ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសភាពជោគជ័យក្នុងការសម្រេចគោលដៅជាតិ និងតំបន់ប៉ាស៊ីហ្វិកខាងលិចនៃប្រយុទ្ធប្រឆាំងជំងឺថ្លើមប្រភេទបេដោយការចាក់ថ្នាំវ៉ាក់សាំងជំងឺរលាកថ្លើមដល់កុមារអាយុក្រោម ៥ឆ្នាំ បានរហូត ៩៨ ភាគរយ នៅទូទាំងប្រទេសកម្ពុជា។
ការគ្រប់ដណ្តប់នៃការផ្តល់ថ្នាំវ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទបេលើកុមារមានអត្រាកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលបីឆ្នាំចុងក្រោយ។
ក្រសួងសុខាភិបាលប្រកាសនៅក្នុងកម្មវិធីសន្និសិទសារព័ត៌មាន នៅថ្ងៃសុក្រ ទី ៨ ខែ មិថុនានេះថា កម្ពុជាសម្រេចគោលដៅជាតិ និងក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចប្រយុទ្ធប្រឆាំងជំងឺថ្លើមប្រភេទបេលើកុមារអាយុក្រោម ៥ ឆ្នាំ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងថា កាលពី ៧ ឆ្នាំមុន ជំងឺរលាកថ្លើមប្រភេទបេលើកុមារអាយុ ៥ ឆ្នាំ នៅរាជធានីភ្នំពេញ ខេត្តក្រចេះ និង ខេត្តរតនគិរី មានអត្រាប្រវ៉ាឡងខ្ពស់។ នៅឆ្នាំ ២០១១ អត្រាប្រេវ៉ាឡង នៅក្រុងភ្នំពេញមាន ០. ៣៣ ភាគរយ ខេត្តក្រចេះ១.៤១ ភាគរយ និង ខេត្តរតនគិរី មានរហូតដល់ ៣. ៤៥ ភាគរយ។
ប៉ុន្តែលោករដ្ឋមន្ត្រីថា អត្រាប្រេវ៉ាឡងកុមារកើតជំងឺរលាកថ្លើមប្រភេទនេះបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេល៣ឆ្នាំ ចុងក្រោយនេះ ពោលគឺនៅឆ្នាំ ២០១៧នេះ អត្រាប្រេវ៉ាឡង់របស់កុមារអាយុ ៥ ឆ្នាំដល់ ៦ ឆ្នាំ កើតជំងឺថ្លើមប្រភេទបេ មានត្រឹម ០.៥៦ ភាគរយ។ អត្រានេះស្របតាមគោលដៅកំណត់របស់អង្គការសុខភាពពិភពលោកក្នុងការកាត់បន្ថយប្រេវ៉ាឡង់ជំងឺថ្លើមប្រភេទបេក្នុង ចំណោមកុមារឲ្យតិចជាង១ ភាគរយ។
បើតាមអង្គការសុខភាពពិភពលោកបានប៉ានប្រមាណថា មនុស្សប្រហែល ១១៥ លាននាក់ ក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចមានជំងឺរលាកថ្លើមប្រភេទបេរុំារ៉ៃ ស្មើនឹង ៤៥ ភាគរយ នៃជំងឺឆ្លងនៅពិភពលោក ហើយ មនុស្ស ៩ នាក់ក្នុងចំណោម ១០ នាក់ មិនបានដឹងថាមានជំងឺរលាកថ្លើមរុំារ៉ៃនោះទេ។
លោកស្រី ទុង រដ្ឋាវី ប្រធានមជ្ឍមណ្ឌលជាតិគាំពារមាតានិងទារកនៃក្រសួងសុខាភិបាល អះអាងថា នៅឆ្នាំ ២០១៧នេះ កុមារ ៩៨ ភាគរយ ទទួលបានការចាក់វ៉ាកសាំងការពារជំងឺថ្លើមប្រភេទបេនៅក្នុងចំណោមកុមារជាង ១ លាន ៧ សែននាក់នៅទូទាំងប្រទេស។
លោកស្រី ទុង រដ្ឋាវី ប្រធានមជ្ឍមណ្ឌលជាតិគាំពារមាតានិងទារកនៃក្រសួងសុខាភិបាល ត្រូវការថវិការប្រមាណ ៧៧៧.៥០០ ដុល្លារអាមេរិក ដើម្បីទិញថ្នាំវ៉ាកសាំងរលាកថ្លើមប្រភេទបេសម្រាប់ចាក់ទារកទើបកើត ហើយក្រសួងត្រូវការថវិកាជាង ១លាន ២ សែន ដុល្លារ ទៀត ដើម្បីទទួលបានថ្នាំវ៉ាកសាំងចាក់កុមារឲ្យគ្របចំនួន៣ដូស។
បើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងអង្គការហូនីសេហ្វ ចេញផ្សាយនៅថ្ងៃ សុក្រនេះ បញ្ជាក់ថា ជារៀងរាល់ឆ្នាំ មនុស្សជិត ២៦០ លាននាក់ នៅជុំវិញពិភពលោករស់នៅជាមួយជំងឺរលាកថ្លើមប្រភេទបេ ហើយមនុស្សប្រហែល ៨ លាននាក់ស្លាប់ដោយសារជំងឺថ្លើមប្រភេទបេ៕