en     km
en     km

រដ្ឋមន្ត្រីពាណិជ្ជកម្មទទូចថាពលរដ្ឋមិនត្រូវនិយមផលិតផលបរទេស

Share

ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ប្រជាជនខ្មែរទាំងអស់ត្រូវកាត់បន្ថយការប្រើប្រាស់ផលិតផលបរទេស ដោយនាំគ្នាជួយទ្រ ទ្រង់ផលិតផលក្នុងស្រុកឱ្យខ្លាំង។ នេះបើតាមការថ្លែងរបស់លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី ០៧ ខែមិថុនា នៅក្នុងព្រឹត្តិការណ៍យុទ្ធនាការទិញផលិតផលខ្មែរលើកទី៣ នៅក្រុងសិរីសោភ័ណ។

នៅក្នុងព្រឹត្តិការណ៍នេះ លោក ប៉ាន សូរស័ក្តិ បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ឱ្យជួយគាំទ្រនិរន្តរភាពនៃផលិតផលខ្មែរឱ្យបានខ្លាំង ដោយកាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូលពីបរទេស ដើម្បីជាការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតឱកាសការងារ និងប្រាក់ចំណូលកាន់តែច្រើនជូនប្រជាជន និងប្រទេសជាតិ។

ជាមួយគ្នានេះដែរ លោកក៏បានសំណូមពរដល់ផលិតករ និងសហគ្រិនក្នុងស្រុក ត្រូវខិតខំប្រឹងប្រែងពង្រឹងគុណភាពលើផលិតផលរបស់ខ្លួនស្របតាមបទដ្ឋានស្តង់ដារអន្តរជាតិ ទាំងការវេចខ្ចប់ ការដាក់ម៉ាក និងការធ្វើយុទ្ធសាស្ត្រទីផ្សារផងដែរ។

សូមបញ្ជាក់ផងដែរថា ក្រសួងពាណិជ្ជកម្មបានរៀបចំព្រឹត្តិការណ៍នេះ៣ហើយ ដោយកាលពីលើកទី១ ធ្វើនៅខេត្តចំនួន ៤ រួមមាន ខេត្តសៀមរាប កំពង់ចាម ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ហើយលើកទី២ ធ្វើនៅខេត្តចំនួន ៥ រួមមាន ខេត្តស្ទឹងត្រែង បាត់ដំបង ស្វាយរៀង រាជធានីភ្នំពេញ និងខេត្តកែប។ ដោយឡែកលើកទី៣ ឆ្នាំ២០១៨នេះ ធ្វើនៅរាជធានី-ខេត្តចំនួន ៦ មានដូចជា ខេត្តបន្ទាយមានជ័យ កណ្តាល កំពង់ឆ្នាំង ព្រៃវែង កោះកុង និងរាជធានីភ្នំពេញ ធ្វើជាកន្លែងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ៕

 

Share

ព័ត៌មានទាក់ទង

Image