនួន ៥ រូប បានដាក់ញ្ញត្តិទៅការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (UN) ដើម្បីឲ្យស្ថាប័ននេះ អន្តរាគមន៍ទៅរដ្ឋាភិបាលទ្បាវ ឲ្យបញ្ឈប់គំរោងសាងសង់ទំនប់វារីអគ្គិសនីដន សាហុងលើព្រំប្រទល់ទឹកនៃទន្លេមេគង្គ ខែ្មរ ទ្បាវ។
ញ្ញត្តិនោះមានខ្លឹមសារថា ប្រសិនបើទំនប់វារីអគ្គិសនីដន សាហុង ត្រូវបានសាងសង់ នឹងបង្កគ្រោះថ្នាក់មហន្តរាយធំធេង ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ដែលកំពុងរស់នៅតាមដងទន្លេមេគង្គ និងនៅតាមដងទន្លេសាបដូចជា ប៉ះពាល់ដល់ការនេសាទ កសិកម្ម នាវាចរណ៍ ការផ្លាស់ប្តូរទីលំនៅរបស់ប្រជាពលរដ្ឋខ្មែររស់នៅតាមដងទន្លេមេគង្គជាដើម ហើយវាក៏អាចមានផលប៉ះពាល់ដល់ធនធានធម្មជាតិក្នុងទឹកដូចជាត្រីសត្វ ផ្សោតដែលជាសត្វកម្រជាដើម។
នៅម៉ោងប្រមាណជាង ៩ ព្រឹកមិញនេះ ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានអនុញ្ញាតឲ្យយុវជនការពារសង្គម និង បរិស្ថានទាំង ៥ រូប បានចូលទៅខាងក្នុង ដើម្បីបង្ហាញពីគោលបំណងរបស់ខ្លួន។
ក្រោយពេលយុវជនទាំង ៥ រូប ដាក់ញ្ញត្តិហើយ លោកឆាន់ រិទ្ធឧត្តម បាននិយាយថា មូលហេតុដែលលោកដាក់ញ្ញត្តិនៅថ្ងៃនេះ ពីព្រោះថា បន្ទាប់ពីលោកបានដឹងថាមានគម្រោងសាងសង់ទំនប់វារីអគ្គិសនីដង សាហុង នៅតាមព្រំប្រទល់ទឹកនៃទន្លេមេគង្គ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់លាននាក់ ដែលកំពង់រស់នៅតាមដងទន្លេមេគង្គ និងតាមដងទន្លេសាប ដូច្នេះហើយ ទើបលោកយក ញ្ញត្តិមកដាក់ ឲ្យខាង តំណាងUN ជួយអន្តរាគមន៍ ដែលទាក់ទងសិទ្ធិមនុស្ស នឹងធ្វើការស៊ើបអង្កេត ពីផលប៉ះពាល់នៃការសាងសង់ទំនប់វារីអគ្គីសនីដន សាហុង។
លោកបន្តថាខាងតំណាង UN អ្នកស្រី កល្យាណ បានទទួលយកញ្ញត្តិនោះហើយ ហើយអ្នកស្រី នឹងបន្តយកញ្ញត្តិនោះទៅថ្នាក់លើបន្តទៀត។ លោកបន្ថែមទៀតថា លោកគ្រោងនឹងដាក់ញ្ញត្តិទៅក្រសួងបរិស្ថាន ប៉ុន្តែលោកមិនទាន់បានកំណត់ថាថ្ងៃណានោះទេ។ «មកថ្ងៃនេះគឺយើងមកដាក់លិខិតជូនទៅកាន់ខាង UN ដើម្បីឲ្យជួយអន្តរាគមន៍ទាក់ទងផ្នែក សិទ្ធិមនុស្ស ហើយនិងផលប៉ះពាល់ក្នុងការសិក្សា ឬការស៊ើបអង្កេត អំពីទំនប់វារីអគ្គិសនីដន សាហុង ។ ខាង UN អ្នកស្រី កល្យាណគាត់យល់ព្រមថា នៅពេលគេទទួលយកញ្ញត្តិនេះ ហើយ នឹងបញ្ជូនទៅថ្នាក់លើ នឹងធ្វើការពិចារណា បន្ទាប់មកទៀតគាត់និយាយថា យើងអាចដាក់ញ្ញត្តិនឹងទៅក្រសួងបរិស្ថាន ដើម្បីឲ្យគេជួយធ្វើការស្រាវជ្រាវនៅខេត្តស្ទឹងត្រែង អំពីទំនប់វារីអគ្គិសនីដន សាហុង ទំនប់វារីអគ្គិសនីដន សាហុងនឹងសាងសង់នៅពេលឆាប់ៗខាងមុខ អញ្ចឹងពួកយើងជាយុវជនស្រលាញ់ធម្មជាតិក៏ចាប់ផ្តើមធ្វើការដាក់ញ្ញត្តិដើម្បី ឲ្យខាង UN ជួយអន្តរាគមន៍»។
វិទ្យុស្ត្រី របស់ WMC មិនអាចទាក់ទងអ្នកស្រីកល្យាណ ដែលជាអ្នកទទួលយកញត្តិរបស់យុវជន នាព្រឹកមិញនេះបានទេ ។
គួររំឭកថា កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៥ សម្ព័ន្ធទន្លេកម្ពុជា ព្រមទាំងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍រួមមួយ សម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះ ការអនុម័តយល់ព្រមរបស់សភាជាតិនៃសាធារណៈរដ្ឋប្រជាមានិតឡាវ លើកិច្ចសន្យាសម្បទាន ដើម្បីឈានទៅធ្វើការសាងសង់គម្រោងទំនប់វារីអគ្គិសនី ដន សាហុង។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ បានសូមស្នើយ៉ាងទទូចដល់រដ្ឋាភិបាលឡាវ ឲ្យបញ្ឈប់ ជាបន្ទាន់រាល់សកម្មភាពទាំងឡាយ ពាក់ព័ន្ធនឹងការសាងសង់ទំនប់វារីអគ្គិសនី ដន សាហុង មិនត្រូវអនុម័តលើកិច្ចសន្យាទិញអគ្គិសនី មុនពេលដែលបញ្ហា ឬសំណូមពរទាំងឡាយរបស់ភាគីពាក់ព័ន្ធមិនទាន់បានដោះស្រាយ កុំបន្តឲ្យមានការចុះកិច្ចសន្យាផ្សេងទៀតលើគម្រោងនេះ ដោយរួមបញ្ចូលទាំង កិច្ចព្រមព្រៀងលទ្ធកម្មវិស្វកម្មទំនប់ និងការសាងសង់៕