en     km
en     km

ក្រសួងការបរទេស៖កម្ពុជាត្រូវបានជ្រើសតាំងជាអនុប្រធានមហាសន្និបាត​របស់UN

Share

ភ្នំពេញ៖ព្រះរាជាណាចក្រកម្ពុជា និងប្រទេសចំនួន ១៥ផ្សេងទៀត មកពីប្រទេសតំបន់ផ្សេងៗត្រូវបានជ្រើសតាំងឲ្យធ្វើជាអនុប្រធានរួមជាមួយប្រទេសសមាជិកអចិន្រ្ដៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិនៃសម័យប្រជុំលើកទី ៧៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិសំរាប់អាណត្តិពីខែ កញ្ញា ឆ្នាំ២០១៨ ដល់ ខែកញ្ញាឆ្នាំ២០១៩ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិកម្ពុជាការប្រជុំជ្រើសរើសនេះធ្វើឡើងនៅឯសាលមហាសន្និបាតនៃទីស្នាក់ការអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៨។

តាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨ បេក្ខភាពក្រកម្ពុជា និងប្រទេសចំនួនបួនផ្សេងទៀតទទួលបានការគាំទ្រជាផ្លូវការដោយប្រទេសនៃក្រុមតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីធ្វើជាអនុប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទទី៧៣។

យោងតាមសេចក្ដីប្រកាសព័ត៌មាននេះ គឺក្នុងឋានៈជាអនុប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិ កម្ពុជាអាចមានឱកាសដឹកនាំកិច្ចប្រជុំរបស់មហាសន្និបាត ជំនួសមុខប្រធាន និងតាមសំណើរបស់ប្រធាន។

ជាងនេះកម្ពុជាក៏នឹងក្លាយជាសមាជិកនៃគណៈកម្មាធិការទូទៅដែលមានមុខងារដូចជាពិនិត្យរបៀបវារៈបណ្ដោះអាសន្ន និងបញ្ជីបន្ថែមចំនុចពិភាក្សាផ្ដល់អនុសាសន៍ដល់មហាសន្និបាត និងជួយដល់ប្រធាននិងមហាសន្និបាតក្នុងការរៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំពេញអង្គនីមួយៗ ហើយនិងក្នុងការងារទូទៅរបស់មហាសន្និបាត។ តែបែបនេះក្ដី កម្ពុជាធ្លាប់បានជ្រើសតាំងលើកដំបូងជាអនុប្រធាននៃសម័យប្រជុំមហាសន្និ​បាតអង្គការសហប្រជាជាតិលើកទី៥៦ អាណត្តិឆ្នាំ ២០០១-២០០២។ តែនៅ ឆ្នាំ២០១២ កម្ពុជាមានបំណងធ្វើជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប៉ុន្តែ មិនទទួលបានសំឡេងឆ្នោតគ្រប់គ្រាន់ឡើយពីសមាជិកមហាសន្និបាតដែលមាន ១៩៣ប្រទេស។

តាមទីភ្នាក់ងារសារព័ត៌មាន Reuters លោកស្រី Maria Fernanda Espinosa Garcesរដ្ឋមន្ត្រីការបរទេសនៃ ប្រទេសអេហ្វ័រឌ័រ ត្រូវបានមហាសន្និបាតជ្រើសតាំងជាប្រធានរៀបចំមហាសន្និបាតអង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ២០១៨និង២០១៩។

លោកស្រីបានឡើងជាប្រធានមហាសន្និបាតនេះ តាមរយៈការតែងតាំងបេក្ខជន ប្ដូរវេនប្រចាំតំបន់ ហើយសម្រាប់ឆ្នាំនេះ ត្រូវបានប្រគល់ទៅអោយប្រទេសមកពីអាមេរិកឡាទីនជាអ្នកផ្គូរផ្គង សមាសភាពតំបន់របស់ខ្លួន៕

Share

ព័ត៌មានទាក់ទង

Image