en     km
en     km

គ្រាប់​យុទ្ធភណ្ឌ​ ២១​គ្រាប់​ ត្រូវ​រក​ឃើញ​នៅ​ស្រុក​ជ័យ​សែន​ ខេត្ដព្រះវិហារ​

Share

​ភ្នំពេញ​ ៖​ គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​ ២១​គ្រាប់​ ដែល​នៅ​មានគុណ​ភាព​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ ត្រូវ​បាន​អង្គការ​ដោះ​មីន​កម្ពុជា​ ដោះ​យក​ទៅ​កម្ទេច​ចោល​កាលពី​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ម្សិលមិញ​ បន្ទាប់​ពី​ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​។​ នេះ​បើ​យោង​តាម​អធិការរង​ស្រុក​ជ័យ​សែន​ ដែល​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​០៦​ ខែមិថុនា​ នេះ​។​

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

​តាម​ការ​បញ្ជាក់​ពី​លោក​ មាស​ សិទ្ធ​ អធិការរង​ស្រុក​ជ័យ​សែន​ ខេត្ដព្រះវិហារ​ មាន​ប្រសាសន៍​ថា​ គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំង​ ២១​គ្រាប់​ នេះ​ ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​កាន់​សមត្ថកិច្ច​តាំងពី​ខែឧសភា​ម្លេះ​។​ លោក​អធិការរង​បន្ដ​ថា​ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នេះ​ ខណៈ​ពួក​គេ​កំពុង​ភ្ជួរស្រែ​។​ ក្រោយ​ពី​ការ​រាយការណ៍​ សមត្ថកិច្ច​ក៏​បាន​ទៅ​ដាក់​សញ្ញា​ហាមឃាត់​នៅ​កន្លែង​នោះ​ភ្លាមៗ​ផង​ដែរ​។​ បន្ទាប់​ពី​ការ​ដាក់​សញ្ញា​ហាមឃាត់​នេះ​ រហូត​ដល់​ថ្ងៃ​ទី​០៥​ ខែមិថុនា​នេះ​ ទើប​អង្គការ​ដោះ​មីន​កម្ពុជា​ ចុះ​មក​ដោះ​យក​គ្រាប់​ទាំងនោះ​ទៅ​កម្ទេច​ចោល​។​

​យ៉ាងណា​ការ​រក​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នេះ​ មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ​ ចាប់ពី​ ឆ្នាំ​២០១៦​ ប្រជាពលរដ្ឋ​ក៏​បាន​ប្រទះ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​មួយ​ចំនួន​ផង​ដែរ​ ខណៈ​ពួក​គាត់​កំពុង​ភ្ជួ​ស្រែ​។​ ចំពោះ​ករណី​ការ​រក​ឃើញ​នេះ​ លោក​អធិការរង​បញ្ជាក់​ថា​ ស្រែ​ដែល​មាន​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំង​ ២១​គ្រាប់​នេះ​ គឺជា​ស្រែ​ដែល​ពលរដ្ឋ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ ៖«​ស្រែ​គាត់​ភ្ជួរ​ហ្នឹង​ គឺ​ធ្វើ​រាល់​ឆ្នាំ​ទេ​ប៉ុន្មាន​ឆ្នាំ​ហើយ​។​ ប៉ុន្ដែ​គ្រាប់​ហ្នឹង​ពលរដ្ឋ​ភ្ជួរ​ប៉ះ​រាល់​ឆ្នាំ​។​ បាទ​ឆ្នាំទៅ​ ភ្ជួរ​ប៉ះ​ទៅ​ប្រាប់​ខាង​ទា​ហ៊ាន​ ទាន​ហ៊ាន​ទៅ​យក​បាន​ ២០​គ្រាប់​ ហើយ​ឆ្នាំទៅ​មួយ​នោះ​ ភ្ជួរ​ប៉ះ​ទៅ​ខាង​ស៊ី​ម៉ាក់​គេ​ទៅ​បាន​ ៨០​គ្រាប់​»​។​

​លោក​ មាស​ សិទ្ធ​ បាន​បន្ថែម​ទៀត​ថា​ គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​តែងតែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ជា​ញឹកញាប់​ ព្រោះ​តំបន់​ក្នុងស្រុក​ជ័យ​សែន​នេះ​ គឺជា​កន្លែង​ដែល​ពួក​ខ្មែរក្រហម​លាក់​អាវុធ​ និង​គ្រាប់​យុទ្ធភណ្ឌ​ជា​ច្រើន​ប្រភេទ​។​ គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំង​ ២១​គ្រាប់​នេះ​ មាន​ប្រភេទ​គ្រាប់​ DK82​ ចំនួន​ ៥​គ្រាប់​ និង​គ្រាប់​ប្រភេទ​ ៨២​ ចំនួន​ ១៦​គ្រាប់​។​

​លោក​អធិការរង​ស្រុក​ជ័យ​សែន​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ថា​ ប្រសិនបើ​បានឃើញ​គ្រាប់​យុទ្ធភណ្ឌ​ផ្សេង​ សូមកុំ​ប៉ះពាល់​ ឬ​ក៏​យក​ទៅ​កែ​ច្នៃ​អ្វី​ទាំងអស់​ ព្រោះ​គ្រាប់​ទាំងនោះ​អាច​នឹង​បង្ក​គ្រោះថ្នាក់​។​ បន្ថែម​ពី​នេះ​ ពលរដ្ឋ​ត្រូវ​តែ​ដាក់​ស្លាក​សញ្ញា​សម្គាល់​ ដើម្បី​បង្កា​អ្នក​ផ្សេង​ចូល​ទៅ​កន្លែង​នោះ​។​

​សូម​ជម្រាប​ថា​ បើ​យោង​តាម​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា​ CMAC​ ផ្ទៃដី​ប្រទេស​កម្ពុជា​ ដែល​មាន​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ មាន​ប្រមាណ​ជិត​ ២០០០​គីឡូម៉ែត្រ​ក្រឡា​។​ ក្នុង​ឆ្នាំ​២០១៧​ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ បាន​បញ្ជាក់​ថា​ អង្គភាព​ខ្លួន​បាន​បោសសម្អាត​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​លើ​ផ្ទៃដី​បាន​ ៨​ពាន់​ ៦៣៦​ហិច​តា​ ក្នុង​នោះ​ គឺ​បាន​កម្ទេច​ចោល​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ គ្រប់​ប្រភេទ​បាន​ចំនួន​ ៣​ម៉ឺន​ ៧​ពាន់​ ៤៤៨​គ្រាប់​៕

Share

ព័ត៌មានទាក់ទង

Image