en     km
en     km

ICC អង្គរ ៖ ការងារថែរក្សានិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរកាន់តែទទួលបានជោគជ័យ

Share

ភ្នំពេញ៖គណៈកម្មការអាយស៊ីស៊ីអង្គរបានបង្ហាញមោទនភាពចំពោះ ការរីកចម្រើននូវសមត្ថភាពរបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរា ជាពិសេសភាពម្ចាស់ការក្នុងការដឹកនាំអនុវត្ត្តនូវគម្រោងជាច្រើនក្នុងរមណីយដ្ឋានទាំងការងារស្រាវជ្រាវ ការងារអភិរក្សជួសជុល និងការងារអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់រមណីយដ្ឋានអង្គរ។

លោក រឿន រឹទ្ធី ជូនសេចក្ដីរាយការណ៍!

ថ្លែងនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការអាយស៊ីស៊ីអង្គរ លើកទី៣០ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨សហប្រធានបារាំងនៃកិច្ចប្រជុំ ICC អង្គរ លោក Guillaume NARJOLLET បានបង្ហាញពីភាពរីករាយចំពោះការខិតខំប្រឹងប្រែងរបស់អ្នកជំនាញការជាតិ និងអន្ដរជាតិ ដែលធ្វើឱ្យរមណីយដ្ឋានអង្គរមានភាពលេចធ្លោមកដល់សព្វថ្ងៃ។ នេះបើតាមការចុះផ្សាយរប​ស់អាជ្ញាធរជាតិអប្សារា។

លោក Guillaume NARJOLLET បានពន្យល់បន្ដថា ICC អង្គរ ទទួលបានជោគជ័យយ៉ាងខ្លាំងជាបន្ដបន្ទាប់នៅក្នុងរមណីយដ្ឋានអង្គរតាំងពីឆ្នាំ១៩៩៣មក ធ្វើឱ្យរមណីយដ្ឋានអង្គរប្រែក្លាយពីសម្បត្តិបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ ក្លាយជាសម្បត្តិបេតិកភណ្ឌមួយដ៏ពេញលេញ និងជាគោលដៅទេសចរណ៍ដ៏លេចធ្លោក្នុងពិភពលោក ហើយភ្ញៀវទេសចរមានការកើនឡើងជារៀងរាល់ឆ្នាំ។

ទន្ទឹមនឹងការអបអរសាទរនេះ លោកក៏បានរំលឹកដែរថា ការរីករាយជាមួយនឹងភាពជោគជ័យនឹងអាចនាំឱ្យយើងបរាជ័យដែរ បើយើងធ្វេសប្រហែលនៅចំណុចណាមួយនៅក្នុងតំបន់អង្គរ។ប៉ុន្តែកំណើននេះក៏ជាការគំរាមកំហែងដល់អង្គរដែរ ដូច្នេះយើងមិនត្រូវរីករាយជាមួយនឹងភាពជោគជ័យនេះទេ  យើងត្រូវផ្តោតសំខាន់នូវការរៀបចំគោលនយោបាយនិងអនុវត្តនូវវិធានការផ្សេងៗដែលអាចឲ្យយើងធានាបាននូវតុល្យភាពរវាងកំណើនវិស័យទេសចរណ៍និងកិច្ចការអភិរក្សផងដែរ។

ក្រោយបញ្ចប់កិច្ចប្រជុំនេះដែរ លោកស្រី ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរាបានឱ្យដឹងដែរថា៖«ច៎ានឹងទាក់ទងជាមួយនិងសកម្មភាពអភិរក្ស និងអភិវឌ្ឍន៍ហើយ ហើយយើងដឹងហើយអនុសាសន៍របស់ប្រមុខរដ្ឋាភិបាល យើងអភិរក្សខ្លាំងពេកអត់អភិវឌ្ឍន៍ក៏អត់កើត អត់មានអីមកអភិរក្សវិញក៏អត់កើត ហើយបើយើងអភិវឌ្ឍន៍ខ្លាំងពេក បាត់អភិរក្សដែលជាកិច្ចការរបស់ដូនតាក៏ជារឿងមិនស្រួលដែរ…»។

សូម​ជម្រាបដែរថា រមណីយដ្ឋានអង្គរត្រូវបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ គិតមកដល់​អស់រយៈពេល ២៥ឆ្នាំមកហើយ ដែលរយៈពេល ២៥ឆ្នាំនេះ ពិភពលោកទាំងមូលមានភាពរំជើបរំជួលចំពោះសំណង់ស្ថាបត្យកម្មនៃប្រាសាទអង្គរវត្ត ៕

Share

ព័ត៌មានទាក់ទង

Image