ជំនួបត្រីភាគីរវាងរដ្ឋាភិបាល នយោជក និងក្រុមសហជីព បានចាប់ផ្តើមជាលើកដំបូងនៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៥ នេះ នៅឯក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជំនួបត្រីភាគីនេះ គឺដើម្បីធ្វើការពិភាក្សាទៅលើប្រាក់ឈ្នួលអប្បបរមានកម្មករសម្រាប់ឆ្នាំ ២០១៦ខាងមុខនេះ។ ក្រោយបញ្ចប់ជំនួបអស់រយៈមួយព្រឹកនេះ ភាគីទាំងបីមិនទាន់បានជជែកទៅលើការកំណត់តួលេខណាមួយនៅឡើយ។ ដោយឡែក មន្ត្រីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) អះអាងថា GMAC មិនគាំទ្រចំពោះការតម្លើងប្រាក់ឈ្នួលសម្រាប់កម្មករនោះឡើយ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា (ស៊ីខូវឌូ) បានលើកឡើងថា ក្រុមសហជីពឯករាជ្យ បានធ្វើការចចារជាមួយសហជីពខាងរដ្ឋាភិបាលនិងរកឃើញតួលេខចំនួនបីខ្ទង់ គឺ តួលេខទី១ ១៥៨ដុល្លារ តួលេខទី២ ១៦៨ដុល្លារ និងតួលេខទី៣ គឺ ១៧៨ដុល្លារ។ ដោយឡែកសហជីពខាងរដ្ឋាភិបាលរបស់លោក ជួន មុំថុល កំណត់យកតួលេខ ១៥៨ដុល្លារ សម្រាប់ធ្វើការចចារជាមួយភាគីនយោជក។ ចំណែកសហជីពលោក អាត់ ធន់វិញ កំណត់យកតួលេខ ១៦៨ដុល្លារ ធ្វើជាតួលេខរួម ដើម្បីយកទៅចចារជាមួយភាគីរដ្ឋាភិបាល និងនយោជក។ លោក អាត់ ធន់ និយាយថា «តួលេខនេះខ្ញុំគិតថា ដើម្បីឲ្យរួមទៅបាន មានតួលេខ ១៦៨ ដុល្លារ ជាតួលេខកណ្តាលសម្រាប់ដាក់ធ្វើការចចារ ប៉ុន្តែចំនួននៃការចចារ មានចុះមានឡើងទៀត អាស្រ័យលើស្ថានភាពជាក់ស្តែង»។
ជុំវិញការទាមទារសុំតម្លើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនេះ ក្រុមនយោជកមិនសប្បាយចិត្តនោះឡើយ។ លោក ខេន លូ អគ្គលេខាធិការ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថាGMAC សម្តែងការព្រួយបារម្មណ៍ចំពោះការទាមទារនេះ។ ដោយលោកថា ប្រសិនបើក្រុមសហជីពដាក់សំណើរទាមទារខ្ពស់ហួសហេតុពេក អ្នកបញ្ជាទិញអាចនឹងដកខ្លួនចេញពីកម្ពុជា ងាកទៅប្រទេសជិតខាងវិញ។លោក ខេន លូ បញ្ជាក់ទៀតថា ប្រាក់ខែកម្មករបច្ចុប្បន្ន ១២៨ដុល្លារក្នុង១ខែ គ្រាន់តែជាប្រាក់ខែគោលប៉ុណ្ណោះ ប៉ុន្តែកម្មករអាចរកបានដល់ទៅជាង ២០០ដុល្លារ ក្នុង១ខែ។ លោកថ្លែងថា « យើងឃើញកន្លងមកហើយ មិនបាច់ធ្វើការទាមទារទៀតទេ ឥឡូវយើងឃើញមានរោងចក្រខ្លះគេបិទហើយ ហើយមានរោងចក្រខ្លះទៀត គេព្យួរការងារកម្មករ ជូនកាលមានខ្លះត្រូវតែបញ្ឈប់កម្មករខ្លះ »។
ផ្ទុយទៅវិញ លោក អាត់ ធន់ អះអាងថា ការតម្លើងប្រាក់ឈ្នួលកម្មករនេះ មិនធ្វើអ្នកបញ្ជាទិញដកខ្លួនចេញពីកម្ពុជា ងាកទៅរកប្រទេសជិតខាងឡើយ ព្រោះនៅប្រទេសជិតខាង ដូចជា ប្រទេសវៀតណាម និងប្រទេសមីយ៉ាន់ម៉ាជាដើម ប្រាក់ឈ្នួកអប្បបរមាប្រទេសទាំងនេះ មានកំរិតខ្ពស់ជាងកម្ពុជា។ លើសនេះទៀតលោកថា កម្ពុជា អំណោយផលទាំងការយកពន្ធ និងលើកទឹកចិត្តសម្រាប់អ្នកវិនិយោគថ្មីៗ ជាពិសេសផលិតផលដែលនាំចេញពីកម្ពុជា មានការទទួលស្គាល់ទូទាំងពិភពលោក។ លោក អាត់ ធន់ បន្ថែមថា« តាមខ្ញុំ ខ្ញុំគិតថា មិនមានអ្វីប៉ះពាល់ទេ អ្វីដែលជាការលើកឡើងរបស់នយោជកមាន២ប្រទេស គឺប្រទេសមីយ៉ាន់ម៉ា និងប្រទេសវៀតណាម។ ហើយបើយើងពិនិត្យមើលប្រទេសវៀតណាម គឺប្រាក់ឈ្នួលអប្បបរមាគឺ ១៤០ដុល្លារ ១៤០ ឥឡូវនេះ គេឡើងបាន ២ភារយទៀត គឺត្រូវឡើងដល់ ១៦០ដុល្លារហើយ»។
ជុំវិញការឆ្លើយឆ្លងរវាងនយោជក និងសហជីពនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍ថា ក្រសួងការងារ បានត្រឹមធ្វើជាអាជ្ញាកណ្តាល ចាំសម្របសម្រួលប៉ុណ្ណោះ ចំពោះការកំណត់យកតួលេងប៉ុន្មាន គឺអាស្រ័យទៅលើការចចាររវាងភាគីនយោជក និងសជីព។ លោក ហេង សួរមានប្រសាសន៍ថា «ដូចដែលខ្ញុំបញ្ជាក់ចឹងគឺ កិច្ចការងារនេះ ដៃគូដែលសំខាន់ជាងគេ គឺនយោជក និងខាងសហជីព ហើយក្រសួងបានត្រឹមតែធ្វើបទបង្ហាញ ពាក់ព័ន្ធនិងការវិវត្តន៍ការប្រែប្រួលរបស់ទិន្នន័យនីមួយៗ ប៉ុន្តែការសម្រេចគឺអាស្រ័យទៅលើភាគីនីមួយៗដាក់ចេញមកសិន»។
ទោះជាយ៉ាងណា អគ្គលេខាធិការ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ បានបញ្ជាក់ថា GMAC មិនប្រឆាំងទៅនឹងការសម្រេចរបស់រដ្ឋាភិបាលឡើយ។ប្រសិនបើរដ្ឋាភិបាលកំណត់យកតួលេខណាមួយនោះ GMAC យល់ស្របតាមជានិច្ច។