ភ្នំពេញ៖សេចក្ដីព្រាងចុងក្រោយលើបទដ្ឋានអប្បរមាសម្រាប់ផ្ដល់សេវាកម្មចាំបាច់សម្រាប់ស្រ្ដី និងកុមារី ដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា ត្រូវបានលើកយកមកពិភាក្សាដោយអង្គការសង្គមស៊ីវិលនៃបណ្ដាញGender និងការអភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ ។
កិច្ចពិភាក្សានេះ គឺ ធ្វើឡើងនៅភោជនីយដ្ឋាន Okide រាជធានីភ្នំពេញ ។
នៅក្នុងកិច្ចពិភាក្សាលើសេចក្ដីព្រាងចុងក្រោយនេះដែរ លោកស្រី រស់ សុភាព នាយិកាអង្គាការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ហៅកាត់ថា GAD/C មានប្រសាសន៍ថា កិច្ចពិភាក្សានៅពេលនេះ គឺមានគោលបំណងផ្ដោតសំខាន់ទៅលើការប្រមូលអនុសាសន៍បញ្ចូនត្រឡប់ទៅក្រសួងកិច្ចការនារី និងចំណុចកែតម្រូវមួយចំនួន ដើម្បីដាក់បញ្ចូលក្នុងសេចក្ដីព្រាងចុងក្រោយ ស្ដីពី បទដ្ឋានអប្បរមាសម្រាប់ផ្ដល់សេវាកម្មចាំបាច់សម្រាប់ស្រ្ដី និងកុមារី ដែលរងគ្រោះដោយសារអំពើហិង្សា ។
លោកស្រី រស់ សុភាព ៖ «ថ្ងៃនេះជាកិច្ចនប្រជុំរបស់បណ្ដាញGender និងការអភិវឌ្ឍន៍ គោលបំណងមានសំខាន់តែមួយទេ គឺ យើងពិភាក្សាទៅលើបទដ្ឋានអប្បរមាសម្រាប់ផ្ដលសេវាកម្មចាំបាច់ដល់ជនរងគ្រោះផ្អែកទៅលើយេនឌ័រ។ កិច្ចប្រជុនេះ គឺយើងចង់បានគំនិត ឬក៏យោបល់បន្ថែមដែលយើងមានតួនាទីរបស់យើងគឺសង្គមស៊ីវិលដែលយើងធ្វើការងារពាក់ព័ន្ធទៅលើផ្នែកនឹង ហើយដោយសាររាជរដ្ឋាភិបាលបានចាប់ផ្ដើមធ្វើសេចក្ដីព្រាងចុងក្រោយហើយរដ្ឋាភិបាលបានដាក់អោយយើងមានការផ្ដល់ជាយោបល់»។
តាម លោកស្រី រស់ សុភាព ការបំពេញបន្ថែមលើសេចក្ដីព្រាងចុងក្រោយនៃបទដ្ឋានអប្បរមាសម្រាប់ផ្ដល់សេវាកម្មចាំបាច់សម្រាប់ស្រ្ដី និងកុមារីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជានេះដែរ នឹងត្រូវបញ្ចូនត្រឡប់ទៅក្រសួងកិច្ចការនារីឱ្យបានមុនថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៨នេះផងដែរ។
គួរបញ្ជាក់ដែរថា ១០ចំនុចនៃបទដ្ឋានដែលលើកយកមកពិភាក្សាខាងលើនេះរួមមាន ៖ ការផ្ដល់ព័ត៌មាន ការបញ្ជូន និងអន្ដរាគមន៍៦ក្នុងគ្រាអាសន្ន ២៤ ម៉ោង ក្នុងមួយថ្ងៃ សម្រាប់ជនរងគ្រោះដោយអំពើហិង្សាលើស្រ្ដីនិងកុមារី។ ជនរងគ្រោះដោយអំពើហិង្សាលើស្រ្ដី និងកុមារី អាចទទួលបានការថែទាំសមស្របដែលផ្ដោតលើតម្រូវការជនរងគ្រោះ ជាសំខាន់នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។ ស្រ្ដីនិងកុមារីអាចទទួលបានការសងជំងឺចិត្ដយុត្ដិធម៌ផ្លូវការ និងមិនផ្លូវការ ដូចជា ការផ្សះផ្សា ការចេញដីកាការពារ និងយន្ដការមានស្រាប់ ជាដើម។
សូមជម្រាបថា លទ្ធផលនៃកិច្ចប្រជុំខាងលើដើម្បីប្រមូលជាអនុសាសន៍ដាក់ត្រឡប់ទៅក្រសួងកិច្ចការនារីវិញនេះនឹងសរុបលទ្ធផលនៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ។ ដោយឡែកថ្ងៃបញ្ចូនសេចក្ដីព្រាងចុងក្រោយទៅក្រសួងវិញ គឺមុនថ្ងៃទី១៥ មិថុនាឆ្នាំ២០១៨៕