en     km
en     km

ចិន​ គ្រោង​បើក​សាកលវិទ្យាល័យ​ពហុបច្ចេកទេស​នៅ​កម្ពុជា​

Share

​ភ្នំពេញ​ ៖​ ចិន​ គ្រោង​បង្កើត​សាកលវិទ្យាល័យ​ពហុបច្ចេកទេស​កម្ពុជា​-​ចិន​ នៅ​កម្ពុជា​ ដើម្បី​បណ្ដុះបណ្ដាល​ធនធានមនុស្ស​នៅ​កម្ពុជា​។​ ទាក់ទិន​គម្រោង​នេះ​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ បញ្ជាក់​ថា​ កម្ពុជា​ នឹង​គាំទ្រ​ ហើយ​រំពឹង​ថា​ សាកលវិទ្យាល័យ​នេះ​ នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

​គណៈប្រតិភូ​ នៃ​សាកលវិទ្យាល័យ​ពហុបច្ចេកទេស​ធាន​ជី​ង​ របស់​ប្រទេស​ចិន​ នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ ខែមិថុនា​នេះ​ បាន​ជួប​ជាមួយ​រដ្ឋមន្ដ្រីក្រសួង​ការងារ​ ដើម្បី​ស្វែង​យល់​ពី​តម្រូវការ​លើ​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ និង​កិច្ច​សហប្រតិបត្ដិការ​ជាមួយ​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា​ ក្នុង​ការ​បង្កើត​សាកលវិទ្យាល័យ​ពហុបច្ចេកទេស​កម្ពុជា​-​ចិន​។​

​ក្រោយ​បញ្ចប់​ជំនួប​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ និង​បណ្ដុះ​វិជ្ជាជីវៈ​ លោក​ អ៊ិ​ត​ សំ​ហេង​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ នេះ​គឺជា​ជំនួប​រវាង​លោក​និង​នាយក​សាកលវិទ្យាល័យ​ធាន​ជី​ង​ ដែល​ជា​សាកលវិទ្យាល័យ​ដ៏​ធំ​មួយ​របស់​ប្រទេស​ចិន​។​
​ជំនួប​នេះ​ គឺ​ក្នុង​គោលបំណង​ពិភាក្សា​ ពី​គម្រោង​បង្កើត​សាកលវិទ្យាល័យ​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នា​ពេល​ខាង​មុខ​ ៖«​អ​ញ្ចឹ​ង​បន្ទាប់​ពី​ផ្លាស់​ប្ដូរ​យោបល់​ទៅ​ ភាគី​ចិន​ គឺ​ពិតជា​មានការ​ចាប់អារម្មណ៍​ ហើយ​ប្រហែលជា​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ OCIC​ របស់​ឧ​ញ៉ា​ ពុង​ ខៀវ​សែ​ និង​សមាគម​ចិន​ដើម្បី​បង្កើត​សាកលវិទ្យាល័យ​មួយ​នៅ​ឯ​តំបន់​ជ្រោយចង្វា​ ហើយ​ជា​សាកលវិទ្យាល័យ​ដ៏​ធំ​មួយ​។​ ខ្ញុំ​គិត​ថា​ សាកលវិទ្យាល័យ​នេះ​ និង​រួម​វិភាគទាន​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​របស់​យើង​»​។​

សាកលវិទ្យាល័យ​នេះ​ នឹង​បណ្ដុះបណ្ដាល​កម្រិត​ថ្នាក់បណ្ឌិត​ អនុ​បណ្ឌិត​ និង​ថ្នាក់បរិញ្ញាប័ត្រ​ ផ្សេងៗ​ផង​ដែរ​។​ ចំពោះ​ការ​បង្រៀន​នឹង​ត្រូវ​ប្រើប្រាស់​ភាសា​ ខ្មែរ​ ភាសា​ចិន​ និង​ភាសា​ដទៃ​ទៀត​។​ លោក​រដ្ឋមន្ដ្រីក្រសួង​ការងារ​បញ្ជាក់​ថា​ ភាគី​ចិន​ និង​កម្ពុជា​ មាន​បំណង​ជំរុញ​គម្រោង​នេះ​ឲ្យ​ចេញ​ជា​រូបរាង​នៅ​ក្នុង​ខួប​ទី​ ៦៥​ នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន​។​

​លោក​ អ៊ិ​ត​ សំ​ហេង​ បន្ថែម​ទៀត​ថា​ ក្រសួង​ការងារ​មានការ​គាំទ្រ​ ហើយ​អនុញ្ញាតិ​ឲ្យ​សាកលវិទ្យាល័យ​នេះ​ ស្វែងរក​ដៃគូ​ ដើម្បី​រៀបចំ​ពី​ការ​បណ្ដុះបណ្ដាល​របស់​ខ្លួន​។​

​ចិន​ គឺជា​ប្រទេស​មួយ​ដែល​កម្ពុជា​ ចាត់​ទុក​ថា​ ជា​មិត្ដ​ដ៏​ល្អ​ដែល​មិន​អាច​ខ្វះ​បាន​ ក្នុង​ការ​អភិវឌ្ឍ​ និង​ការ​វិនិយោគ​ផ្សេងៗ​។​ ប្រទេស​ចិន​ តែងតែ​ផ្ដល់​ជំនួយ​ឥត​សំណង​ ឥត​លក្ខខណ្ឌ​ជា​ច្រើន​ដល់​កម្ពុជា​ រួម​ផ្សំ​និង​អ្នក​វិនិយោគ​ ក៏​ដូច​ជា​ពលរដ្ឋ​ចិន​ បាន​នាំ​គ្នា​មក​រកស៊ី​នៅ​កម្ពុជា​ ក៏​កាន់តែ​មាន​ចំនួន​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។​ វត្ដមាន​ច្រើន​ឡើង​នៃ​ជនជាតិ​ចិន​នេះ​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ អះអាង​ថា​ ជា​រឿង​ល្អ​ ព្រោះ​ជា​កំណើនសេដ្ឋកិច្ច​។​ ចិន​ជា​ប្រទេស​ផ្ដល់​ជំនួយ​និង​ប្រាក់​កម្ចី​ដ៏​ធំ​ ដល់​កម្ពុជា​។​ តាម​រយៈ​នេះ​ វិនិយោគ​ចិន​កាន់តែ​ច្រើន​ឡើង​មក​កម្ពុជា​ ស្រប​ពេល​កំណើន​ទេសចរណ៍​ចិន​ មក​កាន់​កម្ពុជា​ជាង​ ២​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​៕

Share

ព័ត៌មានទាក់ទង

Image